ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះ ១កន្លែង ខណៈដែលម្ចាស់មិននៅ លុះគាប់ជួនម្ចាស់ផ្ទះត្រឡប់មកវិញ ប្រទះឃើញផ្ទាល់ភ្នែក ទូរស័ព្ទប្តឹងសមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ វាយខ្នោះបាននៅក្នុងផ្ទះ និងអះអាងថា បានបាត់គ្រឿងអលង្ការមួយចំនួន តែជនសង្ស័យប្រកែកថា លួចមិនបានអ្វីសោះ ព្រោះម្ចាស់ផ្ទះមកទាន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកហូរកើត (១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះចំរើន ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមេជាងសំណង់ មានលំនៅ ភូមិព្រែកហូរកើត (១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យមានឈ្មោះឡេន វុទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលរកា ឃុំកំពុងត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ចំពោះវត្ថុតាងចាប់យក មេសោសូឡិច ១ (ជារបស់ជនរងគ្រោះ) ទួរណឺវីស ចំនួន៣ (ជារបស់ជនសង្ស័យ) កូនផ្លែកាំបិត ចំនួន៣ (ជារបស់ជនរងគ្រោះ) និងប្រអប់ដាក់ផ្លែកូនកាំបិត ចំនួន២ (ជារបស់ជនសង្ស័យ)។
ចំណែកសម្ភារៈម្ចាស់ផ្ទះ ដែលបាត់បង់ រួមមាន ខ្សែកធ្វើពីលោហធាតុពណ៌ទឹកប្រាក់ ១ខ្សែ បន្តោងខ្សែករូបព្រះ ធ្វើពីលោហធាតុពណ៌ទង់ដែង១ បន្តោងខ្សែកចែជ្រូកព្រៃ ស្រោបលោហធាតុពណ៌ទង់ដែង ចំនួន៤ និងសម្លៀក បំពាក់ មួយចំនួន។

តាមសម្តីជនរងគ្រោះជាម្ចាស់ផ្ទះ បានបំភ្លឺថា នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ រូបគាត់បានបិទទ្វារ ចាក់សោផ្ទះ យ៉ាងត្រឹមត្រូវ រួចចេញទៅធ្វើការ នៅសង្កាត់ព្រែកកំពឹស លុះដល់វេលាម៉ោង ១១និង៣០នាទី ថ្ងៃដដែល បានត្រឡប់មកពីធ្វើការងារវិញ ដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះបានបាត់កូនសោ ហើយយកដៃទៅរុញទ្វារ តែត្រូវបានជាប់គន្លឹះខាងក្នុង ភ្លាមនោះ ខ្លួនបានទៅបើកបង្អួចខាងក្រោយផ្ទះមើល ក៏ឃើញជនសង្ស័យកំពុងតែរើខោអាវនិងអីវ៉ាន់នៅក្នុងផ្ទះ ទើបខ្លួនបានយកមេសោសូឡិច ដែលជនសង្ស័យបោះចោលនៅជិតនោះ យកមកខ្ទាស់គន្លឹះទ្វារខាងក្រៅ និងបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរ ឱ្យចុះមកអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះប្រាកដមែន តែបដិសេដថា ខ្លួនមិនបានលួចយកសម្ភារៈដែលបានបាត់បង់ដូចម្ចាស់ផ្ទះបានរៀប រាប់ខាងលើនោះទេ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕