Friday, October 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខាំរបួស៤នាក់ វ៉ៃងាប់៣  ចចក ១ក្បាលទៀត រត់ចូលភូមិ

ខាំរបួស៤នាក់ វ៉ៃងាប់៣  ចចក ១ក្បាលទៀត រត់ចូលភូមិ

ខេត្តបាត់ដំបង ៖  បន្ទាប់ពីមានសត្វចចក ចំនួន៣ក្បាល ត្រូវបានអ្នកភូមិអះអាងថា បានបែកហ្វូង រត់ចេញពីព្រៃ ដោយសារទឹកឡើងខ្លាំង បាត់បង់ទីជម្រកនៅតំបន់ព្រៃរនាម ជាប់បឹងទន្លេសាប បានចូលក្នុងភូមិមួយចំនួន ក្នុងភូមិសាស្ត្រស្រុកមោងប្ញស្សី ហើយខាំអ្នកភូមិ ចំនួន៤នាក់ បណ្តាលឱ្យរងរបួសមក ប្រជាពលរដ្ឋបានប្រទះឃើ ញសត្វចចក មួយក្បាលទៀត បានដើរក្នុងស្រុកមោងឫស្សី នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋ អ្នកភូមិ និងកម្លាំងប្រជាការពារ បានឲ្យដឹងថា បន្ទាប់ពីពួកគាត់បានដេញវាយសម្លាប់សត្វចចក ងាប់អស់ ៣ក្បាល  បន្ទាប់ពីវាបានដេញខាំមនុស្ស របួស ចំនួន៤នាក់  នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មក លុះមកដល់ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ បាននាំគ្នាដេញវាយសត្វចចក ងាប់អស់ ១ក្បាលទៀត នៅពេលប្រទះឃើញវាកំពុងដេញខាំសត្វឆ្កែចិញ្ចឹមរបស់អ្នកភូមិ នៅក្នុងភូមិទូលតាថុន ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ប៉ុន្តែពួកគាត់ជឿជាក់ថា នៅមានសត្វចចក ច្រើនក្បាលទៀត ដែលកំពុងចូលអុកឡុកក្នុងភូមិមួយចំនួន ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រោះកាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ពួកគាត់បានប្រទះឃើញសត្វចចក ១ក្បាលទៀត បានដើរក្នុងភូមិរបស់ពួកគាត់ ក្នុងស្រុកមោងឫស្សី។   

លោកក្រេន សាមាន មេភូមិទូលតាថុន បានបញ្ជាក់ប្រាប់ថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក រួមជាមួយកម្លាំងប្រជាការពារ បានដេញវាយសត្វព្រៃ ១ក្បាល រហូតដល់ងាប់ ខណៈពេលដែលវាកំពុងដេញខាំសត្វឆ្កែអ្នកភូមិ។ ប៉ុន្តែលោកមេភូមិ អះអាងថា លោកស្គាល់ភិនភាគច្បាស់ មិនមែនជាសត្វចចក ទេ វាជាសត្វស្វាន ដែលមានរូបរាងស្រដៀងចចក ឬសត្វឆ្កែស្រុកដែរ។ សត្វទាំង២ប្រភេទនេះ សត្វស្វាន មានរាងនិងមាឌធំជាងសត្វចចក ហើយសត្វស្វាន មានសម្បុរត្នោត រីឯសត្វចចក មានសម្បុរក្រហម  ហើយសត្វស្វាន មានចរិតកាចសាហាវជាងសត្វចចក វាមិនខ្លាចសត្វឆ្កែក្នុងស្រុក ឬខ្លាចមនុស្សទេ ហេតុនេះហើយ ទើបវាដេញខាំមនុស្ស របួសប៉ុន្មាននាក់ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចំណែកប្រជាពលរដ្ឋដែលបានដេញវាយសត្វព្រៃនេះផ្ទាល់ បានប្រាប់ថា សត្វនេះ គឺជាសត្វចចក វាបានបង្ហាញខ្លួនស្ទើរគ្រប់កន្លែង នៅតាមបណ្តាភូមិមួយចំនួន ដែលស្ថិតនៅកៀកតំបន់ព្រៃរនាម ជាប់បឹងទន្លេសាប។ សត្វនេះ បានចូលក្នុងភូមិ ហើយដេញខាំមនុស្ស និងដេញខាំឆ្កែក្នុងស្រុក រត់ពេញភូមិ មិនហ៊ានតបតនឹងវាទេ។ បើពិនិត្យសកម្មភាពសត្វនេះ មានចរិតកាចសាហាវណាស់ ប្រទះអ្វី ខាំហ្នឹង។

ប្រជាពលរដ្ឋ បានបន្តថា  សត្វចចក នេះ ជាប្រភេទសត្វដែលធ្លាប់តែសំងំរស់នៅក្នុងតំបន់ព្រៃរនាម ជាប់បឹងទន្លេសាប តែពេលនេះ ស្ថានភាពទឹកទន្លេសាប ហក់ឡើងខ្លាំង ធ្វើឱ្យវាបាត់បង់ទីជម្រក ទើបពួកវារត់រកទីទួល រហូតចូលមកក្នុងភូមិអ្នកស្រុក ដេញខាំមនុស្ស និងសត្វចិញ្ចឹម បង្កចលាចលពេញស្រុកតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សត្វចចក ២ក្បាល បានរត់ចូលក្នុងភូមិពោធិ៍១ និងភូមិអូរគ្រៀត ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង និងដេញខាំមនុស្ស បណ្តាលឱ្យរបួស ចំនួន៤នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានស្ត្រី ចំនួន២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ មាន៣នាក់ រស់នៅភូមិពោធិ៍១ និងម្នាក់​ នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងប្ញស្សី ហើយក្រោយមក ត្រូបានវអ្នកភូមិព្រូតគ្នាដេញវាយសម្លាប់តែម្តង។

លោកមេភូមិទូលតាថុន បានឱ្យដឹងបន្តថា បើតាមលោកទទួលបានព័ត៌មានបានពីប្រជាពលរដ្ឋ គឺមានភូមិ ចំនួន៣ គឺភូមិអង្គ្រង ភូមិដូនទ្រី និងភូមិទូលតាថុន ដែលមានភូមិសាស្ត្រជាប់តំបន់ព្រៃរនាមបឹងទន្លេសាប នៅក្នុងឃុំជ្រៃ  កំពុងប្រឈមនឹងសត្វចចក ចូលមក អុកឡុក ខណៈពួកវាបានបង្ហាញខ្លួនប្រហែល ១សប្តាហ៍កន្លងមកហើយ ស្របពេលទឹកទន្លេសាប កំពុងហក់ឡើងខ្លាំង។

លោកមេភូមិទូលតាថុន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារទាំងអស់ នៅក្នុងភូមិ បង្កើនការប្រុងប្រយ័ត្នជានិច្ច និងធ្វើការតាមដានជាប្រចាំ មិនថាយប់ឬថ្ងៃ ដើម្បតាមឃ្លាំមើលហ្វូងសត្វកាចសាហាវនេះ  ព្រោះបើតាមលោកដឹង ហ្វូងសត្វនេះ ច្រើនក្បាលណាស់ កំពុងគេចចេញពីក្នុងព្រៃរនាម ដែលលិចទឹក រត់រកទីទួល ដើម្បីជ្រកកោន។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកភូមិ បានដេញវាយសម្លាប់សត្វឆ្កែចចក (ខ្លះថា សត្វស្វាន) នេះ អស់ចំនួន ៣ក្បាលហើយ បន្ទាប់ពីសត្វព្រៃនេះ បានរត់ចូលក្នុងភូមិ ខាំអ្នកភូមិ ចំនួន៤នាក់ បណ្តាលឱ្យរងរបួស ជាបន្តបន្ទាប់។

ទោះបីជាយ៉ាងណា យោងតាមគណនីហ្វេសប៊ុក ឈ្មោះ « Phearun Birds» បានអះអាងថា សត្វដែលចូលភូមិ ត្រូវប្រជាពលរដ្ឋវាយងាប់នោះ គឺជាសត្វចចក (Golden Jackal) ដែលវាចូលចិត្តរស់នៅតាមតំបន់ទំនាបនិងព្រៃលិចទឹក តែប្រហែលដោយសារតែស្ថានភាពទឹកជំនន់កើនឡើងខ្លាំង បានជាពួកវាបម្លាស់ទីមកផ្នែកខាងលើ ដើម្បីរកទីទួលសុវត្ថិភាព។ ជាធម្មតាពួកវាមិនងាយនឹងវាយប្រហារមនុស្សឡើយ លុះត្រាតែពួកវាមានអារម្មណ៍ថា មិនមានសុវត្ថិភាព ឬត្រូវបានតាមយាយីដោយមនុស្ស ទើបវាប្រហារតបតវិញ។

ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបន្តថា ខ្មែរយើងកាន់សាសនាព្រះពុទ្ធ តែខ្វះក្តីមេត្តា ខ្វះបញ្ញាយល់ដឹងពីធម្មជាតិជុំវិញខ្លួន គឺតែងតែមានទស្សនៈមិនល្អ និងចូលចិត្តយាយីនិងសម្លាប់សត្វព្រៃ គ្រប់ប្រភេទ។ បើយើងផ្តល់ក្តីមេត្តា ឬផ្សាយក្តីមេត្តាតាមដូងចិត្តនិងកែវភ្នែក សត្វនឹងទទួលបានញាណនៃក្តីមេត្តានោះដែរ៕

RELATED ARTICLES