Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់មន្ត្រីប៉ូលិសជំនាញ ៦នាក់ លួចនាំថៃ ឆ្លងដែនចូលកម្ពុជា

ចាប់មន្ត្រីប៉ូលិសជំនាញ ៦នាក់ លួចនាំថៃ ឆ្លងដែនចូលកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលខេត្តជំនាញ វរៈការពារព្រំដែន ខេត្តបន្ទាយមានជ័យ ចំនួន៦នាក់ រួមទាំងមេបញ្ជាការរងវរៈសេនាតូច ត្រូវបានកម្លាំងយោធា សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមាន ជ័យ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចនាំជនជាតិថៃ ឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនមន្ត្រីប៉ូលិសទាំង៦នាក់ បានធ្វើឡើង កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោមការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥។

តាមប្រភពព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែន ខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោក អូរល្ហុង។ 

មន្ត្រីនគរបាល ទាំង៦នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ទី២-លោក វរសេនីយ៍ត្រី ព្រឹម ដែន តួនាទី មេបញ្ជាការរង វរៈសេនា តូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ទី៣-លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅងិក  តួនាទីមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង នៃវរសេនាតូច៨៩១។ ទី៤-លោកពលបាលត្រី ព្រឹម ឌុន តួនាទីមន្ត្រីវរសេនាតូច៨៩១។ ទី៥-លោកពល បាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រីវរៈសេនាតូច៨៩១។ ទី៦-លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រីវរៈសេនាតូច៨៩១ និងទី៧-ឈ្មោះង៉ិក មិថុនា តួនាទីចុងភៅ (មិនពាក់ព័ន្ធ)។ 

ប្រភពខាងលើ បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនរួច មន្ត្រីនគរបាល ទាំង៦នាក់ខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ ដោយឡែក ចុងភៅ គ្មានការពាក់ព័ន្ធទេ។ជុំវិញករណីខាងលើនេះ  មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES