Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ប្លន់៣ដង ជាប់ខ្នោះ១០នាក់

កាប់ប្លន់៣ដង ជាប់ខ្នោះ១០នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាកាប់ប្លន់ម៉ូតូ នៅពេលយប់ យ៉ាងសកម្ម ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ដោយធ្លាប់ធ្វើសកម្មភាពបានសម្រេច ចំនួន៣លើករួចមកហើយ ត្រូវបានកម្លាំងសមត្ថកិច្ចជំ នាញស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនសរុបចំនួន ១០នាក់ និងដកហូតម៉ូតូ ចំនួន៥គ្រឿង។

ប្រតិបត្តិការបង្ក្រាបក្រុមកាប់ប្លន់ម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយកើតមានករណីកាប់ប្លន់ម៉ូតូ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត កម្លាំងជំនាញបានទទួលបណ្តឹងពីជនរងគ្រោះ រួចចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១០នាក់ និងដកហូតម៉ូតូ ចំនួន៥គ្រឿង ព្រមទាំងវត្ថុតាង ដាវសាមូរ៉ៃ កាំបិតសាមូរ៉ៃ និងកាំបិតផ្គាក់ ចំនួន៣ដើម។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយការសាកសួរ ជន សង្ស័យទាំង១០នាក់ បានឆ្លើយសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ ចំនួន៣ករណី នៅក្រុងប៉ោយប៉ែត រួមមាន ករណី១-កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើសកម្មភាពនៅចំណុចការ៉ាសាំង ១កន្លែង ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយកាប់ប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ លេខតួ 6199104 ពាក់ស្លាកលេខ កំពង់ធំ 1R-8983។ ករណីទី២-កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើសកម្មភាពនៅចំណុចខាងស្តុបសាន់កូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយកាប់ប្លន់ម៉ូតូ បានចំនួន ២គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ លេខតួ 5516627 ពាក់ស្លាកលេខ បាត់ដំបង 1AG-7471 និងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ លេខតួ 5824262 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-0945) និងករណីទី៣-កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ធ្វើសកម្មភាពនៅចំណុចមណ្ឌល៨ ស្ថិតភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដោយកាប់ប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ លេខតួ 0260939 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AD-9744។

ជនសង្ស័យទាំង១០នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត  ដើម្បីអនុវត្តបន្តតាមនីតិវិធី។ ដោយឡែក ម៉ូតូទាំង៥គ្រឿង ដែលដកហូតបាន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីប្រគល់ជូនយកទៅប្រើប្រាស់វិញ៕

RELATED ARTICLES