ទីផ្សារការងារ៖ អាជ្ញាធរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបានឲ្យដឹងកាលពីម្សិលមិញនេះថាបរិមាណប្រជាជនហ្វីលីពីននៅទូទាំងប្រទេសដែលអត់ការងារធ្វើបានកើនឡើងក្នុងខែមករាដើមឆ្នាំ២០១៧ ក្រោយអំឡុងពេលខ្យល់ព្យុះទីហ្វុងបានបញ្ចប់ក្នុងឆ្នាំ២០១៦បណ្តាលឲ្យកសិករជាច្រើនបាត់បង់ការងារធ្វើ។
ក្នុងខែមករាឆ្នាំនេះអង្គភាពស្ទាបស្ទង់កម្លាំងពលកម្មរបស់អាជ្ញាធរស្ថិតិហ្វីលីពីនបានឲ្យដឹងថាអត្រាអត់ការងារធ្វើនៅទូទាំងប្រទេសបានកើនឡើងដល់កម្រិត៦,៦%ពីតួលេខចាស់ដែលបានចុះបញ្ជីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ក្នុងអត្រា៥,៧% ។
អត្រាការងារបានថមថយមកនៅកម្រិត៩៣,៤%ក្នុងខែមករាឆ្នាំ២០១៧ធៀបនឹងបរិមាណ៩៤,៣%កាលពីឆ្នាំចាស់។ តួលេខនេះបាននាំមកនូវពលរដ្ឋហ្វីលីពីនដែលធ្វើការក្រៅម៉ោងនិងពេញម៉ោងចំនួន៣៩,៣លាននាក់ ។
លេខាធិការទទួលបន្ទុកផែនការណ៍សេដ្ឋកិច្ចលោក Ernesto Pernia បានថ្លែងថាយើងបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះការបាត់បង់ការាងារក្នុងវិស័យកសិកម្មដែលរងផលប៉ះពាល់មួយផ្នែកធំដោយសារតែព្យុះទីហ្វុង Nina និងព្យុះ Auring ដែលបានវាយប្រហារប្រទេសរបស់យើងកាលពីខែធ្នូឆ្នាំ២០១៦និងខែមករាដើមឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថាវិស័យកសិកម្មគឺជាប្រភពដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីនដែលត្រូវបានបញ្ចូលជាគ្រោះផលិតការងារលំដាប់ទី៤នៃការងារសរុបទាំងអស់របស់ប្រទេសនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា