Tuesday, October 14, 2025
Homeតារាខ្មែរវ៉ាន់នីឡា ស្ដារមុខមាត់ឡើងវិញ

វ៉ាន់នីឡា ស្ដារមុខមាត់ឡើងវិញ

ភ្នំពេញ៖ វ៉ាន់នីឡា (Vanilla) បានលេចមុខធ្វើជា MC កម្មវិធី RAP STAR រដូវកាលទី១ របស់ផលិតកម្មបារមី ដោយចាប់ដៃជាមួយពិធីករ លោកជា សុវណ្ណារិទ្ធ ដែលនេះជាជំហានដំបូងរបស់នាង ក្នុងការធ្វើជាពិធីការិនី ។ យ៉ាងណា ប្អូនស្រីកវីនិពន្ធ លោកសុខ ជំនោរ រូបនេះ បានតាំងចិត្តថា នឹងព្យាយាមឲ្យអស់ពីសម្ថភាព ហើយធ្វើឲ្យអ្នកទៅមើលបានសប្បាយរីករាយ ។

វ៉ាន់នីឡា ថ្លែងថា «ខ្ញុំរំភើបខ្លាំងមែនទែន នៅពេលខ្ញុំដឹងថា ខ្ញុំក៏មានវត្តមានធ្វើជាពិធីការិនី កម្មវិធី The Next Level Rap star ដែលខ្ញុំមានឱកាសធ្វើការងារជាក្ដីស្រមៃរបស់ខ្ញុំម្ដងទៀត អ៊ីចឹងហើយអ្វីដែលខ្ញុំត្រូវធ្វើនៅ ពេលនេះ គឺខ្ញុំនឹងព្យាយាមឲ្យអស់ពីសម្ថភាព តាមអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីញ៉ាំងបរិយាកាសឲ្យសប្បាយ ឲ្យមានន័យ និងធ្វើឲ្យអ្នកទស្សនាផ្ទាល់ នៅស្ទូឌីយោ ទទួលបានបទពិសោធន៍ និងអនុស្សាវរីយ៍ និងភាពសប្បាយរីករាយ ពេលត្រឡប់ទៅផ្ទះវិញ»។

ការចាប់អាជីពថ្មីរបស់ សុខ ចិន្ដា ហៅវ៉ាន់នីឡា នាពេលនេះ ស្របពេលដែលអាជីពចម្រៀងរបស់នាង នៅ Galaxy ប្រឈមភាពស្ងៀមស្ងាត់ ហើយពេល ខ្លះគេឃើញនាងផលិតបទចម្រៀងចេញលើផេកផ្ទាល់ខ្លួនទៅវិញ។ ទោះជាយ៉ាងណា ការមានបងប្រុសដែលជាអ្នកនិពន្ធល្បីឈ្មោះ លោកសុខ ជំនោរ នោះ មានន័យថា ចិន្ដា នៅតែអាចវាយលុកទីផ្សារចម្រៀងពេលណាក៏បាន ប្រសិនបើលោកជំនោរ នៅតែដាក់ចិត្តជួយប្អូនស្រី ដូចមុន។ ប៉ុន្ដែការងាកទៅចាប់អាជីព MC របស់នាង ពេលនេះ បញ្ជាក់ថា នីឡា មិនត្រឹមតែចង់បន្ថែមអាជីពថ្មីនោះទេ តែនាងក៏ចង់ឲ្យទីផ្សាររបស់សិល្បៈរបស់ខ្លួន កាន់តែមានសកម្មភាពច្រើនផងដែរ បន្ទាប់ពីទីផ្សារចម្រៀងរបស់នាង ពេលនេះ មិនសូវលេចធ្លោដូចអំឡុងច្រៀងឲ្យផលិតកម្មភ្លេងរីខដ ។ ប៉ុន្តែតែកាលេចមុខរបស់នីឡា ក្នុងតំណែងជា MC នាពេលនេះ គឺនាងត្រូវប្រជែងភាពលេចធ្លោជាមួយពិធីការិនី ២ដួង ផ្សេងទៀត ក្នុងកម្មវិធីរ៉េប ចំពេលតំណាលគ្នាតែម្ដងនោះ គឺនាង Tey (តី) កម្មវិធី Combo Rapper  របស់ Galaxy និងនាងហ្វា ហ្វា (ស្រីយី) កម្មវិធី Rapper Fighter របស់Pnn ផងដែរ ។

វ៉ាន់នីឡា ល្បីបទ «មនុស្សបងធុញ វិលវិញបានទេ?» កាលនាងច្រៀងនៅហង្សមាស ឆ្នាំ២០១៤ ហើយពេលនោះ ដោយសារកំពុងឡើងកូដ ក៏ផ្ទុះរឿងអាស្រូវស្នេហាជាមួយលោកគុយ សិទ្ធិសក្ដិ ធ្វើឲ្យនាងធ្លាក់កូដវិញ ហើយកាលពីឆ្នាំ២០២១ នាងបង្ហាញសារមិនពេញចិត្តចំពោះអ្នកគាស់កកាយរឿងចាស់របស់នាងឡើងវិញ ដែលបញ្ហានោះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាងយ៉ាងខ្លាំង ។ ប៉ុន្ដែយ៉ាងណា ទស្សនិកជនសរសើរថា វ៉ាន់នីឡា នៅតែក្រោកឈរបានជាមួយអាជីពដែលនាងស្រលាញ់ «ក្រោយភ្លៀង មេឃស្រឡះ» និងឈោងចាប់អាជីព MC ដែលការងារថ្មីនេះ ជាការបន្ថែមនូវបទពិសោធ៍ថ្មីដល់នាង បើទោះជាអាជីពចម្រៀង នៅតែជាស្នូលសំខាន់របស់នីឡា ក៏ដោយ។          

ម្ចាស់ផលិតកម្មបារមី អ្នកនាងឡូរ៉ាម៉ម និងកញ្ញាវ៉ាន់នីឡា

ទាក់ទងរឿងចំណងស្នេហាថ្មី វ៉ាន់នីឡា បានបង្ហាញរូបកៀកកើយជាមួយប្រុសសង្ហាម្នាក់ កាលពីឆ្នាំ២០២១ តែក៏ស្ងាត់ទៅវិញ ហើយស្រាប់តែកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នាងបញ្ចេញរូបឱបរឹតជាមួយប្រុសស្អាតម្នាក់ និងអះអាងថា កំពុងតែមានសុភមង្គលទៀតផង។ យ៉ាងណា គ្មានដំណឹងថា នីឡា នឹងរៀបការនៅពេលណា ឡើយ ខណៈដែលគេឃើញនាងទៅដើរលេងនៅបរទេស ជាញឹកញាប់ដែរ មុនឆក់បានតំណែងធំ ជាពិធីការិនីលើកដំបូងក្នុងអាជីព ហើយថែមទាំងត្រូវថៅកែផលិតកម្មបារមី ទុកនាងថា ជាតារាសំដីផ្អែម និងជឿជាក់លើសមត្ថភាពរបស់នាងទៀតផង៕

កញ្ញាវ៉ាន់នីឡា និងបងប្រុសលោកសុខ ជំនោរ អ្នកនិពន្ធល្បីឈ្មោះ

RELATED ARTICLES