Thursday, October 16, 2025
Homeព័ត៌មានជាតិក្រសួងបរិស្ថាន បន្តរុះផ្ទះលម្ហែ សង់រំលោភឧទ្យានជាតិគិរីរម្យ

ក្រសួងបរិស្ថាន បន្តរុះផ្ទះលម្ហែ សង់រំលោភឧទ្យានជាតិគិរីរម្យ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់ វិធានការលើករណីការកាប់ គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិផលឈើ ដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ “គិរីរម្យ” នៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំង ដើម្បីចាត់វិធានការច្បាប់ មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលម្ហែ (បណ្តោយ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន១កន្លែង និងបន្ទប់ទឹក ចំនួន១កន្លែង ស្មើនឹង ៤បន្ទប់ (បណ្តោយ ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែក ចំនួន ចំនួន៤ផ្ទាំង (២ម៉ែត្រ៤០ គុណ ១ម៉ែត្រ៦០)។

ក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌ មាន ផ្តល់រូបភាព រាយការណ៍ អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក។

ក្នុងន័យនេះ ក្រសួងបរិស្ថាន បានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលក្នុងនោះសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តច្បាប់ ១០០ភាគរយ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើស។ ជាមួយគ្នានេះ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬរុករាន ឬឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្ប ញ្ញត្តិ ច្បាប់ជាធរមាន។

ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥៥ បានចែងស្តីពីការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច “ង” បានចែងពីការដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការ អនុញ្ញាត និងចំណុច “ឌ” ការបោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទ ដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោកឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មីក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង ស្ថាប័នទទួលបន្ទុកបរិស្ថាននិងធនធានធម្មជាតិ។ តំបន់ទាំងនោះ មានលក្ខណៈសំខាន់ទាំងផ្នែករូបសាស្ត្រ និងជីវសាស្ត្រ ដែលតម្រូវឱ្យមានការគ្រប់ គ្រងតាមច្បាប់ ក្នុងបំណងការពារនិងថែទាំជីវៈចម្រុះ ធនធានធម្មជាតិ និងធនធានវប្បធម៌ ហើយត្រូវបានគ្រប់ គ្រងប្រកបដោយនិរន្តរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គមនិងសេដ្ឋកិច្ច៕

RELATED ARTICLES