Friday, October 17, 2025
Homeព័ត៌មានជាតិក្រុមសម រង្ស៊ី ប្រជុំកំណត់យុទ្ធសាស្ត្រ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា

ក្រុមសម រង្ស៊ី ប្រជុំកំណត់យុទ្ធសាស្ត្រ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា

ភ្នំពេញ ៖  ពួកប្រឆាំង ក្រុមលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ ថ្មីៗនេះ បានជួបប្រជុំ ដើម្បីកំណត់យុទ្ធសាស្រ្តរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បន្ទាប់ពីបានប្រកាសសមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសនេះ និងប្រកាសថា នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ហើយសមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលឯករាជ្យ ២៣តុលា នេះ បានហៅលោក សម រង្ស៊ី ជានាយករដ្ឋមន្ត្រីថ្មីកម្ពុជា នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា នេះ ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោកសម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ និងលោកស្រី ជូឡុង សូមួរ៉ា ជាភរិយា បានធ្វើដំណើរចាកចេញពីប្រទេសបារាំង ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជុំសហការីរបស់លោក មួយចំនួន នៅទីនោះ ប្រជុំពិភាក្សាពីការកំណត់យុទ្ធសាស្រ្ត នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលនឹងត្រូវប្រកាសបង្កើតជាផ្លូវការ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។

សហការីជំនិតសំខាន់ៗដែលលោក សម រង្ស៊ី បានជួបនោះ រួមមាន ៖ លោកឡុង រី អតីតតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវទទួលតួនាទីជាប្រធានស្ថាប័នសន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា, លោកអេង ឆៃអ៊ាង អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ, លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវទទួលតួនាទីជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍, លោកនុត រំដួល អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងលោកស្រី មួរ សុខហួរ អតីតតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ព្រមទាំងសហការីមួយចំនួនទៀត ដែលជាមន្រ្តីក្រោមឱវាទ ដែលបានបង្ហាញការគោរពចំពោះលោកសម រង្ស៊ី និងបានហៅលោក​ជានាយករដ្ឋមន្រ្តីថ្មីកម្ពុជា នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ។

លោកអ៊ុំ សំអាន ជាសហការីលោក សម រង្ស៊ី ដែលជាសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានបង្ហោះរូបភាពនៃការជួបប្រជុំនេះ នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ភ្ជាប់ជាមួយសំណេរបញ្ជាក់ថា «ថ្ងៃនេះ នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ខ្ញុំបានជួបពិភាក្សាជាមួយលោក សម រង្ស៊ី ពីយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ក្នុងការការពារទឹកដី និងសង្រ្គោះជាតិខ្មែរ ឲ្យទាន់ពេលវេលា» ។

តាមរយៈគណនីនិងទំព័រហ្វេសប៊ុកដដែល នៅថ្ងៃដដែល លោក អ៊ុំ សំអាន បានបង្ហោះរូបភាពតែពីរនាក់លោកសម រង្ស៊ី ភ្ជាប់ជាមួយសំណេរថា “លោក សម រង្ស៉ី សួរសុខទុក្ខខ្ញុំ និងពិភាក្សាពីកិច្ចការជាតិ ជាពិសេសរឿងព្រំដែន ដែលមានជម្លោះជាមួយថៃ។ យើងក៏បានពិភាក្សាថា តើរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា គួរតែរៀបចំពាក្យបណ្តឹងរឿងជម្លោះព្រំដែនជាមួយថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឬទេ?” ។

បន្ថែមលើសំណេរខាងលើនេះ លោក អ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា លោកមិនអាចប្រាប់ពីយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលលោកនិងសហការីឯទៀត បានជួបប្រជុំជាមួយលោក សម រង្ស៊ី នោះបានទេ ព្រោះជារឿងសម្ងាត់ គ្រាន់តែបង្ហើបថា រឿងដែលចម្បង គឺមានមធ្យោបាយណាដែលអាចការពារទឹកដីកម្ពុជា ពីសំណាក់ប្រទេសថៃ? ហើយអ្វីដែលលោកចង់ប្រាប់ដែរ គឺលោក សម រង្ស៊ី ពិតជាមានសមត្ថភាពនិងលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជានាយករដ្ឋមន្រ្តី ទើបគ្រប់គ្នាចាប់ផ្ដើមហៅលោកជានាយករដ្ឋមន្រ្តីថ្មីកម្ពុជា នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំមិនអាចប្រាប់ពីយុទ្ធសាស្រ្តដែលយើងជួបប្រជុំនោះទេ គឺការជួបប្រជុំកំណត់យុទ្ធសាស្រ្តនេះ គឺជារឿងសម្ងាត់ គ្រាន់តែខ្ញុំឲ្យដឹងថា អ្វីដែលយើងផ្ដោតនោះ គឺយើងចង់ការពារទឹកដីរបស់យើងថា មានមធ្យោបាយណាដែលយើងអាចការពារទឹកដីយើង​ ពីសំណាក់ប្រទេសថៃ? គឺជារឿងចម្បង ហើយនិងបញ្ហាផ្សេងៗទៀត ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា អាហ្នឹងគឺជារឿងមួយទៀតផងដែរ ប៉ុន្តែបញ្ហាទឹកដី គឺជារឿងសំខាន់“ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “លោក​ សម រង្ស៊ី ពិតជាមានសមត្ថភាព ហើយមានប្រជាប្រិយភាព ស័ក្ដិសមធ្វើជានាយករដ្ឋមន្រ្តី ពិតមែនហ្នឹងឯង ។ ប្រសិនបើគ្មានការរំលាយគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧ នោះទេ លោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០១៨ នោះ មិនមែនលោកហ៊ុន ម៉ាណែត ដែលឡើងតាមជើងខោឪ ក្លាយជានាយករដ្ឋមន្រ្តី នោះទេ ។ ដូច្នេះយើងដឹងហើយ សមត្ថភាពលោក សម រង្ស៊ី ខាងផ្នែកសេដ្ឋកិច្ច គាត់ដឹកនាំតាំងពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហ្នឹង គឺគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​ រីកចម្រើន ។ ដូច្នេះគាត់ពិតជាស័ក្ដិសមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋ គេគាំទ្រគាត់ភាគច្រើន“ ។

ចំណែកលោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បញ្ចប់របបហ៊ុន សែន ដើម្បីការពារទឹកដី និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដើម្បីការពារទឹកដី និងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ដូច្នេះលោកអំពាវនាវប្រជាពលរដ្ឋ ត្រូវនាំគ្នាចូលរួមគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដើម្បីអនាគតជាតិ ។

លោក សម រង្ស៊ី បានថ្លែងតាមវីដេអូ បង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោកថា “ដរាបណាហ៊ុន សែន និងត្រកូលគាត់ នៅកាន់ អត់ផ្លូវទេ គាត់និយាយភូតភរ និយាយផ្ដេសផ្ដាសថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហ្នឹងចប់ហើយ អស់សុពលភាពហើយ មិនមែនទេ! នៅតែមានសុពលភាព ត្រូវតែមានរដ្ឋាភិបាលថ្មីមួយ រដ្ឋាភិបាលដែលតំណាងឲ្យឆន្ទៈប្រជារាស្រ្តខ្មែរពិតប្រាកដ ទាមទារនិងជំរុញឲ្យមានការអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ អ៊ីចឹងយើងមិនត្រូវបណ្ដោយឲ្យហ៊ុន សែន ធ្វើបាបយើង ជាពិសេសប្រជាពលរដ្ឋដៃទទេទេ ក្នុងកាលៈទេសៈនេះ កងកម្លាំងប្រដាប់អាវុធ ដែលមានអាវុធក្នុងដៃនោះ ដើម្បីការពារទឹកដីយើង ឲ្យបានត្រឹមត្រូវ ត្រូវជំរុញ បង្ខំឲ្យហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែបើហ៊ុន សែន នៅតែមិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទេ សុំឲ្យប្រជារាស្រ្តខ្មែរ ទាំងអស់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ បញ្ចប់របបហ៊ុន សែន ដើម្បីឲ្យប្រទេសកម្ពុជា មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ ការពារទឹកដីយើង ឲ្យបានគង់វង្ស ចៀសវាងការបង្ហូរឈាមរបស់ខ្មែរ ចៀសវាងសង្រ្គាម ហើយជាទីបញ្ចប់ យើងនឹងទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចតម្រូវ ដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ និយាយសរុបមក យើងត្រូវតែបញ្ចប់របបហ៊ុន សែន ពីព្រោះមិនអាចពឹងលើហ៊ុន សែន មិនអាចជឿថា ហ៊ុន សែន នឹងអនុវត្ត សុំឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ។ យើងត្រូវតែបញ្ចប់របបហ៊ុន សែន ដើម្បីឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងនឹងចំណេញ ៣យ៉ាង ៖ ទី១- យើងនឹងការពារទឹកដីរបស់យើងយ៉ាងពិតប្រាកដ ដោយមានសហគមន៍អន្តរជាតិទាំងមូលនៅពីក្រោយយើង ។ ទី២- យើងចៀសវាងសង្រ្គាម យើងចៀសវាងការបង្ហូរឈាម ។ ទី៣- យើងនឹងទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលមានរដ្ឋាភិបាលថ្មី បម្រើប្រជារាស្រ្តខ្មែរ ដែលមានរដ្ឋាភិបាលថ្មីការពារផលប្រយោជន៍ជាតិយ៉ាងត្រឹមត្រូវនិងយ៉ាងពិតប្រាកដ។ ជយោ! កម្ពុជាអមតៈ! ជយោ! រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា!“ ។

ដោយឡែក ក្រុមអ្នកប្រយុទ្ធ CNRP ដែលមានលោក នាង សុឃុន អតីតសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស ជាសមាជិកមួយរូបដែរ បានបង្ហោះរូបភាពលោក សម រង្ស៊ី ជួបជាមួយលោកអ៊ុំ សំអាន នៅលើបណ្ដាញសង្គម ភ្ជាប់ជាមួយសំណេរថា “លោកនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ស្វាគមន៍លោករដ្ឋមន្ត្រីកិច្ចការព្រំដែន និងអន្តោប្រវេសន៍ មកចូលរួមប្រជុំពិសេស នៅទីក្រុងឡូវែល Lowell“ ។

បន្ថែមលើនេះ ក្រុមអ្នកប្រយុទ្ធ CNRP បានប្រកាសថា “វត្តមានលោកប្រធាន សម រង្ស៊ី នាយករដ្ឋមន្ត្រីកម្ពុជាឯករាជ្យ ២៣តុលា ជាន់ទឹកដីកម្ពុជា ភ្លាមពេលណា កម្ពុជា មានការផ្លាស់ប្តូរភ្លាមមួយរំពេច ។ លោកប្រធាន សម រង្ស៊ី ទៅប្រទេសកម្ពុជា ម្ដងនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ដើម្បីស្រោចស្រង់ប្រទេសយើង ឱ្យរួចពីរបបផ្ដាច់ការតពូជ ពុករលួយដុះស្លែ សូមបងប្អូនជនរួមជាតិខ្មែរ ជឿជាក់ ហើយគាំទ្រឱ្យបានច្រើនកុះករ ។ វត្តមានរបស់លោក សម រង្ស៊ី នៅលើទឹកដីកម្ពុជា លើកនេះ មិនមែនលោកទៅធ្វើមេបក្សប្រឆាំងនោះទេ គឺលោកទៅធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជា ។ ពេលវេលាជិតមកដល់ហើយ សូមបងប្អូនត្រៀមខ្លួនទទួលស្វាគមន៍វត្តមាននាយករដ្ឋមន្ត្រីរបស់កម្ពុជា គឺលោក សម រង្ស៊ី ។ ពេលវេលា ជិតមកដល់ហើយ សូមបងប្អូនត្រៀមខ្លួនទទួលស្វាគមន៍វត្តមាននាយករដ្ឋមន្ត្រីរបស់កម្ពុជា គឺលោក សម រង្ស៊ី“ ។

ទោះបីជាយ៉ាងណា ក្រោយពីឃើញការអំពាវនាវរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ខាងលើនេះ លោកសាពូន មីដាដា តារាចម្រៀងល្បីម្នាក់ និងជាអ្នកសិល្បៈម្នាក់ដែលតែងរិះគន់ វាយប្រហារលោក សម រង្ស៊ី និងក្រុមប្រឆាំង ឥតសំចៃមាត់ នាពេលកន្លងមកនោះ បានបញ្ចេញប្រតិកម្មតាមបណ្ដាញសង្គមថា “ក្រុមអាអស់ឯង ដូចជោរដល់ហើយ មុខក្រាស់ គ្មានការអៀនខ្មាសអីបន្តិចហ្មងហ្អី រដ្ឋាភិបាលនិរទេសអាចម៍គោមេ“ ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ការបង្កើតរដ្ឋាភិបាលឯករាជ្យ ២៣តុលា ក្រៅប្រទេសនេះ គឺជាក្រុមក្បត់ជាតិ ដែលបង្កើតឡើងដើម្បីយកកេងចំណេញនយោបាយ ប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា រំលោភព្រះរាជបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ ពីព្រោះរដ្ឋាភិបាល ត្រូវកើតចេញអំពីការបោះឆ្នោត នៃនីតិកាលរបស់សភា ហើយសភាត្រូវផ្ដល់ការទុកចិត្តដល់គណៈរដ្ឋមន្រ្តី សុំព្រះហស្តលេខារបស់ព្រះមហាក្សត្រ ដើម្បីឲ្យរាជរដ្ឋាភិបាល អាណត្តិនីមួយៗ បំពេញបុព្វសិទ្ធិដឹកនាំប្រទេស មិនមែនប្រកាសខ្លួនឯង ចង់ធ្វើនាយករដ្ឋមន្រ្តី មានគ្នាបីបួននាក់ ដាក់អ្នកនោះជារដ្ឋមន្រ្តី ដាក់អ្នកនេះជារដ្ឋមន្រ្តី អ្នកនេះទទួលបន្ទុកនេះ ទទួលបន្ទុកនោះ វិស័យនេះ វិស័យនោះ បែបនេះទេ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “ខ្ញុំក៏ចង់តភ្ជាប់ផងដែរ អំពីរដ្ឋាភិបាលឯករាជ្យ ២៣តុលា ដែលគេប្រកាសសមាសភាពថ្នាក់ដឹកនាំរដ្ឋាភិបាលក្រៅប្រទេស របស់គេនោះ ក្រុមនយោបាយរត់ចោលស្រុក គេបានប្រកាសប៉ុន្មានថ្ងៃមុននេះ ខ្ញុំសុំឲ្យបងប្អូនរបស់យើងតាមដាន ហើយកុំឲ្យតម្លៃណាមួយចំំពោះក្រុមទណ្ឌិត ក្រុមរត់ចោលស្រុកនេះ ដែលកំពុងតែប្រើប្រាស់សភាពការណ៍នេះ ដើម្បីឆក់ឱកាសធ្វើចំណេញនយោបាយ ពីព្រោះកម្ពុជា ក្នុងស្ថានការណ៍នេះ យើងត្រូវការការរួបរួម ត្រូវការកម្លាំងសាមគ្គីគ្រប់ទិសទីទាំងអស់ ត្រូវពូតផ្ដុំប្រមូលគ្នា ក្រោមសសរទ្រូងកសាងគ្រឹះខឿនការពារជាតិ ដែលខ្ញុំនិយាយថា ធាតុផ្សំនៃខឿនការពារជាតិ វាមានកម្លាំង និងជួយរបស់ប្រជាពលរដ្ឋ កម្លាំងការពាររបស់កងទ័ព និងគោលនយោបាយជាតិ ការពារជាតិរបស់រដ្ឋាភិបាល ត្រូវនៅជាមួយគ្នា ។ អ៊ីចឹងយើងមើលៗ ពេលដែលប្រទេសកំពុងតែរងការឈ្លានពាន ពេលដែលប្រទេសត្រូវការរួបរួមសាមគ្គី ទប់ទល់នឹងការឈ្លានពានរបស់ចោរបរទេសជិតខាង បែរទៅជាមានអ្នកនយោបាយក្បត់ជាតិ មួយក្រុម នៅក្រៅប្រទេស ទៅបង្កើតរដ្ឋាភិបាលអីគេ ឯករាជ្យ២៣តុលា នៅក្រៅប្រទេស ដើម្បីបង្កើតសភាពការណ៍មួយ គេហៅថា ជាសភាពការណ៍ហុចដងឲ្យសត្រូវ បម្រើផលប្រយោជន៍ពួកឈ្លានពាន ហើយដែលរដ្ឋាភិបាលនេះ បើយើងពិនិត្យទៅ គឺជារដ្ឋាភិបាលខុសច្បាប់ ក្បត់ជាតិ ពីព្រោះកម្ពុជា ជាប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ។ កម្ពុជា មានរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត នៃនីតិកាលរដ្ឋសភា មួយអាណត្តិៗ ។ រដ្ឋសភា ផ្ដល់ការទុកចិត្តចំពោះគណៈរដ្ឋមន្រ្តី ដែលរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ហើយបញ្ជូនទៅឲ្យព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខា ប្រកាសទទួលស្គាល់រាជរដ្ឋាភិបាល ក្នុងមួយអាណត្តិ ទៅមួយអាណត្តិ“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តថា “អ៊ីចឹងការបង្កើតរដ្ឋាភិបាលអីគេ ២៣តុលា ក្រៅប្រទេសនេះ គឺជាក្រុមក្បត់ជាតិ ដែលបង្កើតឡើងដើម្បីយកកេងចំណេញនយោបាយ ហើយកំពុងតែប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា រំលោភព្រះរាជបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ ពីព្រោះរដ្ឋាភិបាល ត្រូវកើតចេញអំពីការបោះឆ្នោត នៃនីតិកាលរបស់សភា ហើយសភា ត្រូវផ្ដល់ការទុកចិត្តដល់គណៈរដ្ឋមន្រ្តី ហើយបានបញ្ជូនទៅព្រះបរមរាជវាំង សុំព្រះហស្តលេខារបស់ព្រះមហាក្សត្រ ដើម្បីឲ្យរាជរដ្ឋាភិបាលអាណត្តិនីមួយៗ បំពេញបុព្វសិទ្ធិដឹកនាំប្រទេស មិនមែនប្រកាសខ្លួនឯង ចង់ធ្វើនាយករដ្ឋមន្រ្តី មានគ្នាបីបួននាក់ តាំងខ្លួនធ្វើនាយករដ្ឋមន្រ្តី ដាក់អ្នកនោះជារដ្ឋមន្រ្តី ដាក់អ្នកនេះជារដ្ឋមន្រ្តី អ្នកឯងទទួលបន្ទុកនេះ ទទួលបន្ទុកនោះ វិស័យនេះ វិស័យនោះ ហើយមកប្រកាសអីអ៊ីចឹងទេ ។ កម្ពុជា មានទំនាក់ទំនងអន្តរជាតិ ជាមួយបណ្ដាប្រទេសលើពិភពលោក មានស្ថានទូត ស្ថានកុងស៊ុល និវេសនដ្ឋានអចិន្រ្តៃយ៍ នៅរាប់រយប្រទេសនៅលើពិភពលោក គឺជាប្រទេសដែលមានរដ្ឋធម្មនុញ្ញ និងជារដ្ឋឯករាជ្យមួយ ។ អ៊ីចឹងការប្រកាសបង្កើតរដ្ឋាភិបាល របស់ពួកគេនេះ គឺជាអំពើខុសច្បាប់ គឺជាការបំបែកបំបាក់កម្លាំងសាមគ្គីជាតិ ។ ពេលដែលកម្ពុជា កំពុងត្រូវការកម្លាំងសាមគ្គីនេះ ឈរឲ្យរឹងមាំ ដើម្បីតស៊ូទប់ទល់ជាមួយនឹងការឈ្លានពានរបស់ចោរសៀមបរទេស ទាំងសមរភូមិនៅលើដី ទាំងសមរភូមិនៅលើច្បាប់ និងតុលាការអន្តរជាតិ ។ នេះគឺជាអ្វីដែលកម្ពុជា ត្រូវការគឺកម្លាំងរបស់ប្រជាពលរដ្ឋ កម្លាំងរបស់អ្នកជួយទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែពួកគេបែរទៅជាបំបែកកម្លាំងរបស់ប្រជាពលរដ្ឋ ហើយប្រកាសខ្លួនឯងថា ជាអ្នកស្នេហាជាតិ តាមដែលជាចរិតនិងមហិច្ឆតាក្បត់ជាតិ របស់ពួកគេ” ។

គួរបញ្ជាក់ថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលនឹងបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥  ខាងមុខនេះ មានចំនួន ៨រូប  និងមានលោក សម រង្ស៊ី ជាមេដឹកនាំ ឬគេហៅថា នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា នេះ។

ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលឯករាជ្យ ២៣តុលា ទាំង៨រូប មានដូចខាងក្រោម ៖

១. លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំស្ថាប័នសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រឆាំងអំពើពុករលួយ និងជួយពលរដ្ឋក្រីក្រ

២. លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំស្ថាប័នយុទ្ធសាស្រ្ត និងរៀបចំប្រទេស

៣. លោក ឆាំ ឆានី ប្រធានក្រុមជំនួយការប្រតិបត្តិនិងព័ត៌មាន ដឹកនាំស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ

៤. លោកស្រី ទិត្យ គឹមហ៊ុន អគ្គលេខាធិការក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំស្ថាប័នការបរទេស និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស

៥. លោក រី គា ដឹកនាំស្ថាប័នអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងការងារ

៦. លោក ឡុង រី ដឹកនាំស្ថាប័នសន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ

៧. លោក អ៊ុំ សំអាន ដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍

៨. លោកអ៊ូ សាមឌី ដឹកនាំស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌សង្គមនិងសិទ្ធិមនុស្ស ។

ជុំវិញការប្រកាសក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ខាងលើនេះ សហភាពអង្គការសង្គមស៊ីវិល តំណាងឲ្យអង្គការ សមាគម សហគមន៍មូលដ្ឋាន ៥០ស្ថាប័ន ដែលគាំទ្ររាជរដ្ឋាភិបាល និងការដឹកនាំរបស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានដាក់ញត្តិទៅគណបក្សនយោបាយចំនួន២០ រួមមាន ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្សកសិករ គណបក្សធម្មាធិបតេយ្យ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា ជាដើម ដោយស្នើសុំ ២ចំណុច គឺ ៖ ១- ស្នើសុំឲ្យគណបក្សនយោបាយទាំងអស់ ប្រកាសផ្ដាច់ខ្លួនពីចលនាជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និង២- ស្នើសុំឲ្យគណបក្សនយោបាយទាំងអស់ ប្រកាសប្រឆាំងដាច់ខាតនូវរដ្ឋាភិបាលក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលរដ្ឋាភិបាលនោះ ជារដ្ឋាភិបាលខុសច្បាប់ និងមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា។

សហភាពអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា គោលបំណងនៃការដាក់ញត្តិនេះ គឺដើម្បីរក្សានូវសន្តិភាព ហេតុដូច្នេះ សហភាពអង្គការសង្គមស៊ីវិល មានក្ដីរំពឹងថា គណបក្សនយោបាយទាំងអស់ នឹងទទួលយកនិងអនុវត្តតាមការស្នើសុំ ដើម្បីរួមគ្នាការពារសន្តិភាព ស្ថិរភាពនយោបាយ និងបង្ការក្រុមជ្រុលនិយមដែលព្យាយាមបំផ្លាញសុខសន្តិភាពនៅកម្ពុជា។ គណបក្សនយោបាយទាំងអស់នៅកម្ពុជា គឺមានតម្លៃសម្រាប់សកម្មភាពការពារសន្តិភាព និងស្ថិរភាពនយោបាយ ។ ហេតុនេះសូមគណបក្សនយោបាយទាំងអស់នៅកម្ពុជា មេត្តាទទួលនិងអនុវត្តសំណើខាងលើ ដើម្បីពលរដ្ឋខ្មែរ ដើម្បីជាតិរីកចម្រើន ដែលនេះក៏ជាបំណងរបស់គណបក្សនយោបាយទាំងអស់នៅកម្ពុជា ផងដែរ ។ ផ្ទុយទៅវិញ ប្រសិនបើគណបក្សនយោបាយទាំងអស់នៅកម្ពុជា មិនអនុវត្តតាមសំណើរបស់សហភាពអង្គការសង្គមស៊ីវិល វានឹងធ្វើឲ្យពលរដ្ឋអស់សង្ឃឹមចំពោះអ្នកនយោបាយដែលមិនយកចិត្តទុកដាក់លើបញ្ហាសន្តិភាពរបស់ជាតិ ៕ កុលបុត្រ

RELATED ARTICLES