ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តបាត់ដំបង បានចុះពិនិត្យ រកឃើញពពុះសណ្តែក ចំនួន១២ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ (ហៅបូរ៉ាក់ Borax) និងបានបានដកហូតដើម្បីបំផ្លាញចោល។មន្ត្រីអធិការកិច្ចម្ហូបអាហារការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តបាត់ ដំបង បានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ ធ្វើឡើងនៅតាមទីផ្សារ និងតូបលក់ដូរ តាមខ្នងផ្ទះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យខាងលើពិនិត្យនៅផ្ទះលក់ទំនិញជុំវិញផ្សារ ព្រមទាំងតូបក្នុងផ្សារ មួយចំនួនទៀតសរុបចំនួន១០ទីតាំង ក្នុងផ្សារភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

មន្ត្រីជំនាញបានបន្តថា ជាលទ្ធផលមន្ត្រី ក.ប.ប បានធ្វើតេស្តលើសរសៃមី សរសៃគុយទាវតូច-ធំ ពពុះសណ្តែ ក ចំនួន៥គំរូ មិនមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពឡើយ ប៉ុន្តែបានរកឃើញពពុះសណ្តែក ចំនួន១២គីឡូ មានផ្ទុកសារធាតុគីមីហាមឃាត់ (បូរ៉ាក់ Borax) បន្ទាប់មក មន្ត្រីជំនាញបានដកហូតយកដើម្បីកម្ទេចចោល។

ជាមួយនេះ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តបាត់ដំបង បានបន្តណែនាំដល់បងប្អូនអាជីវករទាំងអស់ ឱ្យយល់ដឹងពីការតាំងលក់ទំនិញ គឺប្រកបដោយគុណភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់ និងហាមតាំងលក់ទំនិញបំពានសិទ្ធិផ្តាច់មុខ ក៏ដូចជាប្រជាពលរដ្ឋអ្នកប្រើប្រាស់ គប្បីពិនិត្យ កាលបរិច្ឆេទឱ្យបានច្បាស់លាស់ ចៀសវាងការប៉ះពាល់ដល់សុខភាព ឬបញ្ហាប្រឈមចំពោះមុខច្បាប់៕