ខេត្តកណ្តាល ៖ ក្មេងទំនើង ១ក្រុម បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ តាមដងផ្លូវ យ៉ាងអនាធិបតេយ្យ និងត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានចំនួន៤នាក់ ក្នុង ចំណោម ៨នាក់ ។

ការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ។
ក្មេងទំនើងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភស្ត័ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ទី២-ឈ្មោះហួត វិសាល អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ទី៣-ឈ្មោះឆន ចំរើន ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ និងទី៤-ឈ្មោះឌី ម៉េងហុង ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ រស់នៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។
តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោ យទទួលបានព័ត៌មានពីករណីក្មេងទំនើង ១ក្រុម បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រក្រុងអរិយ ក្សត្រ និងដោយអនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកគួច ចំរើន អភិបាលអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
បន្ទាប់ពីទទួលបានបទបញ្ជានិងព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានធ្វើស្រាវជ្រាវកំnណត់មុខសញ្ញា មានចំនួន៨នាក់ និងឃាត់ខ្លួនចំនួន ៤នាក់ (១-ឈ្មោះភ័ស្ត សំណាង ២-ឈ្មោះហួត វិសាល ៣-ឈ្មោះឆន ចំរើន ៤-ឈ្មោះឌី ម៉េងហុង) យកមកសាកសួរ។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ បានធ្វើការអប់រំ និងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ចំណែកមធ្យោបាយ ម៉ូតូដែលបានធ្វើសកម្មភាពបង្ហោះ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ រយៈពេល៣ខែ។ ដោយឡែក មនុស្សចំនួន ៤នាក់ទៀតបានគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីយកមកអប់រំបន្តទៀត៕