ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ ចំនួន១០នាក់ ធ្វើដំណើរតាមរថយន្ត ១គ្រឿង បំណងលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ តែត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវ ជាតិលេខ៥៩ ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថា មានរថយន្ត ១គ្រឿង ដឹកពលករឆ្លងកាត់ភូមិសាស្ត្រស្រុកម៉ាឡៃ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ នៅវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកតាំង សុខហេង បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានចុះប្រតិបត្តិការស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាកស៊ីណា ពណ៌ស្ករ ពាក់ស្លាកលេខ ស្វាយរៀង 2B-1258 មានដឹកពលករប្រុស-ស្រីចំនួន១០នាក់ ដោយឃាត់បាននៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កម្លាំងអាវុធហត្ថស្រុកម៉ាឡៃ បានបញ្ជាក់ថា អ្នកបើកបររថយន្ត មានឈ្មោះភី តូហូ ហៅក្បាលមាន់ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិអូរ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រោយការសាកសួរតៃកុងរថយន្ត និងពលករខ្មែរ ពួកគេពិតជាបានដឹក និងមានបំណងលួចឆ្លងដែនដោយខុសច្បាប់ ចេញទៅប្រទេសថៃ ប្រាកដមែន។

ពលករខ្មែរ ទាំង១០នាក់ ត្រូវបានក្រុមការងារគណៈបញ្ជាការធ្វើការអប់រំណែនាំ រួចអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ។ ដោយឡែកតៃកុងរថយន្ត រួមនិងរថយន្ត ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕