ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់ឆក់ទូរស័ព្ទដៃ របស់ស្ត្រីរងគ្រោះម្នាក់ បានសម្រេច។
មន្ត្រីនគរបាលស្រុកព្រៃនប់ បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា នគរបាល បានចាប់ឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃ បាន១នាក់ ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២និង១៥នាទី ទៀបភ្លឺ នៅលើផ្លូវជាតិលេខ៤ ចំណុចមុខធនាគារ ABA ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ១គ្រឿង ម៉ាក Oppo ពណ៌ប្រផេះ ជារបស់ជនរងគ្រោះ ឈ្មោះ កៅ នាង ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបររត់តុ មានស្នាក់នៅបន្ទប់ជួល ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីធ្វើសកម្មភាពរួចជន សង្ស័យ បានរត់គេចខ្លួនបាត់។
ក្រោយពីបានទទួលព័ត៌មាន និងដោយមានការដឹកនាំចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០១នាក់ ឈ្មោះ បឹប រស្មី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ1A- 9567 ជារបស់ជនសង្យ័យជិះធ្វើសកម្មភាព ទូរស័ព្ទ ចំនួន ១គ្រឿង ទូរស័ព្ទម៉ាក Oppo ពណ៌ប្រផេះ ជារបស់ជនរងគ្រោះ។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតីវិធី៕