Monday, November 25, 2024
Homeតារាខ្មែរឆុំ វត្តី ឆក់បានតំណែងតួឯក ”ឈាមស្នេហ៍ក្បត់បេះដូង”

ឆុំ វត្តី ឆក់បានតំណែងតួឯក ”ឈាមស្នេហ៍ក្បត់បេះដូង”

កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផលិតកម្ម B&S សហការជាមួយប៉ុស្ដិ៍លេខ៥ បានធ្វើពិធីក្រុងពលីថតរឿង ”ឈាមស្នេហ៏ក្បត់បេះដូង” ដែលមានអ្នកដឹកនាំរឿងល្បីឈ្មោះ លោកទិត ធារិទ្ធ ដោយពិធីនេះបានរៀបចំនៅផ្ទះលោកទិត ធារិទ្ធ នៅទួលសង្កែ ផ្ទាល់តែម្ដង ដោយមានតារាចាស់ក្មេងជាច្រើនដួង បានចូលរួម។

តំណែងតួឯកស្រីរឿង ”ឈាមស្នេហ៏ក្បត់បេះដូង” នេះ បានធ្លាក់ទៅលើនាងឆុំ វត្តី ប៉ះជាមួយតួឯកប្រុស លោកចំប៉ា រ័ត្ន និងតួស្រីសំខាន់ម្នាក់ទៀត នាងមាស ថនស្រីណៃ។

លោកចំប៉ា រ័ត្ន និងឆុំ វត្តី

ឆុំ វត្តី បានឲ្យដឹងថា ”រឿងនេះខ្ញុំលេងជាតួស្លូត កម្សត់ណាស់ នៅស្រុកស្រែ ហើយនិយាយត្រង់ទៅ ចរិតពិតរបស់ខ្ញុំ គឺលេងជាតួក្រមិចក្រមើមទេ បានត្រូវ តែដោយសារអ្នកដឹកនាំតម្រូវឲ្យលេងបែបនេះ ខ្ញុំក៏មិនប្រកែកដែរ មានតែសប្បាយចិត្ត ព្រោះគាត់ឲ្យធ្វើជាតួឯក។ សម្រាប់ខ្ញុំការចាប់ដៃគូជាមួយលោកចំប៉ា រ័ត្ន គឺអត់បញ្ហាទេ ខ្ញុំពេញចិត្តលេងជាមួយគាត់ ហើយសង្ឃឹមថា ទស្សនិកជននឹងប្លែកអារម្មណ៍ជាមិនខាន នៅពេលដែលទស្សនារឿងនេះ”។ ចំណែកតួឯកប្រុសលោកចំប៉ា រ័ត្ន ប្រាប់ថា ”ខ្ញុំរីករាយមែនទែន ដែលបានសម្ដែងតួឯកក្នុងរឿងនេះ ជាមួយវត្តី ។ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព ហើយជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រពីបងប្អូនជាមិនខាន ព្រោះអីមានគ្រប់រសជាតិ ហើយតាមរយៈក្រុមការងារផលិតកម្ម B&S ខ្ញុំជឿថា យើងនឹងធ្វើការបានល្អថតចប់ដោយរលូនជាមិនខាន ចំពោះរឿងបែបមនោសញ្ចេតនានេះ”។

ចំណែកលោកទិត ធារិទ្ធ អ្នកដឹកនាំរឿង ”ឈាមស្នេហ៏ក្បត់បេះដូង” បានបញ្ជាក់ថា ”រឿងនេះគ្រោងថតឲ្យចប់ត្រឹម៣ខែកន្លះ មុនរដូវធ្លាក់ភ្លៀងខ្លាំងមកដល់។ ការចំណាយលុយថតរឿងនេះច្រើន ហើយយើងមិនរំពឹងថា នឹងបានប្រាក់ចំណេញមកវិញទេ តែជាការស្រលាញ់សិល្បៈ និងចង់លើកស្ទួយវិស័យនេះ ទើបយើងផលិត។ រឿងនេះមាន៣៦ភាគ នឹងចាក់បញ្ចាំង២២ថ្ងៃ នៅលើកញ្ចក់ទូរទស្សន៏ប៉ុស្ដិ៍លេខ៥ ហើយវាជាប្រភេទភាពយន្ដមួយដែលថតបង្ហាញពីសង្គ្រាមមិនទាន់ចប់នៅកម្ពុជា មានទ័ពព្រៃ តែងតែយាយីដល់រដ្ឋាភិបាល ត្រូវតតាំងជាមួយចោរព្រៃ។ រឿងនេះ៧០ភាគរយ ត្រូវថតក្នុងព្រៃ និងពេលយប់ ហើយតួសម្ដែងត្រូវស្លៀកពាក់តាមសម័យនោះ តម្រូវឲ្យមានសម្ភារៈធ្វើសឹកសង្គ្រាម ដូចជា រថយន្ដ កាំភ្លើង រថក្រោះ និងឧបករណ៍ជាច្រើនទៀត ដែលទាក់ទងទៅនឹងការធ្វើសង្គ្រាម ដែលយើងពិបាករក។ ប៉ុន្ដែខ្ញុំបានស្នើដល់មេបញ្ជាការ មេបញ្ជាការរងកងទ័ពប្រចាំភូមិភាគនីមួយៗ សូមឲ្យជួយផ្ដល់កម្លាំងមួយផ្នែកតូច ដើម្បីជាការបង្ហាត់បង្រៀនដល់តារាសម្ដែងចូលរួមសម្ដែង និងផ្ដល់សម្ភារៈធ្វើសឹកសង្គ្រាមផងដែរ ដើម្បីឲ្យសាកសមទៅនឹងសាច់រឿងសម័យនោះ។ រឿង ”ឈាមស្នេហ៍ក្បត់បេះដូង” ថតនៅទីតាំងភាគច្រើននៅផ្ទះបុរាណ កន្លែងដែលមានព្រៃក្រាស់ តំបន់ភ្នំ តំបន់ជ្រោះ ហើយទៅតាំងនោះមាននៅកោះដាច់ ខេត្តកែប ជាដើម។ ចំពោះថវិកាចំណាយរឿងនេះវិញយើងមិនទាន់អាចសន្និដ្ឋានបានទេ”៕

លោកទិត ធារិទ្ធ (ពាក់អាវយឺតខ្មៅ) ពេលផ្តល់សម្ភាសន៍
RELATED ARTICLES