Saturday, November 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីផ្សារទំនើបជីបម៉ុង ភ្លើងឆេះឡានហ្មត់

ចេញពីផ្សារទំនើបជីបម៉ុង ភ្លើងឆេះឡានហ្មត់

ភ្នំពេញ ៖ ក្រុមគ្រួសារមួយ ទើបនឹងត្រឡប់មកពីបើកថ្នាំ ឱ្យកូន នៅមន្ទីរពេទ្យ ឆៀងចូលលេងផ្សារទំនើប រួចបើករថយន្តត្រឡប់ទៅផ្ទះ ស្រាប់តែរថយន្តបានឆ្លងភ្លើង ធ្វើឱ្យកើតមានអគ្គិភ័យឆាបឆេះរថយន្តយ៉ាងសន្ធោ សន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចក្បែរផ្សារទំនើបអ៊ីអន៣ ស្ថិតក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-3353 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយមនុស្ស ៤នាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើង ទៅត្បូង លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ ក្បែរផ្សារទំនើបអ៊ីអន៣ បានឈប់មួយភ្លែត ភ្លាមនោះស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីកង់ខាងក្រោម រួចបន្តឆេះរាលដាលផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ។ បន្ទាប់ពីឃើញបែបនេះ ពលរដ្ឋនៅក្បែរនោះ បាននាំគ្នាជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យបន្ទាន់ ដើម្បីអន្តរាគមន៍។

តាមប្រភពក្រុមគ្រួសារដែលជិះក្នុងរថយន្តខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿង ខាងលើ មានគ្នា៥នាក់ ក្នុងនោះប្រុសម្នាក់ និងមនុស្សស្រី មានកូនតូច ចំនួន៤នាក់ រួមទាំងអ្នកបើកបរ បានជិះ រថយន្តចេញពីបើកថ្នាំឱ្យកូន នៅមន្ទីរពេទ្យ រួចហើយក៏ឆៀងចូលលេងផ្សារទំនើបជីបម៉ុង រួចពួកគាត់បាននាំគ្នាជិះរថយន្ត គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំផ្លូវ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានឆាបឆេះចេញពីផ្នែកខាងមុខ យ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យពួកគាត់ដែលជិះក្នុងរថយន្ត ភ័យស្លន់ស្លោ នាំគ្នាចុះពីលើរថយន្ត និងរកជំនួយ ដើម្បីពន្លត់ភ្លើងឆេះ។ ពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាខាងផ្សារទំនើបអ៊ីអន៣ បានយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ អស់ជាច្រើនបំពង់ដែរ តែមិនរលត់ ទើបរាយការណ៍បន្តសុំជំនួយរថយន្តពន្លត់អគ្គិភ័យតែម្តង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង របស់ការិយាល័យរាជធានីភ្នំពេញ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អស់ ១ឡាន ស្មើនឹង៦ម៉ែត្រគូប រហូតភ្លើងរលត់ទាំងស្រុង នៅម៉ោង ៦និង៥០នាទីព្រលប់ ថ្ងៃដដែល។

រថយន្តដែលរងការឆាបឆេះ ជាប្រភេទទេសចរណ៍ ម៉ាក STAREX ពាក់ស្លាកលេខ ភ្នំពេញ 2BW-3353 ត្រូវបានភ្លើងឆេះអស់ទាំងស្រុង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាន ធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តភ្លើង រថយន្ត បង្កជាអគ្គិភ័យ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES