ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់ ជិះម៉ូតដឹកគ្នានៅលើដងផ្លូវសុខៗ ក៏ស្រាប់តែបត់ ម៉ូតូឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាល ឱ្យរថយន្តមួយគ្រឿង បើកដោយល្បឿនយ៉ាង លឿន ចាប់ហ្វ្រាំងគេចចង្កូតមិនទាន់ ក៏ជ្រុល មកបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រី ជាប្រពន្ធស្លាប់នៅនឹងកន្លែងយ៉ាងអាណោច- អាធ័ម។ ចំណែកបុរសជាប្តីទទួលរងរបួសយ៉ាង ធ្ងន់ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលភ្លើង លេខ០១៤១-០១៤២ ស្ថិតក្នុងភូមិប្ញស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
ស្ត្រីរងគ្រោះជាប្រពន្ធ ដែលត្រូវរថយន្ត បុកស្លាប់ មានឈ្មោះសង ម៉េត អាយុ៥៩ឆ្នាំ ចំណែកបុរសជាប្តីដែលទទួលរងរបួសធ្ងន់ មាន ឈ្មោះមាន សៀង អាយុ៥៩ឆ្នាំ។ ទាំង២នាក់ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
តាមប្រភពពីសាក្សីនៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធខាងលើ ជិះម៉ូតូមួយគ្រឿងដឹកគ្នាធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត។ លុះ មកដល់ចំណុចកើតហេតុ ជនរងគ្រោះជាអ្នក បើកម៉ូតូ បានប្តូរទិសដៅចរាចរណ៍ បត់ម៉ូតូឆ្លង ផ្លូវទៅខាងឆ្វេងដៃ ដោយមិនបានមើលមុខ ក្រោយត្រឹមត្រូវ។ ស្របពេលនោះ ក៏មានរថយន្ត មួយគ្រឿង ម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ កំពង់ចាម 2A-5848 បើកបរក្នុងទិសដៅ ស្របគ្នា ដោយល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំង មិនទាន់ ក៏ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះយ៉ាង ពេញទំហឹង បណ្តាលឱ្យ២នាក់ប្តីប្រពន្ធប៉ើង ខ្ទាតបោកទៅលើថ្នល់ ស្លាប់ស្ត្រីជាប្រពន្ធ ចំណែក បុរសជាប្តីទទួលរងរបួសធ្ងន់។
ក្រោយកើតហេតុ បុរសជាអ្នកបើកបរ រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែក ជនរងគ្រាះដែលទទួលរងរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះជីវិត។
បន្ទាប់ពីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ ធ្វើការវាស់វែងតាមជំនាញរួចរាល់ ក៏អូសយក ម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំធ្វើការ ដោះស្រាយតាមនីតិវិធី។
ដោយឡែក សពស្ត្រីរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕