ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ការដែលប្រទេសថៃ មិនគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡាំពួរ ដែលមានលោកប្រធានណាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ជាសាក្សី ហើយនៅតែបន្តឃុំខ្លួនកងទ័ពកម្ពុជា ១៨នាក់ និងបន្តសកម្មភារំលោភបំពានអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា យ៉ាងគឃ្លើននោះបើសិន ជាលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្មានវិធានបង្ខំថៃ ឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពនោះទេ នឹងធ្វើឲ្យសហ រដ្ឋអាមេរិក បាត់បង់ឧត្ដមភាពនិងការជឿទុកចិត្តពីសំណាក់ប្រទេសនានា រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន ។

លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា “ត្រាំ កំពុងធ្វើឱ្យសហរដ្ឋអាមេរិក បាត់បង់ឧត្តមភាព និងការជឿទុកចិត្តពីសំណាក់ប្រទេសនានា រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន ដោយរបៀបដោះស្រាយខ្វះការទទួលខុសត្រូវ និងយុត្តិធម៌។ ជាក់ស្ដែង ករណីកម្ពុជា ត្រាំ គ្មានវិធានអ្វីគួរឱ្យកត់សម្គាល់ ដើម្បីបង្ខំភាគីថៃឱ្យគោរព ជាពិសេសការដោះលែងចំណាប់ខ្មាំង ១៨នាក់។ ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ត្រាំ នៅតែរៀបចំផែនការសន្ដិភាព ដោយឱ្យអ៊ុយក្រែន ដោះដូរទឹកដី ជាមួយសន្ដិភាព“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក វ៉ន ចាន់ឡូត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការដែលសហរដ្ឋអាមេរិក ពន្យារពេល និងមិនអើពើទៅនឹងការតាមដាន វាយតម្លៃ និងចាប់បង្ខំឲ្យភាគីថៃ អនុវត្តឲ្យខាងតែបាន ទៅតាមលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ទេនោះ អាមេរិក នឹងបាត់បង់នូវឧត្ដមភាព ហើយការជឿទុកចិត្តពីបណ្ដាប្រទេសនានា ក៏នឹងមិនអាចកើតឡើងបានចំពោះសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលដូណាល់ ត្រាំ ដែរ ។ យ៉ាងណា លោកថា កម្ពុជា ក៏ពុំគួរផ្ដេកផ្ដួលខ្លាំងពេក ឬទាំងស្រុង ទៅនឹងការអន្តរាគមន៍របស់មហាអំណាច ឬក៏យន្តការអាស៊ាន នោះទេ កម្ពុជា ចាំបាច់ត្រូវតែប្រយុទ្ធ ដើម្បីទទួលបាននូវយុត្តិធម៌ ការធានាការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ។
លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ដូចយើងដឹងហើយថា កម្ពុជា គឺបានជឿជាក់លើសមត្ថភាពនៃការសម្របសម្រួល និងឈរក្នុងនាមជាសាក្សីមួយ របស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចលើពិភពលោក និងជាអ្នកដែលមានឥទ្ធិពលទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ហើយនិងយោធា ។ ក្នុងករណីនេះ អាមេរិក ក៏បានបង្ហាញខ្លួនជាឱឡារិក ដើម្បីឈរជាសាក្សីតែម្នាក់ឯងគត់ នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ី ក្នុងការប្រជុំរបស់អាស៊ាន ។ ដូច្នេះការដែលសហរដ្ឋអាមេរិក ពន្យារពេល ហើយនិងមិនអើពើទៅនឹងការតាមដាន វាយតម្លៃ និងចាប់បង្ខំឲ្យភាគីណាមួយ ដោយឡែក គឺភាគីថៃ អនុវត្តឲ្យខាងតែបាន ទៅតាមលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ទេនោះ អាមេរិក នឹងបាត់បង់នូវឧត្ដមភាព ហើយការជឿទុកចិត្តពីបណ្ដាប្រទេសនានា ក៏នឹងមិនអាចកើតឡើងបានចំពោះសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលដូណាល់ ត្រាំ ដែរ“ ។

លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍បន្តថា “ក៏ប៉ុន្តែកម្ពុជា ក៏ពុំគួរផ្ដេកផ្ដួលខ្លាំងពេក ឬទាំងស្រុង ទៅនឹងអន្តរាគមន៍របស់អន្តរជាតិ របស់មហាអំណាច ឬក៏យន្តការអាស៊ាន នោះទេ កម្ពុជា ចាំបាច់ត្រូវតែប្រយុទ្ធ ដើម្បីទទួលបាននូវយុត្តិធម៌ ដើម្បីទទួលបាននូវការធានាការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ។ ក្នុងករណីដែលមេដឹកនាំកម្ពុជា ពុំអាចការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ បាននោះទេ ទំនងពលរដ្ឋខ្មែរ មិនទៅបន្ទោស ឬក៏ថ្កោលទោសប្រទេសណា ឬក៏សហគមន៍អន្តរជាតិទេ គឺនឹងថ្កោលទោសទៅលើមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលកង្វះសមត្ថភាព ហើយនិងឆន្ទៈនៅក្នុងការការពារជាតិ ហើយនិងប្រជាពលរដ្ឋ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក វ៉ន ចាន់ឡូត អ្នកវិភាគ ខាងលើនេះ បានធ្វើឡើង ក្រោយពីនាយករដ្ឋមន្រ្តីថៃ លោក អនុធិន បានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលមានលោកដូណាល់ ត្រាំ ជាសាក្សី និងម្ចាស់ហត្ថលេខីទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយនៅតែបន្តឃុំខ្លួនកងទ័ពកម្ពុជា ១៨នាក់ ដែលទាហានថៃ បានចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ចូលជាធរមាន។
ទោះបីជាយ៉ាងណា ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋបាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាង ពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះ និងគោរពកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នោះ។

យោងតាមកាសែត THE WASHINGTON POST បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថាសហរដ្ឋអាមេរិក នៅតែរក្សាជំហររឹងមាំ ក្នុងបំណងប្រាថ្នារបស់ខ្លួន ចង់ឃើញប្រទេសជិតខាងទាំងពីរ ចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា ៕ កុលបុត្រ