ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញត្រី ជាច្រើន បានងាប់អណ្តែតពេញទឹកអូរ ១កន្លែង សង្ស័យទឹកអូរ មានជាតិពុល។
ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ នៅចំណុចអូរឫស្សី ដែលមានទីតាំងនៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស។

បន្ទាប់ពីការប្រទះឃើញត្រីងាប់ច្រើនបែបនេះ រដ្ឋបាលស្រុកទឹកផុស បានធ្វើសេចក្តីជូនដំណឹង ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខ្លាចគ្រោះថ្នាក់ដោយសារបរិភោគត្រី និងផ្អាកជាបណ្តោះអាសន្នដល់សត្វពាហន:របស់ខ្លួនផឹកទឹក សង្ស័យមានជាតិពុល នៅតំបន់នោះ។
យោងតាមការសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកទឹកផុស បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ ជាច្រើន ដោយសារមានសារធាតុពុលទឹក ក្នុងអូរមួយកន្លែង មានឈ្មោះថា “អូរឫស្សី” មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុខាងលើ និងសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅជាប់នៅជិតអូរ និងប្រើប្រាស់ទឹកអូរ ក្នុងភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង ស្ថិតនៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រ ពាំងក្របៅ ក្នុងឃុំខ្លុងពពក សូមមេត្តាផ្អាកការប្រើប្រាស់ទឹក និងការពារសត្វចិញ្ចឹម ដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលផឹកទឹកក្នុងអូរនោះ មួយរយៈពេលសិន។

រដ្ឋបាលស្រុកនិងក្រុមការងារ បាននិងកំពុងយកទឹកនោះ ទៅពិសោធន៍រកសារធាតុពុលសិន។ សង្ឃឹមថា បងប្អូនបានជ្រាបជាព័ត៌មាន ហើយនិងសហការដើម្បីបញ្ចៀសពីគ្រោះថ្នាក់នេះ ដល់អាយុជីវិតមនុស្សសត្វផងដែរ៕