ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ ប្រមូលយកគ្រឿងអលង្ការ មួយចំនួន រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះជាងកន្លះខែក្រោយមក ជនសង្ស័យបានយកមាសដែលលួចបាន ទៅលក់ឱ្យអាជីវករលក់មាសម្នាក់ និងត្រូវបានអាជីវករនោះ មានការសង្ស័យ ក៏រាយការណ៍ប្រាប់កម្លាំងជំនាញអាវុធហត្ថ ចុះអន្តរាគមន៍ ចាប់វាយខ្នោះជនសង្ស័យ យកទៅសាកសួរ។

ការបង្ក្រាបជនសង្ស័យគាស់ផ្ទះ លួចមាសនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រា ក្រុងសៀមរាប។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមូល ដ្ឋានកងអាវុធហត្ថក្រុងសៀមរាប បានទទួលសេចក្តីរាយការណ៍ពីអាជីវករលក់មាស នៅក្នុងផ្សារលើធំថ្មី ថាមានជនសង្ស័យម្នាក់ បានយកមាស មកលក់ គួរឱ្យសង្ស័យ។ ភ្លាមនោះ កម្លាំងអាវុធហត្ថបានចុះអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ១នាក់ នាំយកមកសាកសួរនៅការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប។
ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច (គាស់ផ្ទះ) ប្រាកដមែន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រួចហើយរូបខ្លួនបានយកគ្រឿងអលង្ការទាំងនោះ ទៅលក់ឱ្យអាជីវករផ្សារធំថ្មី ត្រូវបានកម្លាំងអាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្តង។
ចំពោះវត្ថុតាងដកហូតបាន រួមមាន លោហធាតុពណ៌លឿង ចំនួន២ខ្សែ ខ្សែកពណ៌ប្រាក់ ១ខ្សែ ខ្នាយជ្រូកព្រៃ ២ខ្នាយ បដិមា ១០អង្គ មេដាយ៦ បន្តោងខ្សែក ២បន្តោង គាថា ៧ វ៉ាលិស១ ទូរស័ព្ទ ១គ្រឿង និងសម្ភារៈមួយ ចំនួនទៀត។

ជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់។ ចំណែកគ្រឿងអលង្ការ និងសម្ភារៈ បានប្រគល់ជូនម្ចាស់ដើមវិញ៕