ខេត្តកំពង់ឆ្នាំង ៖ រថយន្តប្រភេទទួរីស ១គ្រឿង មានដឹកស្បៀងពេញរថយន្ត (អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ) កំពុងតែបើកបរលើដងផ្លូវសុខៗ ស្រាប់តែកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យទាំងរថយន្ត និងអីវ៉ាន់នៅខាងក្នុង ត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅលើផ្លូវក្រាល កៅស៊ូ មួយកន្លែង ក្នុងភូមិសិរី ឃុខុនរ៉ង ស្រុកបរិបូណ៌។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះអ៊ុយ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិខាងលើ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ រថយន្តទួរីស មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ តាកែវ 2A-1336 បានដឹកស្បៀង មានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ចេញពីបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ។ ប៉ុន្តែពេលមកដល់ឃុំខុនរ៉ង អ្នកបើករថយន្ត បានបើកចេញពីផ្លូវជាតិលេខ៥ ក្នុងបំណងសំដៅទៅផ្ទះរបស់ខ្លួនបន្តិច ដើម្បីសម្រាក និងបន្តដំណើរទៅមុខទៀត តែជាអកុសល ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែទុស្សេខ្សែភ្លើង បណ្តាលឱ្យឆេះរថយន្តស្ទើរទាំងស្រុង ចំណែកអង្ករ ទឹកត្រី ទឹកស៊ីវ ក៏ឆេះអស់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែរថយន្តបានឆេះស្ទើរទាំងស្រុងទៅហើយ។ ចំពោះការខូចខាត រួមមាន ឆេះរថយន្តទាំងស្រុង ១គ្រឿង អង្ករ ចំនួន៣ តោន ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន៣០០យួរ។ យ៉ាងណា ក្នុងហេតុការណ៍ខាងលើ ពុំមានមនុស្សណាម្នាក់រងគ្រោះ ថ្នាក់នោះឡើយ៕


