ខេត្តកំពង់ស្ពឺ ៖ អ្នកញៀនល្បែងបញ្ជល់មាន់ ១ក្រុម បានសម្ងំលួចលាក់លេងល្បែងបញ្ជល់មាន់ ភ្នាល់ដាក់ប្រាក់ លុះកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនបានមនុស្សចំនួន ១៩នាក់ តែក្នុងនោះ មានបុរសម្នាក់ ភ័យពេក ឡើងឈាម ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែក ១៨នាក់ទៀត ត្រូវបានបញ្ជូនទៅសាកសួរ និងចាត់ ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍ទំនេរ ១កន្លែង ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។
បុរសញៀនល្បែងជល់មាន់ ដែលភ័យប៉ូលិសចុះចាប់ ឡើងឈាមសន្លប់នោះ មានឈ្មោះភឹម ផន ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅ ភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមអ្នកញៀនល្បែងជល់មាន់ ១៨នាក់ទៀត ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះថោង វិរៈ ភេទប្រុស អាយុ៤១ឆ្នាំ។ ទី២-ឈ្មោះយឹង លីនដា ភេទប្រុស អាយុ៤០ឆ្នាំ។ ទី៣-ឈ្មោះឡាំ ចន្ធូរ ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៤-ឈ្មោះម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ។ ទី៥-ឈ្មោះវង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៦-ឈ្មោះយឹម សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។ ទី៧-ឈ្មោះលឹម លីកូ ភេទប្រុស អាយុ៣៥ឆ្នាំ។ ទី៨- ឈ្មោះហៃ ទូច ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិត្រពាំងអម្ពិល ឃុំត្រពាំងគង ស្រុកសំរោងទង។ ទី៩-ឈ្មោះសុខ វី ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១០-ឈ្មោះលៀង គា ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិពងទឹក ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១១-ឈ្មោះរ៉េត ធា ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិសាលាគ្រួស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១២-ឈ្មោះលីម ម៉ាច ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី១៣-ឈ្មោះលីម មី ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី១៤-ឈ្មោះមឿន ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិដំណាក់អម្ពិល ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១៥-ឈ្មោះ ស៊ីម សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១៦-ឈ្មោះជី វ៉ិត ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១៧-ឈ្មោះចាន់ ថារ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី១៨-ឈ្មោះលី វិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង បញ្ជល់មាន់ មួយកន្លែង ស្ថិតនៅដីឡូត៍ទំនេរ ក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មុខសញ្ញាជាក់ស្តែង បានចំនួន១៩នាក់ និងដកហូតបានសម្ភារៈវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន១៥គ្រឿង ម៉ូតូ ចំនួន៨គ្រឿង ប្រាក់ មួយចំនួន និងមាន់ជល់ ៤ក្បាល។ ក្នុងនោះមានឈ្មោះភឹម ផន មានបញ្ហាសុខភាព (ឡើងសម្ពាធឈាម) ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែក ១៨នាក់ផ្សេងទៀត ត្រូវបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង១៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕