Monday, January 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកនេសាទខ្មែរ ៤នាក់ ថៃដោះលែង

អ្នកនេសាទខ្មែរ ៤នាក់ ថៃដោះលែង

ខេត្តកោះកុង ៖ អ្នកនេសាទខ្មែរ ចំនួន៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន រួមនិងទូកនេសាទផងនោះ ក្នុងដែនសមុទ្រកោះកុង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នោះ ត្រូវបានភាគីថៃ ដោះលែងឱ្យត្រឡប់មកវិញ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានការសម្របសម្រួលពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តកោះកុង។

លោកហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ភាគីថៃ បានដោះលែងប្រជានេសាទខ្មែរ ចំនួន៤រូប មកឱ្យភាគីកម្ពុជា វិញ ក្រោយចាប់ខ្លួនយកទៅទុកនៅប្រទេសថៃ រយៈពេល៦ថ្ងៃ។

លោកអភិបាលរងខេត្តកោះកុង បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៦ ថា “ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ម៉ោង១៥ៈ០០ សូមអរគុណថ្នាក់ដឹកនាំរបស់យើង និងសូមអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់ប្រជានេសាទ ទាំង៤រូប មកកាន់ខេត្តកោះកុងវិញ…”។

តាមការបញ្ជាក់របស់លោកហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា សំខាន់គឺយកចិត្តទុកដាក់ឱ្យបានមនុស្ស មកមុនសិន ចំណែកទូក អាជ្ញាធរខេត្តកំពុងធ្វើការសម្របសម្រួលបន្តទៀត ។

ដោយឡែក លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់តាមទំព័រហ្វសប៊ុក ផ្ទាល់ខ្លួនលោកស្រី កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ថា “សូមស្វាគមន៍បងប្អូនប្រជានេសាទ ទាំង៤រូប បានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល ស្ងាត់តែមិនស្ងៀម…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ មានករណីកងទ័ពជើងទឹកថៃ បានរំលោភចូលមកក្នុងដែនសមុទ្រកម្ពុជា កៀកនឹងខេត្តកោះកុង ហើយបានធ្វើការចាប់យកទូកនេសាទ ប្រជា ពលរដ្ឋខ្មែរ ប្រភេទអូសទោល កម្លាំង១៩០សេះ ចំនួន១គ្រឿង នៅត្រង់ចំណុច N11.33.30 E102.51.39 ចម្ងាយប្រហែល ៦ម៉ៃល៍ ពីចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈទូកខាងលើ កំពុងធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រ នៅជិតៗផ្ទះរបស់ខ្លួន។

តាមរបាយការណ៍ បានបញ្ជាក់ថា កម្មករនេសាទ ចំនួន៤នាក់ ដែលត្រូវបានទាហានជើងទឹកសៀមឈ្លានពាន បានចាប់នោះ រួមមាន ទី១-ឈ្មោះតី ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិ៣ ភូមិប៉ាកខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង (ជាម្ចាស់ និងជាតៃកុងទូក)។ ទី២-ឈ្មោះណុប គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានលំ នៅ ខេត្តកំពត (ជាកូនដៃទូក)។ ទី៣-ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ខេត្តកំពត (កូនដៃទូក) និងទី៤-មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥៥ឆ្នាំ៕

RELATED ARTICLES