ភ្នំពេញ ៖ ហាងម៉ាស្សានិងកោសជប់ មួយកន្លែងស្ថិតនៅគល់ស្ពានព្រែកព្នៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាឱ្យខូចខាតទាំងស្រុង ដោយមូលហេតុផ្តើមចេញពីជាងផ្សារដែក ធ្វើឱ្យធ្លាក់កម្ទេចភ្លើង បណ្តាលឱ្យឆាបឆេះ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅផ្ទះលេខ១១៤ មហាវិថីឈ្នះ-ឈ្នះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ផ្ទះដែលរងការឆាបឆេះ ជាប្រភេទសំណង់ដែកប្រកស័ង្កសី មានទំហំ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ មានម្ចាស់ឈ្មោះគូច ប៊ុង ភេទប្រុស អាយុ៤៤ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើង បានឆាបឆេះចេញពីផ្ទះម៉ាស្សា និងកោសជប់ខាងលើ ដោយមានផ្សែងហុយខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកក្បែរខាង នាំគ្នាជួយពន្លត់ តែពុំអាចទប់ស្កាត់បាន ក៏ទាក់ទងហៅ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។
ចំពោះសំណង់រងគ្រោះ គឺជាប្រភេទដែកប្រក់ស័ង្កសី ទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ ឆេះខូចខាតបន្ទប់ចំនួន២ រួមមាន ពូកចំនួន៨ គ្រែចំនួន៨ កង្ហារចំនួន៨ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះក្បែរខាងឡើយ។ ករណីខាង លើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅម៉ោង១០ព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីជាងផ្សារដែក បង្កជាអគ្គិភ័យ។ យ៉ាងណា ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕