ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទអតីតថៅកែបុរី ម៉ន ដានី ដាក់ពន្ធនាគារ កំណត់១ឆ្នាំ ដោយជាប់ចោទពីបទប្រើអំពើហិង្សាលើជនរងគ្រោះជាអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត។ សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ។

សមាសភាពចូលរួមពិធីប្រកាសសាលក្រម មានលោក ទីវ គឹមពិសាល ចៅក្រមជំនុំជម្រះ និងលោក លី គីមស៊ាន ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចំពោះមុខជនជាប់ចោទឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៤០ឆ្នាំ អតីតថៅកែបុរី ម៉ន ដានី និងមេធាវីការពារក្តីដោយអាណត្តិ ព្រមទាំងមេធាវីការពារក្តីឱ្យភាគីខាងដើមបណ្តឹងផងដែរ។

សាលក្រម បានបញ្ជាក់ថា អតីតថៅកែបុរី ម៉ន ដានី ជាប់ចោទពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលសំណុំរឿងនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយបានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ជាប្រកាសសាលក្រម។

សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាល ក្រមផ្តន្ទាទោសថៅកែបុរី ម៉ន ដានី មួយសំណុំរឿងដែរ ដោយដាក់ពន្ធនាគារកំណត់១ឆ្នាំ និងតម្រូវឱ្យប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី ករណីចេញសែកស្អុយ ប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ។

សូមបញ្ជាក់ថា អតីតថៅកែបុរី ម៉ន ដានី មានលំនៅ ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសម ត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការចាប់ខ្លួននៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរ មានជ័យ ខណៈកំពុងធ្វើដំណើរឆ្លងកាត់នៅទីនោះ ដែលការចាប់ខ្លួននោះ សមត្ថកិច្ចបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនហើយ សមត្ថកិច្ចបានបញ្ជូនជនជាប់ចោទ ទៅតុលាការ តាមនីតិវិធី។ លុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចៅស៊ើបសួរបានសម្រេចឃុំខ្លួនអតីតថៅកែបុរី ម៉ន ដានី ដាក់ពន្ធនាគារ (ម២) ព្រៃស ជាបណ្តោះអាសន្ន ។

តាមប្រភពព័ត៌មានឱ្យដឹងថា ថៅកែបុរី ម៉ន ដានី នៅជាប់បណ្តឹងជាច្រើនករណីទៀត អាចរហូតដល់ទៅជាង ៣០បណ្តឹងឯណោះ ពាក់ព័ន្ធករណីចេញសែកស្អុយឱ្យអតិថិជនរបស់ខ្លួន ទិញលក់គំរោងបុរី ផ្ទះល្វែង ដែលបណ្តឹងទាំងអស់នោះ តុលាការ នឹងលើយកមកបើកសវនាការ ជាបន្តបន្ទាប់៕