Monday, January 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃគ្នាផ្អើលរោងការ ប៉េអឹមចាប់ខ្លួន៤នាក់

វ៉ៃគ្នាផ្អើលរោងការ ប៉េអឹមចាប់ខ្លួន៤នាក់

ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាក្នុងរោងការ ភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំ វាយកាប់ចាក់គ្នា ផ្អើលរោងការ ១កន្លែង ស្ថិតក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនក្រុមជនបង្កហេតុ បានចំនួន ៤នាក់ ខណៈជនសង្ស័យ ៨នាក់ទៀត កំពុងរត់គេចខ្លួន។ ចំណែកមូលហេតុដែលនាំឱ្យកើតមានជម្លោះ គឺដោយសារភ្ញៀវខាងកូនកំលោះ ជួលឌីជេ (DJ) ចាក់បទញាក់ ដើម្បីកំដរអារម្មណ៍ ចំណែកភ្ញៀវខាងកូនក្រមុំ មិនព្រមឱ្យចាក់ ក៏ក្លាយទៅជាហិង្សា វាយតប់គ្នាតែម្តង។

ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង៤នាក់ បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ែន ថា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្ម កររោងចក្រ ស្នាក់នៅភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី។ ទី២-ឈ្មោះខេន ណារ៉ុម ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី។ ទី៣-ឈ្មោះមៀច សំអុល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី និងទី៤-ឈ្មោះសាយ ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី។ ចំពោះវត្ថុតាងចាប់យកបាន រួមមាន ទូរស័ព្ទដៃ ចំនួន៤គ្រឿង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង ៤នាក់ខាងលើ រួមនិងបក្ខពួក ត្រូវជាសាច់ញាតិខាងកូនក្រមុំ បានទៅចូលរួមក្នុងកម្មវិធីរៀបមង្គលការ រួមមានភ្ញៀវទាំងសងខាងបានឡើងរាំលេងកម្សាន្តយ៉ាងសប្បាយ ហើយក្នុងពេលនោះ ខាងកូនកំលោះ បានជួលឌីជេ (DJ) មកចាក់បទញាក់ ដើម្បីរាំលេងកម្សាន្ត តែត្រូវភាគីភ្ញៀវខាងកូនក្រមុំ មិនឲ្យចាក់ ក៏ក្លាយទៅជាអំពើហិង្សា វាយតប់គ្នាទៅវិញទៅមក ដោយបានយកកែវចាន គប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ជាពិសេសក្មេងប្រុសម្នាក់ ដែលគ្នាមិនដឹងអី បានរងរបួសដៃ ដេរជាច្រើនថ្នេរ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពីទទួលនូវព័ត៌មានខាងលើ លោកឧត្តមសេនីយត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធ្វើការចុះស្រាវជ្រាវ កំណត់មុខ សញ្ញាជនបង្កហេតុ និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន៤នាក់ តែម្តង ខណៈបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES