ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានចុះបង្ក្រាបករណីចាប់ឃុំឃាំងនិងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិន ម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរ ម្នាក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញបានចុះឆែកឆេរអគារលេខ 623 AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ ជាក់ស្តែងកម្លាំងចម្រុះបានឆែកឆេរបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ឃាត់ខ្លួន ជនសង្ស័យ បាន១នាក់ ពាក់ព័ន្ធក្នុងករណីឃុំឃាំងនិងបង្ខាំង មនុ ស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ចំនួន ៥ ០០០ដុល្លារ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ REN XIAOPENG អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី៣៦។ រីឯជនរងគ្រោះឈ្មោះហួរ គឹមហួ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី៣៦ អគារខាងលើ។ លុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះ ឆាតទៅទារ លុយបងស្រីបង្កើតជនរងគ្រោះ ចំនួន ៥០០០ដុល្លារ។ បន្ទាប់មក បងស្រីរបស់ជនរងគ្រោះ បានមករាយការណ៍និងដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច។ លុះមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ម្នាក់ ព្រមទាំងរំដោះនារីរងគ្រោះ ជាជនជាតិខ្មែរ ម្នាក់ផងដែរ។
ចំពោះសម្ភារៈដកហូត រួមមាន លិខិតឆ្លងដែន ចំនួន១ច្បាប់ សៀវភៅការងារជនបរទេស ចំនួន១សន្លឹក ម្សៅម៉ដ្ឋស (សង្ស័យគ្រឿងញៀន) ចំនួន២កញ្ចប់ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន៤កញ្ចប់ (តូច២ ធំ២) ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន២ ថ្នាំគ្រាប់ អក្សរ wy ចំនួន១២គ្រាប់ សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន និងខ្សែច្រវាក់ដែកអ៊ីណុកពណ៌ស ប្រវែងជាង១ម៉ែត្រ។

ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕