បំណុល៖ យោងតាមស្ថិតិដែលចេញផ្សាយដោយធនាគារកណ្តាលឥណ្ឌូណេស៊ីបង្ហាញថាបំណុលក្រៅប្រទេសនេះបានកើនឡើង៣,៤%ពីមួយឆ្នាំទៅមួយឆ្នាំដែលស្មើនឹង៣២០,៣ប៊ីលានដុល្លារក្នុងខែមករាឆ្នាំ២០១៧ ។
ប្រភពដដែលបានឲ្យដឹងទៀតថាកើនឡើងនេះត្រូវបានជំរុញដោយកំណើន១២,៤%ពីមួយឆ្នាំទៅមួយឆ្នាំដែលមានចំនួន១៦១,២ប៊ីលានដុល្លារក្នុងការខ្ចីបុលពីបរទេសសម្រាប់វិស័យសាធារណៈ ដែលបង្កើតបាននូវការបង្កើនល្បឿនកំណើនពី១១%ដែលគេសង្កេតឃើញសម្រេចបានកាលពីខែធ្នូឆ្នាំទៅ ។
ម្យ៉ាងវិញទៀត បំណុលបរទេសក្នុងវិស័យឯកជនក្នុងខែមករាបានថយចុះ៤,៣%ពីមួយឆ្នាំទៅមួយឆ្នាំឬស្មើនឹង១៥៩ប៊ីលានដុល្លារ ។
វិស័យហិរញ្ញវត្ថុ ផលិតកម្ម រ៉ែនិងទំនិញប្រើប្រាស់ស្មើនឹងជាង៧៦%នៃបំណុលបរទេសរបស់បណ្តាក្រុមហ៊ុនឯកជនក្នុងខែមករា។
ធនាគារកណ្តាលបានប្តេជ្ញាបន្តត្រួតពិនិត្យលើបំណុលបរទេសរបស់ឥណ្ឌូណេស៊ីជាពិសេសក្នុងវិស័យឯកជន ដោយលើកឡើងថាខ្លួនចង់ធានាបាននូវការខ្ចីបុលដើរតួនាទីនៅក្នុងការអភិវឌ្ឍរបស់ប្រទេសនេះដោយគ្មានការជំរុញបង្កើតឡើងនូវហានិភ័យដែលអាចប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឡើយ ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនបង្ហាញថាធនាគារកណ្តាលឥណ្ឌូណេស៊ីសម្លឹងឃើញនូវការអភិវឌ្ឍបំណុលបរទេសក្នុងខែមករានៅតាមមានភាពល្អប្រសើរ ប៉ុន្តែខ្លួនបន្តប្រុងប្រយ័ត្នអំពីហានិភ័យនៅក្នុងសេដ្ឋកិច្ចជាតិដដែល។
ទិន្នន័យបង្ហាញថាបំណុលបរទេសរយៈពេលវែងនិងខ្លីបានកើនឡើង១,៩%និង១៤,៧%ក្នុងខែមករា ។ បំណុលបរទេសរយៈពេលវែងបន្តស្ថិតនៅខ្ពស់ជាងគេក្នុងបំណុលបរទេសសរុបដែលស្មើនឹង៨៦,៥% ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា