ខេត្តបាត់ដំបង ៖ ក្រុមអ្នកប្រព្រឹត្តល្បែងស៊ី (បាញ់អាប៉ោង) ចំនួន៨នាក់ ដែលសុទ្ធសឹងតែជាបុរសវ័យចំណាស់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការសាកសួរ កសាងសំណុំរឿង។

លោកឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសង ទាំង៨នាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបងឆ្មក់ចូលបង្ក្រាប កាលពីរសៀលថ្ងៃទី២៧ មករា ឆ្នាំ២០២៦ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ថែមទាំងដកហូតបាននូវវត្ថុតាងមួយចំនួន។

លោកស្នងការរង បានបញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរ លោកស្នងការខេត្ត បានបញ្ជាឱ្យមន្ត្រីជំនាញការិ យាល័យរៀបចំសំណុំរឿងបញ្ជូនក្រុមអ្នកញៀនល្បែងទាំងនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រុមអ្នកលេងល្បែងអាប៉ោងទាំងនេះ បានប្រមូលផ្តុំគ្នាសម្ងំលេងនៅក្នុងផ្ទះមួយកន្លែង ដែលហ៊ុមព័ទ្ធទៅដោយរបងស័ង្កសី។ តាមការស៊ើបអង្កេតកន្លងមក ក្រុមនេះតែងប្រមូលផ្តុំលេងល្បែងនៅក្នុងផ្ទះនោះជាញឹកញាប់ បើទោះជាកម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបបាន និងអប់រំធ្វើកិច្ចសន្យាជាបន្តបន្តាប់ក្តី ក៏ក្រុមនេះនៅតែប្រមូលផ្តុំគ្នាបើកលេងដដែល ។

របាយការណ៍ដដែល បន្តថា ក្នុងកិច្ចប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត កម្លាំងរបស់លោក បានទម្លុះទ្វាររបង រួចឆ្មក់ចូលដល់ទីតាំងដែលក្រុមអ្នកល្បែងកំពុងឈ្ងោកអ៊ុតអាប៉ោង។ ជាក់ស្តែង ពេលនោះកម្លាំងជំនាញឃាត់ខ្លួនអ្នកលេង បានចំនួន៨នាក់ និង បានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ជនសង្ស័យញៀនល្បែងអាប៉ោង ទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលី គឹមអ៊ុក អាយុ៦២ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២-ឈ្មោះឆាត់ ខុស អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំអូរដំបង ស្រុកសង្កែ។ ទី៣-ឈ្មោះអឿត អុល អាយុ៤៥ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្ថគរ ក្រុងបាត់ដំបង។ ទី៤-ឈ្មោះផាំង រ័ត្ន អាយុ៥២ឆ្នាំ នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។ ទី៥-ឈ្មោះខ្មៅ ម៉ែន អាយុ៣៧ឆ្នាំ រស់នៅភូមិក្រឡាសែនជ័យ ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តមានជ័យ។ ទី៦-ឈ្មោះប៊ន ប៉ោយ អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទី៧-ឈ្មោះឆៃ ដារ៉ា អាយុ៥២ឆ្នាំ រស់នៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង (អ្នកបាញ់មេ) និងទី៨-ឈ្មោះកែវ រ៉ាអូន អាយុ៦៩ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង (អ្នកបាញ់មេ)។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ចានឬសម្ភារសម្រាប់បាញ់មេអាប៉ោង ចំនួន១ឈុត ឈើតូចៗ ចំនួន ៦កំ ណាត់ សម្រាប់សង្កត់លុយចាក់ កុំឱ្យហើរ កម្រាលសម្រាប់ចាក់ ១ផ្ទាំង មេអាប៉ោងចំនួន៣គ្រាប់ រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួន៕