Monday, February 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីឈ្នួលប្រឡងសាលាពេទ្យ ម្នាក់៨ពាន់ដុល្លារ ជាប់ខ្នោះ៤

ស៊ីឈ្នួលប្រឡងសាលាពេទ្យ ម្នាក់៨ពាន់ដុល្លារ ជាប់ខ្នោះ៤

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានរកឃើញមេខ្លោង ចំនួន២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ចូលសាលាពេទ្យ ចំនួន២នាក់ ដោយក្នុងនោះ មេខ្លោង ទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួស ចំនួន២ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស ហើយពេលនេះ អ.ប.ព (ACU)  កំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេខ្លោងបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រឡងចូលសាលាពេទ្យ ក្នុងដំណើរការ ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណៈកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររងចំនួន ៧១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាល ចំនួន៣០០នាក់ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធា ចំនួន៣០០នាក់ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ បាត់ដំបង ចំនួន១៦០នាក់ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ កំពង់ចាម ចំនួន២៥០នាក់ សាលាមធ្យម សិក្សាសុខាភិបាលកំពត ចំនួន២៥០នាក់ សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែង ចំនួន២៥០នាក់ សាកលវិទ្យាល័យអន្តរជាតិ (ភ្នំពេញ) ចំនួន២៥០នាក់ សាកល វិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន២០០នាក់ សាកលវិទ្យាល័យន័រតុន ចំនួន១០០នាក់ សាកលវិទ្យាល័យចេនឡាភ្នំពេញ ចំនួន២៥០នាក់ សាកលវិទ្យាល័យឡាយហ្វ ចំនួន១០០ នាក់ សាកលវិទ្យាល័យកំពង់ចាម ចំនួន១៥០នាក់ សាកលវិទ្យាល័យបូលីណូ កំពង់ឆ្នាំង ចំនួន១៥០ នាក់ វិទ្យា ស្ថានវិទ្យាសាស្ត្រអាស៊ី ចំនួន២៥០នាក់ សាកលវិទ្យាល័យអង្គរ ចំនួន២៥០នាក់ វិទ្យាស្ថានវិទ្យាសាស្ត្រថែទាំបាត់ ដំបង ចំនួន១០០នាក់ និងសាកលវិទ្យាល័យអន្តរជាតិ សាខាបាត់ដំបង ចំនួន១០០នាក់)។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព ឱ្យដឹងថា ការប្រឡង ២ថ្ងៃនេះ អ.ប.ព ចាត់បញ្ជូនមន្ត្រីរបស់ខ្លួន ចំនួន២៦២នាក់ ជាកម្លាំងចំហ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយឧបការី កែវ ធីវុធ។ អ.ប.ព បានរៀបចំកម្លាំងសម្ងាត់មួយចំនួនទៀត ដឹកនាំដោយឧបការី យ៉ិនទៀង ពុទ្ធិរ៉ា ដោយមានលោកហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព និងនាយកដ្ឋាន ចំនួន៣ទៀត (នាយកដ្ឋានគតិយុត្ត នាយកដ្ឋានចារកម្ម នាយកដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេខ្លោង ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព។

លោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្ម ឱ្យដឹងថា មេខ្លោង ទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួស ចំនួន២ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។ ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា និងអគ្គនាយក ហ៊ូ ស្ថាបនា ឱ្យដឹងថា កំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេខ្លោង នៅថ្ងៃប្រឡង ទី២ នេះទៀត គឺថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦៕

RELATED ARTICLES