Monday, February 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានមុខផ្ទះ គេលួចដុតឆេះ

ចតឡានមុខផ្ទះ គេលួចដុតឆេះ

ខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទកូរ៉េដឹកទំនិញ ទម្ងន់១តោនកន្លះ ១គ្រឿង ត្រូវបានម្ចាស់ចតទុកចោល នៅខាងមុខផ្ទះ ដូចរាល់ដង ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នា មកលួចដុត ទាំង កណ្តាលថ្ងៃត្រង់ បណ្តាលឱ្យឆាបឆេះ ខូចខាត១កំណាត់ខាងមុខ ចំណែកជនដៃដល់ នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ហេតុការណ៍លួចដុតរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤៣នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកំពុងសាងសង់ (ពីសាលាកុលបុត្រ ទៅភូមិកំណប់) ស្ថិតក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន ស្រុកគងពិសី។

រថយន្តដែលត្រូវជនសង្សយលួចដុត បណ្តាលឱ្យឆេះខូចខាត ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ ម៉ាក FRONTIR ពណ៌ស ទម្ងន់១តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2U-3794 ជារបស់ជនរងគ្រោះឈ្មោះ ឌុក ញ៉ាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងធ្វើបារ៉ែតឈើ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន ស្រុកគងពិសី។ ចំណែកជនសង្ស័យ មានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួច បានគេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចតរថយន្តរបស់ខ្លួនខាងលើ ទុកនៅខាងមុខផ្ទះដូច សព្វដង ស្រាប់តែក្រោយមក លេចមុខជនមិនស្គាល់មុខ ចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំផ្លាកលេខ បានដឹកគ្នាមកធ្វើសកម្មភាពដុតរថយន្តរបស់ជនរងគ្រោះ បណ្តាលឱ្យឆេះខូចខាតមួយកំណាត់មុខ យ៉ាងធ្ងន់ និងត្រូវបានជនរងគ្រោះជាម្ចាស់រថយន្ត ព្រមទាំងបងប្អូន នាំគ្នាជួយពន្លត់ទាន់ពេលវេលា ចំណែកជនដៃដល់ទាំង២នាក់ បានជិះម៉ូតូរត់គេចបាត់។

ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្ត បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចដុតរថយន្តរបស់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES