ខេត្តបាត់ដំបង ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ ដោយមូលហេតុការធ្វេសប្រហែស ម្ចាស់ផ្ទះដាំបាយរួច ភ្លេចពន្លត្ល់ភ្លើងចង្ក្រាន ឱ្យបានត្រឹមត្រូវ ធ្វើឱ្យកើតជាអគ្គិភ័យទាំងយប់។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ នាក់ លី ភេទស្រី អាយុ៧៥ឆ្នាំ មានលំនៅ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ បណ្តាលមកពីការធ្វេសប្រហែស ដាំបាយហើយ ទុកភ្លើងចង្ក្រានចោល មិនបានពន្លត់ ទើបបណ្តាលឆាបឆេះផ្ទះតែម្តង ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្ស ឬរាលដាលឡើយ គ្រាន់តែបង្កការខូចខាតសម្ភារនិងទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នង ទូរស័ព្ទ ១គ្រឿង កង់អាគុយ ១គ្រឿង ម៉ាស៊ីនដេរ ១គ្រឿង តុទូ អង្ករ និងសម្ភារផ្សេងៗមួយចំនួនទៀត។ សរុបការខូចខាត គិតជាទឹកប្រាក់ អស់ជាង ១០០០ដុល្លារ។

ករណីនេះ កម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕