ខេត្តកណ្តាល ៖ យុវជនម្នាក់ តែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែងបង្កការអុកឡុកប្រើអំពើហិង្សាក្នុងគ្រួសារជាបន្តបន្ទាប់ លុះចុងក្រោយ ទើបនឹងត្រឡប់មកពីជក់ថ្នាំញៀន បើកឆ្នាំង រកបាយហូប អត់មានបាយ ក៏ផ្ទុះកំហឹង បោកកម្ទេចឆ្នាំងចានចោលអស់ លុះឪពុកចេញ មកឃាត់ ស្រាប់តែកូនប្រុស ដាល់ឪពុកបង្កើត ចំនួន២ដៃ និងគំរាមដុតផ្ទះ សម្លាប់ឪពុកចោលទៀតផង ធ្វើឱ្យបុរសជាឪពុក មានការភ័យខ្លាច ក៏ប្តឹងសមត្ថកិច្ច ចាប់ វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ជនសង្ស័យបង្ករហិង្សាលើឪពុក ត្រូវសម្ថកិច្ចឃាត់ខ្លួន និងជនរងគ្រោះជាឪពុក
ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅចំ ណុចភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។ រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដោយយោងតាមពាក្យបណ្តឹងពីបុរសរងគ្រោះជាឪពុក។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវិន ណារ៉ុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង (មានសារធាតុញៀន និងធ្លាប់ជាប់មណ្ឌលកែប្រែ ចំនួន៤ខែ)។ ចំណែកជនរងគ្រោះជាឪពុកបង្កើត មានឈ្មោះគឹម រ័ត្ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ពូថៅផ្លែដែក ដងឈើ ចំនួន១ដើម ប្រវែង០,៦២ម៉ែត្រ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានចូលសម្រាកក្នុងផ្ទះ ជាធម្មតា លុះដល់ម៉ោងកើតហេតុ ស្រាប់តែជនសង្ស័យជាកូនប្រុសឈ្មោះវិន ណារ៉ុង បានរុញទ្វារចូលផ្ទះ ដើម្បីរកបាយហូប តែមិនឃើញបាយ ទើបធ្វើឱ្យជនសង្ស័យ ខឹងច្រឡោត យកចានឆ្នាំងបោកចោលទៅលើដីតែម្តង។ ឃើញដូច្នេះ ជនរងគ្រោះជាឪពុក បានឃាត់និងនិយាយណែនាំ ប៉ុន្តែជនសង្ស័យ មិនស្តាប់ទេ បែរជាជេរប្រមាថឪពុកម្តាយ ដោយសម្តីអសុរោះ រួចស្ទុះទៅដាល់ឪពុក ចំនួន២ដៃ ចំគុម្ភត្រចៀក និងថ្ងាស បណ្តាលឱ្យជនរងគ្រោះ ដួលដេកទៅលើដី។
ប្រភពដដែល បន្តថា បន្ទាប់ពីដាល់ឪពុកបង្កើត ចំនួន២ដៃ រួចហើយ ជនសង្ស័យជាកូនប្រុស បានរត់ចេញទៅក្រៅ រួចត្រឡប់មកវិញ ដោយសំលៀងកាំបិត នឹងថ្មរបងផ្ទះ ព្រមទាំងស្រែកគំរាមឪពុកបង្កើតថា “ត្រូវសម្លាប់ហ្អែងចោល បើមិនថ្ងៃហ្នឹង គឺថ្ងៃក្រោយ” មិនតែប៉ុណ្ណោះ ជនសង្ស័យ បានគំរាមដុតផ្ទះចោលទៀតផង ធ្វើឱ្យជនរងគ្រោះជាឪពុក មានការភ័យខ្លាច ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសកំណាចតែម្តង។
ជនរងគ្រោះជាឪពុក បានបញ្ជាក់ថា កន្លងមក កូនប្រុស (ជនសង្ស័យ) ធ្លាប់ប្រើហិង្សាលើគាត់ រហូតធ្វើឱ្យគាត់ រងរបួស បាក់ឆ្អឹងស្មា និងធ្លាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាញឹកញាប់ដោយសារឥទ្ធិពលគ្រឿងញៀន រហូត មកដល់ពេលនេះ កូនប្រុស មិនត្រឹមតែវាយគាត់ ជាឪពុកទេ ថែមទាំងគំរាមសម្លាប់ និងដុតផ្ទះចោលទៀត ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ក៏ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតីវិធី៕