ភ្នំពេញ ៖ រឿងរ៉ាវស្ត្រីម្នាក់ ដែលបានទម្លាយរឿង ចោទប្រកាន់ប្តីរបស់ខ្លួន លួចមានស្រីរាប់មិនអស់ ថែមទាំងលួចរៀបការជាមួយស្រីក្មេង អាយុ១៩ឆ្នាំ នោះ ទោះបីជាពួកគេបានលែងលះគ្នាដាច់ស្រេចហើយក្តី ក៏នៅតែត្រូវបានចែកចាយពេញបណ្តាញសង្គម ជាបន្តបន្ទាប់ ខណៈដែលស្ត្រីជាអតីតប្រពន្ធ នៅតឬមិនអស់ចិត្តរឿងប្តីផិត ក្បត់ បានបន្តទម្លាយរឿងអតីតប្តីដុកទ៍ររូបសង្ហា ដោយបង្ហាញពីរូបភាពនិងវីដេអូអតីតប្តី ជាមួយប្រពន្ធក្មេង បានមេដាយការងារ ដោយសារមានខ្លួនជាអតីតប្រពន្ធ ជាអ្នកជួយពីក្រោយខ្នង បែរជាប្តីយកមេដាយទៅអួតស្រីថ្មីទៅវិញ។


លោកស្រីលី ពេជ្ជតា និងអតីប្ដីលោកវេជ្ជបណ្ឌិតអ៊ឹង សេរីវឌ្ឍនា និងកូនៗ
ស្ត្រីដែលអះអាងថា ត្រូវប្តីលួចរៀបការប្រពន្ធថ្មី វ័យក្មេងនោះ មានឈ្មោះ លី ពេជ្ជតា សព្វថ្ងៃកំពុងរស់នៅប្រ ទេសអូស្ត្រាលី ជាមួយកូនស្រី ២នាក់។ ចំណែកបុរសជាប្តី ត្រូវបានស្ត្រីជាប្រពន្ធ អះអាងថា មានឈ្មោះ អ៊ឹង សិរីវឌ្ឍនា មុខរបរវេជ្ជបណ្ឌិត។
តាមរយៈគណនីបណ្តាញសង្គមផ្ទាល់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី លី ពេជ្ជតា បានបង្ហោះ វីដេអូមួយចំនួន ព្រមទាំងរូបថតកៀកកើយគ្នាយ៉ាងផ្អែមល្ហែមរវាងអតីតប្តី និងប្រពន្ធក្មេង ដោយក្នុងនោះ មានឃ្លីបវីដេអូមួយ បង្ហាញពីវត្តមានលោកដុកទ័រ ជាអតីតប្តី និងប្រពន្ធក្មេង កំពុងស្ថិតនៅក្នុង Sky Bar មួយកន្លែង បាន Surprise ប្រពន្ធក្មេង តាមរយៈការទិញចិញ្ចៀនពេជ្រ ១វង់ ជូនស្រីស្នេហ៍ និងធ្វើឱ្យខាងស្រីរំភើបចិត្ត រហូតដល់ស្រក់ទឹកភ្នែកថែមទៀតផង ដោយភ្ជាប់ជាមួយសំណេរថា “យប់នេះ ខ្ញុំសុំផុសបង្ហើយឱ្យអស់ នូវទង្វើលួចលាក់ក្បត់ផិតដ៏ពិសពុល ដើម្បីកុំឱ្យសេសសល់ដិតដាមរឿងដ៏សែនឈឺចាប់នេះទៀត។ សុំទោសបងប្អូន ខ្ញុំសូមរំខានបងប្អូនច្រើនពេកហើយ តែការឈឺចាប់នេះ បើមិនផុសចេញ ខ្ញុំនឹងរឹតតែឈឺចាប់គ្រាំគ្រា។ ខ្ញុំសូមអរ គុណបងប្អូនដែលលើកទឹកចិត្តដល់ខ្ញុំ ហើយសូមបញ្ជាក់ថានាងខ្ញុំមិនចង់ល្បីអីទេ។ បញ្ជាក់ ៖ រាល់វីដេអូ រូប ភាព ភ័ស្តុតាងផ្សេងៗ អំពីទំនាក់ទំនងផិតក្បត់នេះ នាងខ្ញុំទទួលបានពីឈ្មោះ ឡេង ចាន់គ្រឹសស្ទីណា ជានារីវ័យក្មេងលួចប្តីគេនេះឯង ក្នុងអំឡុងខែ៦ ឆ្នាំ២០២៤…”។
ជាមួយនេះ លោកស្រី លី ពេជ្ជតា បានបង្ហោះរូបថតអតីតប្តី ១សន្លឹក កំពុងឈរឱបចង្កេះប្រពន្ធថ្មី វ័យក្មេង ដែលកំពុងពាក់គ្រឿងឥស្សរិយយស (មេដាយមុនីសារាភណ្ឌ ថ្នាក់ធិបឌិន្ទ) របស់ខ្លួន ដោយភ្ជាប់ជាមួយសំ ណេរថា “បានមេដាយ យកទៅអួតស្រី តែប្រពន្ឋ ជាអ្នកជួយពីក្រោយនៃការបានមេដៃនេះ…”។
នៅថ្ងៃដដែលនោះដែរ លោកស្រី លី ពេជ្ជតា បានបង្ហោះវីដេអូ ចំនួន២ឃ្លីបទៀត បង្ហាញការការនិយាយតទល់មុខជាមួយប្រពន្ធថ្មីរបស់ប្តី ដោយភ្ជាប់ជាមួយសំណេរថា “នាងនៅក្មេងទេ តែនាងព្រហើនណាស់ ឯម្តាយវិញ មកអួតកូនស្រីថា ស្អាតគ្មានកន្លែងទាស់ ជាស្ករផ្អែម មិនខ្វះទេស្រមោចរោម ឯបាច់ផ្កាវិញ ហ្អេសបោះ ចោលពេញមុខផ្ទះ។ ចាសមីងៗចិញ្ចឹមកូនៗស្រីបានល្អៗណាស់ បើកូនមីងល្អ មានប្រុសច្រើនចឹង ហេតុអីឱ្យកូនមកទាក់ទងប្តីគេទៀត?…”។
ដោយឡែក នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី លី ពេជ្ជតា បានបង្ហោះសរសេរបន្ថែមទៀតថា “វីដេអូ និងរូបភាពដែលនាងខ្ញុំបានផុសពីការឈឺចាប់របស់នាងខ្ញុំ ត្រូវបានក្រុមអាយធី មិនស្គាល់ប្រភព ចូលមក Remove បណ្តើរៗហើយ តើអ្នកចង់ខ្ទប់មាត់ខ្ញុំដល់ពេលណាទៀតទៅ? ខ្ញុំឈឺចាប់អស់រយៈពេលយូរឆ្នាំមកហើយ…”។
ជុំវិញរឿងរ៉ាវដ៏រសើបខាងលើនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន រាប់តាំងពីអ្នកសិល្បៈ អ្នក ផលិតមាតិកា បានបញ្ចេញមតិយោបល់យ៉ាងផុលផុស។


លោកវេជ្ជបណ្ឌិតអ៊ឹង សេរីវឌ្ឍនា និងស្រីស្នេហ៍ថ្មី
ក្នុងនោះ លោកស្រី ចន ច័ន្ទលក្ខិណា តារាសម្តែងល្បីឈ្មោះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចែករំលែក (ស៊ែរ) ការបង្ហោះរបស់លោកស្រី លី ពេជ្ជតា ជាមួយសំណេរបញ្ចេញមតិថា “២-៣ថ្ងៃហើយ ទើបដាច់ចិត្តស៊ែរ ព្រោះមិនចង់ចេះដឹងរឿងគ្រួសារគេ តែឃើញប្អូនស្រីគាត់ផុសបន្តបន្ទាប់ ក៏បញ្ចេញមតិខ្លះ ស្តាប់ទៅគឺប្តីអស់ចិត្តស្រលាញ់ប្រពន្ធហើយ។ គេមិនស្រលាញ់គ្រួសារទេ គឺគេអាត្មានិយម បំពេញផ្លូវអារម្មណ៍ដែលញៀនមនុស្សស្រី ដែលក្មេង និងថ្មីរហូត (តណ្ហាបែបរោគចិត្ត) បែបនេះ បើមិនឆាប់លែងទេ ទី១-ប្រពន្ធ ត្រៀមលេបថ្នាំសរសៃប្រសាទ ជាប្រចាំ ទី២-មិនយូរមិនឆាប់ គង់មានហិង្សា រហូតដល់ថ្នាក់មានម្នាក់បាត់បង់ជីវិត…”។
ចំណែកគណនីបណ្តាញសង្គមឈ្មោះ «MaDa HP» ដែលគេស្គាល់ថា ជាភរិយាលោកជុំ កុសល រដ្ឋលេខា ធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី បានសរសេរថា “ឃើញអូនដំបូង បងក៏ចាប់ចិត្តភ្លាម ពេលអូនទៅពេទ្យ យកកូនចេញ តាមរកលេខទូរស័ព្ទ ទាក់ទងមករហូត ទោះអូនអាយុតិច ធ្លាប់មានកូនជាមួយអ្នកណា ក៏អត់ខ្វល់ ហឹមមមមម…”។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Noura Belle» បានបង្ហោះរូបថតលោកដុកទ័រ ជាមួយប្រពន្ធវ័យក្មេង ១សន្លឹក ដោយភ្ជាប់ជាមួយសំណេរថា “ជួបភ្លាម ស្រលាញ់ភ្លែត (ដឹងគេជួបគ្នាទីណាអត់?) នៅកន្លែងរំលូតកូន ម្នាក់ហ្នឹង ទៅយកកូនចេញ ហើយខាងប្រុសឃើញ ក៏បាក់ស្រឹបៗ តាមយកលេខទូរស័ព្ទ ទាក់ទងគ្នា ទាល់តែបាន ហេតុតែគូគេ…”។

រីឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Sophary Pen» នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានសសេរថា “ខ្ញុំអង្គុយមើលរូបថតប្អូនហើយ ខ្ញុំមិនអស់ចិត្តសោះ ធ្លាប់ញ៉ាំបាយជុំគ្នា លួចសរសើរ ប្អូនប្រុស សង្ហាពូកែ ប្អូនស្រីស្អាត ឆ្លាតវៃ រហ័សរហួន ចិត្តបាន ពូកែសព្វគ្រប់ កូនស្អាតៗ ឆ្លាត ចំណាប់ដូចម្តាយ រៀបការជាមួយគ្នា តាំងពីក្មេង ជាកូនសិស្ស ពិបាកវេទនា ឪពុកម្តាយខាងស្រី ផ្ចុងផ្តើមទាំងអស់ ប្រពន្ធខំតត្រុក រហូតដល់មានឋានៈតួនាទី បែរជាសងប្រពន្ធវិញ ដោយភាពឈឺចាប់បំផុត ហ៊ឺ!!! មនុស្សប្រុស ពេលមានសន្តានឆ្កែខែកត្តិកចូលខ្លួនហើយ ទោះបីរៀនដល់កម្រិតណា ក៏លុបសន្តានសត្វក្នុងខ្លួនមិនបានដែរ ខ្ញុំអាណិតប្អូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំណាស់ ពីថ្ងៃនេះទៅមុខ អូននឹងជួបតែរឿងល្អ អស់ទុក្ខ អស់ភ័យ សូមទេវតាតាមថែររក្សាប្អូនស្រីរបស់បង និងកូនៗ ជួបតែសំណាងល្អរហូតតទៅ…”។
បន្ទាប់មកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានសរសេរបន្ថែមថា “ប្អូនប្រុស ហេតុអីបេះដូងប្អូនអាត្មានិយមខ្លាំងម៉្លេះ? ប្អូនដាច់ចិត្តកម្ទេចបេះដូងដ៏ស្រស់ស្អាត នៃមនុស្សស្រី បីនាក់នេះកើត មើលវីដេអូ កូនពៅអង្គុយជូតទឹកភ្នែកឱ្យម្តាយ បេះដូងអ៊ំនេះ បែកធ្លាក់ដល់ដីហ្មង កូនពៅ ឆ្លាតណាស់ ម៉ាក់យំពេក ជូតទឹកភ្នែកម៉ាក់ចេញ កុំឱ្យរោលភ្នែកម៉ាក់ កូនអើយកូន…”។

រីឯម្ចាស់គណនីហ្វេសប៊ុក «RathViriya Vuthy» កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះរូបលោកដុកទ័រដែលលួចរៀបការប្រពន្ធក្មេងនោះ ជាមួយសំណេរថា “មន្ទីរពេទ្យណាដែលមានបុគ្គលនេះធ្វើការ បើមិនដេញក្បាលចោលទេ ស៊យធំហើយ ទុកវាធ្វើអីទៀត? ឮថាខាងថ្នាំសន្តំផង ចឹងបងៗស្រីៗ ទៅវះសម្រាលកូនអី ប្រយ័ត្នផង អាពេទ្យរោគចិត្តចឹង វាមើលឃើញខ្ទេចអស់ហើយ មានមន្ទីរពេទ្យខ្លះ បានទាក់ទងមកខ្ញុំរួចហើយថា បាន ធ្វើការបញ្ឈប់បុគ្គលម្នាក់នេះ និងដកចេញពីមន្ទីរពេទ្យរួចហើយ។ ខ្ញុំសូមគាំទ្រនូវវិធានការនេះ សម្រាប់មន្ទីរពេទ្យផ្សេង ដែលមិនព្រមដកចេញ សូមពិចារណាឱ្យបានល្អិតល្អន់។ ហើយបងៗ អ៊ំពូមីង ដែលមានសតិសម្បជញ្ញៈទាំងអស់ បើសិនទៅដល់ពេទ្យណា ឃើញបុគ្គលម្នាក់នេះ គួរតែសុំគេប្តូរពេទ្យទៅ មិនខ្វះទេពេទ្យល្អៗផ្សេង បើម្នាក់ប្រកែក ២នាក់ប្រកែក យូរៗទៅ មន្ទីរពេទ្យ គេដកចេញឯង ហើយ…”។ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក «អ្នកគ្រូស្រីពៅ» បានសរសេរនៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “អូនស្អាតមួយចប់ តែអូនខ្វះមារយាទ ជីវិតអូនស្មើសូន្យ រស់ជាមួយឈ្មោះស្រីលួចទ្រព្យគេ អូនដឹងអូនឮហើយ ពៅឆ្លៀតបញ្ឈឺចិត្តប្រពន្ធគេទៀត អូនមានបំណងអ្វី? អូនចង់ឲ្យទ្រូងស្រីគ្រាំទាំងនៅមានជីវិតឬ? ស្អាតណាស់ តែស្តាយ គ្មានសមត្ថភាពចិញ្ចឹមក្បាលខ្លួនឯងឱ្យរស់ ជាន់មីអូននេះមួយ បង្ក្រាបបានមួយរយ ក៏យកដែរ គោចាស់ ច្រាសស្មៅខ្ចី…”។
បន្ទាប់មក នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្ចាស់គណនីហ្វេសប៊ុក «អ្នកគ្រូស្រីពៅ» បានសរសេរបន្ថែមទៀតថា “គោចាស់ ស៊ីស្មៅខ្ចី រាកចឹងហើយ បុរាណ លោកពោលថា ចង្រៃបុរសមានប្រពន្ធហើយ ធ្វើខ្លួនដូចកំលោះ ចង្រៃនេះ មហាសែនចង្រៃ… មនុស្សធម្មតា មានឧត្តមភរិយាតែម្នាក់ប៉ុណ្ណោះ មនុស្សមិនធម្មតា ដើម្បីបម្រើតណ្ហាខ្លួន ហ៊ានយកកិត្តិយសជាន់ក្នុងភក់ ដើម្បីស្រវាយកជន្លេន ដីនិងជន្លេន គូនឹងគ្នា ចឹងហើយ ធីមប្រពន្ធដើម មាសនៅតែជាមាស រស់នៅជាមួយសេចក្តីថ្លៃថ្នូរ រស់ជាមួយស្នាមញញឹម ឈរឱបដៃមើលលោកប្តីអប្រិយ និងស្រីចង្រៃ ថាតើអ្នកសុខកម្រិតណា? សង្ឃឹមថា នេះជាគូចុងក្រោយទៅចុះ ពេទ្យក៏ដោយ បណ្ឌិតក៏ដោយ ស្អីក៏ដោយ ឱ្យតែប្រឡាក់ជាមួយពាក្យថាស្រី អាប់រាសី ងើបមុខមិនរួចឡើយ…”។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ណា ធា» បានសរសេរនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “ផុសបង្ហើយ ឆ្អើមបំផុតហ្មង ពាក្យចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង! ឆ្នាំ២០២៦ហើយ រឿងហ្នឹងមិនមែនបែកធ្លាយទេ គឺប្រពន្ធបកអាក្រាត ទោះចង់មិនចង់ ក៏អូសទៅឃើញដែរ ឃើញហើយ មើលពិចារណា មិនមែនជារឿងអសី លធម៌ស្អីទេ នេះជាមេរៀនឱ្យស្រីមើល កុំល្ងង់នៅទ្រាំទទួលការបោកប្រាស់ពីមនុស្សថោកទាប ត្រូវតែចែកគ្នាដឹង ឃើញថា ក្មេងស្រីសម័យនេះ មួយចំនួនវាបែបណា? អ្នកដែលថាគេចេះដឹងរឿងគេហ្នឹង ខ្លួនឯងឈប់ប្រើ ទូរស័ព្ទទៅ បើត្រឹមត្រូវម៉្លឹងៗ ក្រែងថ្ងៃណាមួយ រឿងខ្លួនបែកធ្លាយ ទទួលយកអត់បាន រឿងត្រូវតែដឹង មនុស្សខូច ត្រូវតែផ្តន្ទា…”។
គួររំលឹកថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី លី ពេជ្ជតា បានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ដោយអះអាងថា ប្តីរបស់ខ្លួន ជាវេជ្ជបណ្ឌិត បានក្បត់ផិត លួចមានស្រី ជាបន្តបន្ទាប់រាប់មិនអស់ រហូតដល់ចុងក្រោយ ដេញឱ្យប្រពន្ធទៅមើលថែកូន នៅប្រទេសអូស្ត្រាលី រួចក៏លួចរៀបការជាមួយស្រីក្មេង អាយុ ១៩ឆ្នាំ រហូតដល់ស្ត្រីជាប្រពន្ធ ទ្រាំលែងបាន សម្រេចទម្លាយរឿងនេះ ផ្អើលពេញបណ្តាញសង្គម។
លោកស្រី លី ពេជ្ជតា បានបញ្ជាក់តាមរយៈគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា រវាងលោកស្រី និងប្តី គឺលោក វេជ្ជបណ្ឌិត អ៊ឹង សិរីវឌ្ឍនា បានរៀបការនឹងគ្នា រយៈពេលជាង១៨ឆ្នាំមកហើយ តែជីវិតអាពាហ៍ពិពាហ៍មួយនេះ ពោរពេញទៅដោយការកុហក បោកប្រាស់ ផិតក្បត់ ដោយសារតែប្តី លួចមានស្រីរាប់ភ្លេច ស៊ីមិនរើសមុខ ចុងក្រោយ បានដេញប្រពន្ធ ឱ្យទៅមើលកូន នៅក្រៅប្រទេស រួចលួចរៀបការជាមួយស្រីក្មេង អាយុ១៩ឆ្នាំ ស្ងាត់ៗ។

ជុំវិញរឿងរ៉ាវដ៏រសើបខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត អ៊ឹង សិរីវឌ្ឍនា ដែលរងការចោទប្រកាន់ផិតក្បត់ពីស្ត្រីជាអតីតប្រពន្ធខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ