Saturday, February 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរទាក់ឆ្កែ រត់មិនរួច ពលរដ្ឋចាប់បាន ២នាក់

ចោរទាក់ឆ្កែ រត់មិនរួច ពលរដ្ឋចាប់បាន ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពទាក់ឆ្កែចិញ្ចឹមរបស់ប្រជាពលរដ្ឋ នៅពេលយប់ តែត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោ ដេញតាមចាប់ ធ្វើឱ្យជនសង្ស័យភ័យ ជិះម៉ូតូជ្រុលទៅបុកខឿនផ្លូវ បណ្តាលឱ្យដួល ត្រូវបានប្រជាពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង លេខ៩៣ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហង្ស ឧស្សាហ៍ ភេទប្រុស អាយុ៣៩ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់ក្រោមស្ពាន ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងទី២-ឈ្មោះផាន់ អឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណឧឫស្សីកែវ (មានសារធាតុញៀន)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រពលរដ្ឋបានឃើញជនសង្ស័យ ២នាក់ ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-7564 ធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ក៏ស្រែកឆោឡោ និងនាំគ្នាប្រដេញតាមចាប់ ធ្វើឱ្យជនសង្ស័យទាំង២នាក់ភ័យ ជិះម៉ូតូជ្រុលទៅបុកខឿនផ្លូវ បណ្តាលឱ្យដួល ត្រូវប្រជាពលរដ្ឋចាប់ជាប់ ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-7564 ដែកសំប៉ែតចុងស្រួច ចំនួន១ សោខ្សៀរលេខ៨ ចំនួន១ ខ្សែកាប សម្រាប់ទាក់ឆ្កែ ចំនួន២សរសៃ ដែកសរសៃ ប្រវែង៦សង់ទីម៉ែត្រ  ដែកថ្នាំងអំពៅមូល ប្រវែង ៣,៦សង់ទីម៉ែត្រ និងដំបងឈើមូលប្រវែង៦សង់ទីម៉ែត្រ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES