Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើង ៦០នាក់ គប់គ្នាតាមផ្លូវ ជាប់ខ្នោះ៥

ក្មេងទំនើង ៦០នាក់ គប់គ្នាតាមផ្លូវ ជាប់ខ្នោះ៥

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ក្នុងនោះ ១ក្រុម មានគ្នាប្រមាណ៤០នាក់ ចំណែក១ក្រុមទៀត មានគ្នាប្រមាណ ២០នាក់ បានកើតមានជម្លោះឌឺដងពាក្យសម្តីដាក់គ្នា ឈានដល់ការប្រើអំពើហិង្សាទៅវិញទៅមក ដោយទាញដុំថ្មគប់គ្នាផ្អើលពេញដងផ្លូវ និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរថតសកម្មភាពបាន បង្ហោះចែកចាយពេញបណ្តាញសង្គម រហូតកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្មេងទំនើង បានចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីក្មេងទំនើងគប់គ្នាតាមផ្លូវសាធារណៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ ចំណុចមុខផ្សារខេម៉ល តាមបណ្តោយមហាវិថីចោមចៅ (វេងស្រេង)  ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ក្រុមទី១ បានចំនួន៥នាក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីក្មេងទំនើង ២ក្រុម ដោយក្នុងនោះ ក្រុមទី១ មានគ្នាប្រហែល៤០នាក់ និងក្រុមទី២មានគ្នាប្រហែល ២០នាក់ បានធ្វើសកម្មភាពគប់គ្នាតាមផ្លូវសាធារណៈ រួចជិះម៉ូតូ គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតហេតុ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញអធិ ការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្មេងទំនើង ក្រុមទី១ ចំនួន៥ នាក់ យកមកសាកសួរ។

ក្មេងទំនើងទាំង៥នាក់ ជាក្រុមទី១ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរិន សារឹទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះយឿន រ៉ាយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី៣-ឈ្មោះវ៉ាន ណារី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះស៊ូ ហ្វារី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  និងទី៥-ឈ្មោះណាន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ។

ក្មេងទំនើងទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួក និងភាគីម្ខាងទៀត ដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួននាំ យកមកចាត់ការតាមច្បាប់៕

RELATED ARTICLES