Thursday, February 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរ អំពាវនាវពលរដ្ឋ ចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម

អាជ្ញាធរ អំពាវនាវពលរដ្ឋ ចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ ជម្រកមូសខ្លា ប្រមាណ ១៥០ម៉ែត្រ ជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម “គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម”។

លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើនមូស ក្នុងសហគមន៍។ ក្នុងនាមរដ្ឋបាលរាជធានី សូមជម្រាបជូនសា ធារណជនថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វ ផ្សាយជាសាធារណៈ ជូនបងប្អូនប៉ុន្តែលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។

លោកស្រី ដោ សម្ផស្ស បន្តថា ក្រុមការងាររបស់រដ្ឋបាលខណ្ឌ ទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជ ធានីភ្នំពេញ បាននិងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំមូស ជាប់ជាប្រចាំ នៅតាមភូមិ សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់នានាក្នុងមូលដ្ឋាន ជារៀងល្ងាច ហើយនឹងបន្តចុះបាញ់ថ្នាំមូស នៅតាមមូល ដ្ឋាន ជាបន្តបន្ទាប់ ទូទាំងរាជធានីភ្នំពេញទាំងមូល។

សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារសន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេងៗ គឺជាភារកិច្ចប្រចាំថ្ងៃ របស់អាជ្ញាធរមូលដ្ឋាន ដោយមិនគិតថ្ងៃយប់ឡើយ ។

ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស បានសំណូមពរបងប្អូនប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ ជម្រកមូសខ្លា ប្រមាណ ១៥០ម៉ែត្រ ជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម “គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម”។

លោកស្រីបញ្ជាក់ថា “កូនចៅយើង នឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លា អស់ពីសហគមន៍”៕

RELATED ARTICLES