Thursday, February 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផាកពិន័យក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កក ៥ទីតាំង បំពុលបរិស្ថាន

ផាកពិន័យក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កក ៥ទីតាំង បំពុលបរិស្ថាន

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិ ការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោកចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យ និងបានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កក ទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។

ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនទាំងអស់នោះ បានគ្រប់គ្រងសំណល់រាវ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងច្បាប់ (ពុំមានអាងសម្អាត) ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ទីតាំងអាជីវកម្មទាំងនោះ បានដំណើរការដោយកគ្មានកិច្ចសន្យាការពារបរិស្ថាន។

ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថាន ជាបន្តទៀត ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំងនោះ ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ បន្ទាប់មក ក្រុមហ៊ុនអាជីវកម្មទាំងនោះ ត្រូវទទួលរងពិន័យអន្តរការណ៍ អនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ការ បង្កបញ្ហាក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ (អនុ លោមមាត្រា១៦១នៃក្រមបរិស្ថាននិងធនធានធម្មជាតិ) និងបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវ (អនុ លោមមាត្រា១៥៦ មាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងឧបសម្ព័ន្ធ “ស្តង់ដារ” នៃអនុក្រឹត្យលេខ១០៣)។ លើសពីនេះ ក្រុមហ៊ុនអាជីវកម្មទាំងអស់នោះ បានបើកដំណើរការពុំមានកិច្ចសន្យាការពារបរិស្ថាន គឺល្មើសមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៧២ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជុំវិញករណីនេះ ក្រសួងបរិស្ថាន តម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយតម្រូវឱ្យរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមគោលការណ៍បច្ចេកទេស និងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឱ្យបានរួចរាល់ ក្នុងរយៈពេល៣ខែ។ លើសពីនេះ ម្ចាស់ទីតាំង នីមួយៗ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចត្រូវដាក់ជូនក្រសួង បរិស្ថាន ដើម្បីធ្វើការពិនិត្យនិងអនុម័ត ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឱ្យបានរួចរាល់ក្នុងរយៈ ពេល៣ខែ។

សូមបញ្ជាក់ថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក ទាំង៥ រួមមាន ទីតាំងទី១-ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់។ ទីតាំងទី២-ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់។ ទីតាំងទី៣-ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់។ ទីតាំងទី៤-ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ និងទីតាំងទី៥-ស្ថិតនៅភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់៕

RELATED ARTICLES