Saturday, February 14, 2026
Homeព័ត៌មានជាតិសាងបាប លាងបាប មេបក្សជំនាន់ថ្មីថា ខុសពីឈ្លើងសង្គមបំផ្លាញជាតិ

សាងបាប លាងបាប មេបក្សជំនាន់ថ្មីថា ខុសពីឈ្លើងសង្គមបំផ្លាញជាតិ

ភ្នំពេញៈ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា សាងបាប លាងបាប ខុសពីឈ្លើងសង្គមបំផ្លាញជាតិ ។ ការលើកឡើងបែបនេះ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) រូបនេះ ចង់សំដៅទៅដល់អំពើពុករលួយនៅក្នុងប្រព័ន្ធគយ បន្ទាប់ពីអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមន្ត្រីគយ លាងបាប ខណៈអង្គការតម្លាភាពអន្តរជាតិ បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា១លេខទៀត ក្នុងឆ្នាំ២០២៥ គឺជាប្រទេសដែលមានអំពើពុករលួយច្រើន។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់“នគរធំ” នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ថា “ យើងដឹងហើយថា ស្ថាប័នគយ គឺជាកន្លែងដែលគេងាយមើលឃើញជាប្រយោល ជាចំហក្ដី គឺយើងឃើញតាមរបៀបប្រាក់ខែរាជការក្នុងកម្រិតប៉ុន្មានក្នុង១ខែ ទៅតាមឋានន្តរស័ក្ដិ នៃការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហើយមកដល់ឥឡូវ យើងមើលឃើញថា គយជាច្រើន ស្ទើរតែ៩០% ដែលបានទទួលនូវប្រាក់ យើងមិននិយាយពីប្រាក់ខែទេ គឺប្រាក់ដែលមិនប្រក្រតីហ្នឹង រហូតដល់មានបាន ហើយមានការបែកធ្លាយ ដែលអគ្គនាយករងមួយហ្នឹងមានលុយទៅដល់២ពាន់លានដុល្លារទៅទៀត ។ អ៊ីចឹងវាជាបញ្ហាមួយ ដែលយើងឃើញថា អង្គការតម្លាភាព ដែលបានបង្ហាញចំណាត់ថ្នាក់មកកម្ពុជា គឺគ្រប់គ្នា ខ្ញុំមិននិយាយរបៀបជាហេតុផលនយោបាយទេ ខ្ញុំនិយាយជាលក្ខណៈបច្ចេកទេស ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិយើងដឹងតាមទិដ្ឋភាពជីវភាពរស់នៅ ការប្រើប្រាស់សម្ភារៈទំនើបហួសពីប្រាក់ខែរបស់ខ្លួន ។ ក្នុងប្រទេសគេ គឺថា ទោះបីគេមានបានយ៉ាងណា ក្នុងរដ្ឋការ រាជការ គឺគេរបស់ដែលបង់បណ្ដាក់ប្រចាំខែ ឬក៏រស់របៀបសេចក្ដីថ្លៃថ្នូរ មិនពុករលួយ គោរពច្បាប់ អនុវត្តមិនល្មើសច្បាប់ទៅនឹងការគាបសង្កត់ ការជិះជាន់ ប្រព្រឹត្តអំពើពុករលួយ បក្ខពួក គ្រួសារនិយមអី អាទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យសង្គមជាតិហ្នឹង វាមិនរីកចម្រើន មិនទៅមុខ ធ្វើឲ្យជួបនូវភាពក្រីក្រ ធ្វើឲ្យជួបនូវអ្វីដែលជាការមិនគប្បីសម្រាប់ការជួយស្ដារ ជួយកសាងប្រទេសជាតិ ឲ្យខឿនសេដ្ឋកិច្ចហ្នឹងរស់រវើក ឲ្យវាមានសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការគោរពនីតិរដ្ឋ គោរពច្បាប់ មិនប្រព្រឹត្តអំពើពុករលួយអី…”  ។

ភ្ជាប់ជាមួយចំណុចនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់សង្កត់ធ្ងន់ថា សាបាប លាងបាប ខុសពីឈ្លើងសង្គមបំផ្លាញជាតិ មានន័យថា ជាការបឺតឈាមសង្គម បំផ្លាញសង្គម ប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យគេឈឺចាប់ អយុត្តិធម៌ ដើម្បីតែអំណាច និងលាភសក្ការៈ ដែលយកពីការបម្រើជាតិ ប៉ុន្តែយើងអត់បានទៅបម្រើជាតិដោយសេចក្ដីល្អ ដោយអំពើបុណ្យកុសល សម្រាប់សន្តិសុខមនុស្សជាតិ សម្រាប់ផ្នែកមនុស្សធម៌ សប្បុរសធម៌ ដើម្បីជាសេចក្ដីសុខនៃប្រទេសជាតិ នៃប្រជាពលរដ្ឋនៅក្នុងសង្គម ក្នុងនាមយើងជាអ្នកដឹកនាំ ជាអ្នកនយោបាយនោះទេ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំចង់បង្ហាញចំណុចដែលថា សាងបាប លាងបាប វាផ្ទុយ វាខុសពីឈ្លើងសង្គមបំផ្លាញជាតិហ្នឹង ត្រង់ថា ការសាងបាប លាងបាប របស់មនុស្សយើងនៅក្នុងសង្គមមួយ ដែលកាន់សាសនា មិនថាសាសនាព្រះពុទ្ធ អ៊ិស្លាម គ្រិស្ទៀន យេស៊ូគ្រិស្ដ ព្រះហិណ្ឌូ ឬក៏សាសនាផ្សេងៗទេ គឺថា កាលណាយើងសាងល្អ យើងទទួលបាននូវសេចក្ដីល្អ សេចក្ដីត្រឹមត្រូវ មិនមានឧបសគ្គ ឬក៏វិប្បដិសារី ទៅនឹងអ្វីដែលយើងសាងអំពើល្អ ។ បើយើងសាងបាប គឺយើងធ្វើអំពើអាក្រក់ អំពើណាដែលធ្វើឲ្យអន្តរាយដល់ខ្លួនឯង ដល់អ្នកដទៃ ។ អ៊ីចឹងវាប៉ះទៅលើបុគ្គល និងបុគ្គលទេ គឺថាសាងបាប បានបាប សាងបុណ្យបានបុណ្យ នៅផ្លូវធម៌ព្រះពុទ្ធ ឬក៏សាសនាផ្សេងៗ ជាសុភមង្គល ជាអពមង្គលរបស់បុគ្គលម្នាក់ៗ ហើយអ្វីដែលវាផ្ទុយទៅនឹងឈ្លើងសង្គមបំផ្លាញជាតិ គឺយើងចង់ផ្ដោតទៅលើអ្នកដឹកនាំ ទៅលើស្ថាប័នគ្រប់គ្រងរដ្ឋ ឬក៏ផ្នែកផ្សេងៗដែលទាក់ទងទៅនឹងអ្វីដែលជាការរាំងស្ទះ ការមិនបានចូលរួមចំណែកកសាងជាតិ កសាងសង្គម សហគមន៍ដែលខ្លួនរស់នៅឲ្យមានសុខដុមរមនា គឺថា ការបឺតឈាមសង្គមហ្នឹង មានន័យថា យើងបំផ្លាញសង្គម ប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យគេឈឺចាប់ អយុត្តិធម៌ ដើម្បីតែអំណាច និងលាភសក្ការៈ ដែលយកពីការបម្រើជាតិ ប៉ុន្តែយើងអត់បានទៅបម្រើជាតិដោយសេចក្ដីល្អ ដោយអំពើបុណ្យកុសល សម្រាប់សន្តិសុខមនុស្សជាតិ សម្រាប់ផ្នែកមនុស្សធម៌ សប្បុរសធម៌ ជួយកសាងបែបណា ដើម្បីជាសេចក្ដីសុខនៃប្រទេសជាតិ នៃប្រជាពលរដ្ឋនៅក្នុងសង្គម ក្នុងនាមយើងជាអ្នកដឹកនាំ ជាអ្នកនយោបាយ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយយើងចង់បានតំណែងបុណ្យស័ក្ដិហ្នឹង ទៅបង្កើតនូវអំពើពុករលួយ លាភសក្ការៈ ជាន់គេ ជាន់ឯង ធ្វើឲ្យគេឈឺចាប់ ដោយសារតែផលប្រយោជន៍នៃគ្រួសារ បុគ្គល បក្ខពួកអីហ្នឹងហើយ ដែលជាការអន្តរាយ ធ្វើឲ្យជាតិហ្នឹងមិនរីកចម្រើន មានតែហិនហោច ដូចជាយើងបំផ្លាញនូវទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិហ្នឹង គឺដូចជាបញ្ហារ៉ែ បញ្ហាព្រៃឈើ ឬក៏លុយពុករលួយនៅក្នុងក្រសួងស្ថាប័នអីហ្នឹងមិនបានឲ្យមានសុចរិតភាព តម្លាភាព គណនេយ្យភាព ក្រៅតែពីបិទបាំង ក្រៅតែពីបំផ្លាញជាតិ តាមរយៈអំណាចបុណ្យស័ក្ដិ ហើយមិនគិតអំពីផលប្រយោជន៍រួម អាហ្នឹងហើយ ដែលប្រទេសនឹងរលត់រលាយ ជាតិត្រូវបានបំផ្លាញដោយបុគ្គលទុច្ចរិត បុគ្គលដែលមិនគោរពនូវនីតិរដ្ឋ បុគ្គលដែលដើរផ្ទុយពីច្បាប់ប្រទេស យកអំណាចទៅជាន់ឈ្លីការដឹកនាំមួយ ដែលប្រាសចាកអំពីអ្វីដែលជារដ្ឋបាលសាធារណៈ ក្នុងការស្វែងសុភមង្គលឲ្យជាតិ ឲ្យប្រជារាស្រ្ត ។ អាហ្នឹងហើយ ដែលខ្ញុំថា វាផ្ទុយ វាជាឈ្លើងសង្គមមួយ ដែលមិនបានធ្វើឲ្យជាតិរុងរឿង មិនបានធ្វើអ្វីជាសេចក្ដីសុខដល់ប្រជារាស្រ្ត វាទៅជារឿងដែលបង្កើតនូវបក្ខពួក គ្រួសារនិយម ហើយគិតតែពីផលប្រយោជន៍សួនតួ អត្តទត្ថបុគ្គល មិនគិតពីផលប្រយោជន៍រួម វាកើតជាការបែកបាក់ផ្ទៃក្នុងជាតិ ការប្រកាន់ពណ៌សម្បុរ រើសអើងរវាងគម្លាតអ្នកមាន និងអ្នកក្រ ហើយនិងអ្នកមានអំណាច អ្នកធំ អ្នកតូចហ្នឹង ។ អាហ្នឹងហើយជាហេតុផលដែលយើងអត់ចង់ឃើញការសាងបាប ការបង្កើតនូវអ្វីជាឧក្រិដ្ឋកម្មទុច្ចរិត ធ្វើឲ្យសង្គមហ្នឹងពុករលួយ ធ្វើឲ្យប្រទេសជាតិហ្នឹងរងគ្រោះ ដោយសារភាពរាំងស្ទះ មិនមានការរួមគំនិត រួមចំណេះបញ្ញាកសាងប្រទេសជាតិហ្នឹងឲ្យល្អប្រសើរសម្រាប់ជាការបង្ហាញនូវសេចក្ដីថ្លៃថ្នូរ នូវកិត្តិយស កិត្យានុភាពនៅលើពិភពលោក ឲ្យគេឃើញថា តើពូជខ្មែរ សង្គមខ្មែរនេះ វារីកចម្រើន ឬក៏វាពុករលួយ ឬការជិះជាន់បែបណា ដើរផ្ទុយទៅនឹងរកអំណាចផ្ដាច់ការ ឬក៏សង្គមប្រជាធិបតេយ្យ សង្គមនៃមនោគមន៍វិជ្ជា ការបែកបាក់នៃការរើសអើងនិន្នាការគណបក្សនយោបាយ ការប្រកាន់ពណ៌សម្បុរទៅតាមអ្វីដែលមិនមែនជាសេចក្ដីសុខនៃខ្មែរយើង ឬវប្បធម៌ចែកគ្នារស់ ក្រៅពីវប្បធម៌ដណ្ដើមគ្នារស់ សក់អ្នកណាក្បាលអ្នកហ្នឹង “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងមានន័យថា យើងអត់មានសេចក្ដីសុខ សុខនៅក្នុងអ្វីដែលជាពន្លឺនៃសុភមង្គល ហើយនិងការជួយជាគំរូដល់អ្នកជំនាន់ថ្មី អ្នកជំនាន់ក្រោយអីទេ ក្រៅតែពីទុក្ខសោក ក្រៅតែពីរីងរៃនៃប្រទេសជាតិមួយ ដែលមិនមានសេចក្ដីសុខ​ សេចក្ដីខ្លាំង រឹងមាំ ថ្លៃថ្នូរ ក្រៅតែពីឲ្យបរទេសគេជាន់ឈ្លី គេមើលងាយ មើលថោកប្រទេសជាតិ ខ្ញុំថា នេះជាអ្វីថ្នាក់ដឹកនាំត្រូវតែធ្វើជាគំរូនៃការចាប់ផ្ដើម ដើម្បីឲ្យមានភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ កិត្យានុភាពនៅលើឆាកអន្តរជាតិ គឺថា យើងមានសីលធម៌ គុណធម៌នៃអ្នកដឹកនាំ សណ្ដាប់ធ្នាប់នយោបាយបែបថ្មី គោរពនីតិរដ្ឋ គោរពច្បាប់ ដឹកហើយនិងនាំជាគំរូសម្រាប់ឲ្យប្រទេសជាតិហ្នឹងមានការរីកចម្រើន ហើយប្រជាពលរដ្ឋមានសេចក្ដីសុខ ចេញអំពីការគំរាមកំហែង គាបសង្កត់ បំភិតបំភ័យ ក្រៅតែពីអ្វីដែលយើងប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស យកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និយាយស្ដី ជាសិទ្ធិដែលត្រូវបានធានា ការពារដោយរដ្ឋធម្មនុញ្ញ យកការគោរពសិទ្ធិមនុស្ស គុណតម្លៃនៃជីវិតមនុស្ស ទៅនឹងសុខុមាលភាពនៃការរស់នៅ ទៅនឹងការចេះដឹងចេញពីការអប់រំ បង្កើតនូវធនធានមនុស្ស ឲ្យគុណតម្លៃនៃធនធានមនុស្ស ចូលរួមចំណែកកសាងនូវប្រទេសជាតិតាមពហុគំនិត តាមចំណេះជំនាញ តាមធនធានដែលពួកគេមាន ។ អាហ្នឹងហើយជាពន្លឺភ្លឺស្វាងសម្រាប់ប្រទេសជាតិទាំងមូល គឺចង់បង្ហាញចេញពីបុគ្គលនៃអ្នកដឹកនាំ គឺថា ត្រូវតែមានភាពស្អាតស្អំ ត្រូវតែមានសីលធម៌ ត្រូវតែគោរពច្បាប់ជាគោល ជាអ្នកគំរូនៃការអនុវត្តន៍ច្បាប់នីតិរដ្ឋ ហើយត្រូវចែកគ្នាឲ្យដាច់រវាងអំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ នីតិតុលាការ ហើយធ្វើជាគំរូនៃសកម្មក្នុងការជួយកសាងជាតិ កសាងនូវសុភមង្គលដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស ម្ចាស់សន្លឹកឆ្នោត ដើម្បីជ្រើសរើសយកមេដឹកនាំមកបម្រើប្រជាពលរដ្ឋ នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ជំពូកទី៣ មាត្រា៣០ ដល់មាត្រា៥០ ។ អាហ្នឹងហើយដែលពលរដ្ឋចង់ឃើញអ្នកដឹកនាំក្នុងនាមជាអ្នកបម្រើពលរដ្ឋ ពលរដ្ឋជាម្ចាស់ ជាចៅហ្វាយរបស់អ្នកដឹកនាំ នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងក្រោយពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ក្រុមការងារ​វិស័យ​ឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា ថ្លែងនៅក្នុងវេទិកាពន្ធដារ​កម្ពុជា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ ពិចារណា «លាងបាប» ឬលុបបំណុលចាស់ៗរបស់ក្រុមហ៊ុនឯកជន ដើម្បីសម្រួលឲ្យក្រុមហ៊ុនឯកជនអាចបើកអាជីវកម្មថ្មីៗរបស់ពួកគេបាន។ ជាពិសេសលោកបានអំពាវនាវឱ្យវិស័យឯកជនទាំងមូល អនុវត្ត​កាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យ​បាន​ត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាច​ដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាស្ថិរភាពជាតិ របស់ប្រទេសកម្ពុជា។

ដោយឡែក ក្នុង​របាយការណ៍​ដែលចេញផ្សាយ​ដោយ​​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​​​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ​បង្ហាញ​ថា សន្ទស្សន៍​ការ​យល់​ឃើញ​ពីអំពើ​ពុក​រលួយ (CPI) ​ឆ្នាំ២០២៥ ប្រទេស​កម្ពុជា​ ទទួល​បាន​ពិន្ទុ ២០ លើ​ពិន្ទុ​អតិបរមា ១០០ ដែលជា​ការ​​ថយ​​ចុះ​ ១ពិន្ទុ ធៀប​នឹង​ឆ្នាំ​២០២៤។ ពិន្ទុ​នេះ ធ្វើឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់លេខរៀង​​ទី​១៦៣ ក្នុងចំណោម ១៨២ ​ប្រទេស​ និងដែនដី ដែលស្ថិតនៅជិត​បាត​តារាងនៃការ​វាយ​តម្លៃ​ និងជា​ការ​បង្ហាញពីនិន្នាការ​មួយ​គួរឱ្យ​ព្រួយបារម្ភ ខណៈឆ្នាំ​២០២៤ កម្ពុជាស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី១៥៥ ក្នុង​ចំណោម​ ១៨០​ប្រទេស ​និងដែនដី។

សន្ទស្សន៍ ​CPI ចាត់ថ្នាក់​ប្រទេស​ និងដែនដីចំនួន ១៨២ តាម​កម្រិតនៃការ​យល់ឃើញ​ពីអំពើ​ពុក​​រលួយ​​នៅក្នុងវិស័យសាធារណៈ ដោយប្រើប្រាស់​មាត្រ​ដ្ឋាន​​ពីពិន្ទុ ០ ដែល​មានន័យថា «ពុករលួយខ្លាំង» ដល់​ពិន្ទុ ​​១០០ ​ដែលមានន័យថា​ «ស្អាត​ស្អំ​ខ្លាំង»។

យ៉ាងណា តារាង​វាយតម្លៃពិន្ទុរបស់​​អង្គការ​តម្លាភាពអន្តរជាតិ ក៏​បាន​​លើក​ឡើង​អំពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​​ព្រួយ​បារម្ភ ​នូវ​​ការ​កើន​ឡើង​នូវ​អំពើ​ពុករលួយ ​​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​​ ក្នុងពិភព​លោក​ផងដែរ ដោយ​សារ​​សន្ទស្សន៍ CPI សរុបទាំង១៨២ប្រទេស ​និងដែនដី គឺមានដល់ទៅ​ ១២០​ប្រទេស ដែលបានពិន្ទុក្រោម ៥០ ដែល​នេះជាសញ្ញាបង្ហាញថា រដ្ឋាភិបាលភាគច្រើន កំពុង​បរាជ័យក្នុងការទប់​ស្កាត់​ការរំលោភអំណាច ការ​សូក​ប៉ាន់ និងការកេងប្រវ័ញ្ចថវិកាសាធារណៈ។

បើតាមរបាយការណ៍​ ​សូម្បីប្រទេស​ប្រជាធិបតេយ្យធំៗ ដូចជា ​សហរដ្ឋអាមេរិក​ ក៏បានធ្លាក់​ពិន្ទុ ពី​៦៥ នៅឆ្នាំ​២០២៤ មក​នៅត្រឹម​​ ៦៤ ក្នុងចំណោម​១០០ពិន្ទុ នៅឆ្នាំ២០២៥​ ផង​ដែរ ខណៈ​​ប្រទេស​ដែលត្រូវបានវាយ​តម្លៃ​ថា​​​មាន​ភាព​ស្អាត​ស្អំ និង​មាន​អំពើ​ពុក​រលួយ​តិច​ជាង​គេ គឺ​​ប្រទេស​ដាណឺម៉ាក ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជាមួយ​ពិន្ទុ​​៨៩។

ក្នុង​សេចក្តីប្រកាសព័ត៌​មាន ដែលភ្ជាប់ជាមួយ​របាយការណ៍នោះ អង្គការ​តម្លា​ភាព​អន្តរជាតិ បាន​អំពាវ​នាវ​ដល់បណ្តារដ្ឋទាំងអស់ ត្រូវ​បន្ត​ការ​​ដឹក​នាំ​នយោបាយ​លើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ទាំង​ការ​អនុវត្ត​ច្បាប់​ពេញ​លេញ ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ជាអន្តរ​ជាតិ និង​កំណែ​ទម្រង់​ដែល​ពង្រឹង​តម្លា​ភាព ការ​ត្រួត​ពិនិត្យ និង​គណនេយ្យ​ភាព។

អង្គការនោះ ក៏អំពាវនាវ​ឱ្យ​ការ​ពារ​​​លំហ​ពលរដ្ឋ ដោយ​បញ្ចប់​ការ​វាយ​ប្រហារ​លើ​អ្នក​សារព័ត៌​មាន អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល និង​អ្នក​ផ្តល់​ព័ត៌មាន និងប​ញ្ឈប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​រឹត​បន្តឹង​​ការ​ងារ​សង្គម​ស៊ីវិល​ឯករាជ្យ ព្រមទាំង​​បិទ​ចន្លោះ​ប្រហោង​សម្ងាត់​ដែល​អនុញ្ញាត​ឱ្យអំពើ​​ពុក​​រលួយ​​ផ្លាស់​​ទី ​ឆ្លង​​ដែន ​​ជាដើម ៕

RELATED ARTICLES