សូម៉ាលី៖ ប្រភពផ្លូវការមួយបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៥នាក់រាប់បញ្ចូលទាហានរដ្ឋាភិបាលផងដែរត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារហើយជាង១០នាក់ទៀតរងរបួសបន្ទាប់ពីការវាយប្រហាដោយគ្រាប់បែកក្នុងរថយន្តមួយគ្រឿងត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅរោងមហោស្របជាតិក្បែរវិមានប្រធានាធិបតីសូម៉ាលីក្នុងទីក្រុងមូហ្គាឌីស៊ូ ។
អ្នកនាំពាក្យរដ្ឋបាលក្នុងតំបន់ Benadir លោក Abdifitah Omar Halane បានថ្លែងប្រាប់អ្នកសារព័ត៌មានថាក្រុមសកម្មប្រយុទ្ធរបស់ពួកអាល់សាបាប់បានបើកប្រតិបត្តិការវាយប្រហារនិងសម្លាប់ទាហានរដ្ឋាភិបាលនិងជនស៊ីវិលជាច្រើននាក់ដែលស្ថិតនៅជុំវិញតំបន់នោះ ។
លោក Halane បានបន្ថែមថាយ៉ាងហោចណាស់មានមនុស្ស៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារពីសំណាក់ក្រុមភេរវករនេះហើយ១០នាក់ផ្សេងទៀតរងរបួសផងដែរ ។ ទាហានរដ្ឋាភិបាល ស្ត្រីនិងកុមារគឺស្ថិតក្នុងចំណោមអ្នករងគ្រោះក្នុងហេតុការណ៍នេះ ។
លោកបានបន្តទៀតថាទាហានរដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេក្នុងការរារាំងឬទប់ស្កាត់ការវាយប្រហារនេះផងដែរ ។ ទន្ទឹមនិងនេះមន្ត្រីសន្តិសុខម្នាក់ដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះថាគាត់បានឃើញមនុស្ស៧នាក់រាប់បញ្ចូលទាហានរដ្ឋាភិបាល៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារគ្រានេះ ។ ចំណែកអគ្គនាយកវិទ្យុក្នុងស្រុកយីហោ Kulmiye លោក Abdulahi Osman Gure បានថ្លែងថាគាត់បានឃើញសាកសពជាច្រើន។
ទោះជាយ៉ាងណាពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះដែលប្រព្រឹត្តទៅក្នុងទីក្រុងមូហ្គាឌីស៊ូឡើយរហូតមកដល់ពេលបច្ចុប្បន្ន ។ ប៉ុន្តែគេកត់សម្គាល់ថាវាបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីនាយករដ្ឋមន្ត្រីសូម៉ាលីបានប្រកាសអំពីគណៈរដ្ឋមន្ត្រីរបស់លោកនាថ្ងៃតែមួយនោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា