Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះ​ គ្រាប់ក្នុងរថយន្ត​នៅ​ មូហ្គាឌីស៊ូ ស្លាប់​៥នាក់​

បំផ្ទុះ​ គ្រាប់ក្នុងរថយន្ត​នៅ​ មូហ្គាឌីស៊ូ ស្លាប់​៥នាក់​

សូម៉ាលី៖ ប្រភពផ្លូវការមួយបាន​ឲ្យ​ដឹងថា​យ៉ាងហោចណាស់​មានមនុស្ស​៥នាក់​រាប់បញ្ចូលទាហាន​រដ្ឋាភិបាល​ផងដែរ​​ត្រូវបានសម្លាប់​កាលពី​ល្ងាច​ថ្ងៃអង្គារ​ហើយ​ជាង១០នាក់​ទៀត​រងរបួស​បន្ទាប់ពី​ការវាយប្រហា​ដោយគ្រាប់បែកក្នុង​រថយន្ត​មួយ​គ្រឿងត្រង់ចំណុច​ប៉ុស្តិ៍ត្រួតពិនិត្យ​នៅ​រោងមហោស្របជាតិក្បែរ​វិមាន​ប្រធានា​ធិបតីសូម៉ាលី​ក្នុង​ទីក្រុងមូហ្គាឌីស៊ូ​ ។

អ្នក​នាំពាក្យ​រដ្ឋបាល​ក្នុង​តំបន់ Benadir លោក Abdifitah Omar Halane បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ក្រុម​សកម្មប្រយុទ្ធ​របស់ពួកអាល់សាបាប់​បាន​​បើក​ប្រ​តិបត្តិការ​វាយប្រហារ​និង​សម្លាប់​ទាហានរដ្ឋាភិបាល​និង​ជនស៊ីវិល​ជាច្រើននាក់​​ដែលស្ថិតនៅជុំវិញតំបន់នោះ ។

លោក Halane បានបន្ថែមថា​យ៉ាងហោចណាស់មានមនុស្ស​៥នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ពីសំណាក់​ក្រុមភេរវករ​នេះ​ហើយ​១០នាក់​ផ្សេង​ទៀត​រងរបួស​ផងដែរ ។ ទាហានរដ្ឋាភិបាល​ ស្ត្រីនិង​កុមារ​គឺស្ថិតក្នុងចំណោ​ម​អ្នក​រងគ្រោះ​ក្នុងហេតុការណ៍នេះ ។

លោក​បានបន្ត​ទៀតថា​ទាហានរដ្ឋាភិបាល​បានព្យាយា​ម​អស់ពី​សមត្ថភាព​របស់ពួក​គេ​ក្នុង​ការ​រារាំង​ឬទប់ស្កាត់ការវាយប្រហារ​នេះផងដែរ ។ ទន្ទឹមនិងនេះ​មន្ត្រីសន្តិសុខម្នាក់​ដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះ​ថា​គាត់បានឃើញ​មនុស្ស​៧នាក់​រាប់បញ្ចូល​ទាហានរដ្ឋាភិបាល​៣នាក់​ត្រូវបានសម្លាប់​ក្នុងការ​វាយប្រហារ​គ្រានេះ ។ ចំណែកអគ្គនាយក​វិទ្យុ​ក្នុងស្រុកយីហោ Kulmiye លោក Abdulahi Osman Gure បានថ្លែងថា​គាត់បានឃើញ​សាកសព​ជាច្រើន​។

ទោះជាយ៉ាងណា​ពុំមាន​ក្រុមណាមួយ​ចេញមុខ​អះអាង​ទទួលខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​ចុងក្រោយនេះដែលប្រព្រឹត្តទៅក្នុង​ទីក្រុងមូហ្គាឌីស៊ូ​ឡើយ​រហូតមកដល់ពេលបច្ចុប្បន្ន ។ ប៉ុន្តែគេកត់សម្គាល់ថាវាបានកើតឡើង​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ​ក្រោយពី​នាយករដ្ឋមន្ត្រី​សូម៉ាលី​បានប្រកាស​អំពី​គណៈ​រដ្ឋមន្ត្រី​របស់លោក​នាថ្ងៃ​តែមួយនោះ​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES