ភ្នំពេញ ៖ ក្នុងទឹកមុខស្រងូតស្រងាត់ ស្រីស្រស់ ហេង គីមហ័្សង ហៅជីហ្ស័ង អង្គុយស្មឹងស្មាធនៅមុខរូបថតសខ្មៅរបស់យាយទូតនាង ដែលទទួលមរណភាព កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ចំថ្ងៃដែលនៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការិះគន់ចំពោះការលើកឡើងរបស់នាង នៅក្នុងកម្មវិធី Podcast មួយដែលនាងនិយាយថា បើស្រលាញ់នាង គួរតែឲ្យលុយចាយខ្លះ ព្រោះពេលទៅជួប មិនមែនទៅទាំងភាពមិនស្រស់ស្អាតទេ គឺបែប ស្អាត បាញ់ទឹកអប់ទៀតផង …។ វាចារបស់ស្រីស្អាតបែបនេះ ធ្វើឲ្យមានការវែកញែកថា នាងជាស្រី «មុខលុយ» ដែលរហូតមកដល់ពេលនេះ អ្នកវិភាគលើសម្តីនាង នៅតែមិនស្ងាត់ឡើយ ខណៈដែលសាមីខ្លួនផ្ទាល់ នាងជីហ្ស័ង បានចេញមកអះអាងថា នាងនឹងចេញមុខបកស្រាយរឿងនេះ ក្រោយពេលធ្វើបុណ្យសពយាយទួត រួច រាល់ ប្រសិនបើរឿងនេះនៅតែមិនស្ងាត់ ខណៈដែលពេលនេះ នាងកំពុងតែកាន់ទុក្ខ ។

តារាសម្ដែង ហេង គីមហ័្សង ថ្លែងថា «ខ្ញុំមិនអីទេ ខ្ញុំរឹងមាំតាំងពីដើមមកហើយ អរគុណខ្លាំងៗ សម្រាប់ការបារម្ភរបស់បងប្អូន រឿងនោះ ខ្ញុំនឹងដោះស្រាយតាមក្រោយ បន្ទាប់ពីពិធីបុណ្យ បើសិនជានៅមិនទាន់ស្ងាត់ ពេលនេះខ្ញុំកំពុងកាន់ទុក្ខ យាយទូតរបស់ខ្ញុំ សូមដោះស្រាយតាមដំណាក់កាល រឿងផ្ទួនគ្នាពេក»។

អ្នករួមអាជីព នៅតែលើកទឹកចិត្តជីហ្ស័ង ថានាងនិយាយគ្មានខុសត្រង់ណាទេ ប៉ុន្ដែបើឆ្គង គឺនាងនិយាយត្រង់ៗពេក ។ ចំណែកអ្នកវិភាគលើហ្វេសប៊ុក ភាគច្រើនឈរនៅខាងនាងគឺមានតែអ្នកខម្មិនប៉ុណ្ណោះដែលចូលទៅជេរ រិះគន់នាង កក្រើកបណ្ដាញសង្គមតែម្ដង ដោយខ្លះប្រៀបធៀបនាងទៅនារីខារ៉ាអូខេ ថាបើណាត់គេអង្គុយកំដរហើយ ត្រូវតែឲ្យលុយធីបជាដើម ។ ប៉ុន្ដែអំឡុងកាន់ទុក្ខនេះ ជីហ្ស័ង គ្មានប្រតិកម្មតបទៅអ្នករិះគន់វិញទាំងកំហឹងឡើយ ដោយនិយាយទាំងចិត្តត្រជាក់ថា មិនគេចវេះទៅណាទេ គឺនឹងដោះស្រាយរឿងនេះ ក្រោយធ្វើបុណ្យឲ្យយាយទូត រួចរាល់ ។

សូមបញ្ជាក់ថា ជីហ្ស័ង ជាតារាស្រីវ័យក្មេងដែលពូកែតែងខ្លួនតាមបែបយុវវ័យប្លែកៗ ទើបធ្វើឲ្យសម្រស់នាងកាន់តែគួរឲ្យក្នាញ់ ហើយឆក់បានតំណែងតួឯក ជាបន្ដបន្ទាប់ ដូចជារឿង «ប្រពន្ធសម្អប់», «ម៉ែក្មេកផ្កាភ្លើង» និងរឿង «ហាមបិទភ្នែក» ជាដើម ។ មិនត្រឹមតែជាតារាសម្ដែងធម្មតានោះទេ តែនាងក៏បានវិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំរឿងផងដែរ រហូតធ្វើឲ្យមិត្តរួមអាជីព ស្រឡាំងកាំង ព្រោះតែនាងនៅក្មេងពេក កាន់អាយកូមបញ្ជាពួកគេ។ ប៉ុន្ដែមូលហេតុដែលគីមហ័្សង មិនសូវលេចធ្លោ ព្រោះតែនាងមិនសូវចេញមុខច្រើនតាមបណ្ដាញសារព័តមាន។ យ៉ាងណា ក្រោយផ្ទុះការរិះគន់លើនាង លើបណ្ដាញសង្គម ថ្មីៗនេះ មានគេចាប់អារម្មណ៍ច្រើនថា នាងជាស្រីស្អាត អ៊ីចឹងកុំបារម្ភច្រើនអីថា អ្នកស្រលាញ់នាង មិនហ៊ានឲ្យលុយចាយខ្លះនោះ រឿងនេះតូចតាចទេ បើថាភ័យខ្លាចអ្នកស្រលាញ់ មិនហ៊ានទិញឡាន Rolls Royce ឲ្យជិះ មិនហ៊ានទិញវីឡា ឲ្យនៅ ទើបជារឿងធំ។ យ៉ាងណា មុនត្រូវគេវាយប្រហារ និងចោទថាជាស្រី «មុខលុយ» ជីហ្ស័ង មិនធ្លាប់មានរឿងអាស្រូវស្នេហាទេ តែនាងធ្លាប់បង្ហាញភាពស្និទ្ធស្នាលជាមួយតារាសម្ដែង លោកហេង ស័ក្ដា ប៉ុន្ដែដំណឹងនេះបានស្ងប់ ស្ងាត់ទៅវិញ ក្រោយប្រុសសង្ហា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ហើយនាងក៏ទៅចូលរួមដែរ ។


តារាមួយចំនួន ស្នើសុំឲ្យអ្នកលេងបណ្ដាញសង្គម ផ្អាកវិភាគលើសម្តីរបស់ជីហ្ស័ង អំឡុងនាងកំពុងតែកាន់ទុក្ខនេះ ព្រោះនាងថា នឹងលាងជម្រះរឿងនេះ ក្រោយបញ្ចប់ការធ្វើបុណ្យសពយាយទូត រួចរាល់ ៕


