ធនាគារ៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានថ្លែងកាលពីម្សិលមិញថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានអនុម័តយល់ព្រមតាមសំណើរបស់អ្នកដាក់ពាក្យចូលជាសមាជិករបស់ធនាគារនេះដែលមកពី១៣ប្រទេសជុំវិញពិភពលោក នាំឲ្យ AIIB មានសមាជិកសសរុបចំនួន៧០ប្រទេស។
នេះគឺជាលើកកទី១ហើយដែលធនាគារអភិវឌ្ឍន៍ពហុភាគីមួយនេះបានស្វាគមន៍សមាជិកថ្មីគិតចាប់តាំងពីការចាប់ផ្តើមដំណើរការរបស់ខ្លួន។
ការអនុម័តបញ្ចូលសមាជិកថ្មីនេះគឺមានក្នុងតំបន់ចំនួន៥រួមមាន អាហ្វហ្គានីស្ថានអាមេនី ហ្វីជី ហុងកុងនិងទីម័រខាងកើត ៨មកពីក្រៅតំបន់មាន ប៊ែលហ្ស៊ិក កាណាដា អេចូពី ហុងគ្រី អៀរឡង់ ប៉េរូ ស៊ូដង់និងវេណេស៊ុយអេឡា ។
ប្រធានធនាគារ AIIB លោក Jin Liqun បានថ្លែងថាផលប្រយោជន៍ក្នុងការចូលរួមជាមួយនិង AIIB ពីសំណាក់ប្រជាជាតិជុំវិញពិភពលោកគឺបង្ហាញច្បាស់ថាគឺជាការរីកចំរើនយ៉ាងលឿនដែលយើងបានធ្វើឡើងដើម្បីបង្កើតធនាគារនេះឲ្យទៅជាគ្រឹះស្ថានអន្តរជាតិមួយ ។
លោកបន្តថាខ្ញុំមានមោទនភាពខ្លាំងណាស់ដែល បច្ចុប្បន្ន AIIB មានសមាជិកជាច្រើនមកពីគ្រប់ទ្វីប ហើយយើងបានប៉ាន់ស្មានទុកនូវការដាក់ពាក្យសុំថែមទៀតដែលកំពុងត្រូវបានពិចារណាដោយក្រុមប្រឹក្សាភិបាលរបស់យើងនៅចុងឆ្នាំនេះ ។
គួរបញ្ជាក់ថា AIIB មានប្រជាជាតិចំនួន៥៧ជាហត្ថលេខីក្នុងការបង្កើតធនាគារនេះឡើងក្នុងឆ្នាំ២០១៥ ជាងនេះទៅទៀត AIIB ដាក់ទិសដៅផ្តល់នូវហិរញ្ញវត្ថុដើម្បីដល់បណ្តាប្រទេសត្រូវការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងអាស៊ី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា