ហ្វីលីពីន៖ មន្ត្រីយោធាម្នាក់បានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថាទាហានហ្វីលីពីនបានជួយសង្គ្រោះជនជាតិម៉ាឡេស៊ីពីរនាក់ដែលត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំងអស់រយៈពេល៨ខែដោយក្រុមបក្សពួកអាយស៊ីសអាប៊ូសាយ៉ាស ។
លោកឧត្តមសេនីយ៍ទោ Carlito Galvez Jr., មេបញ្ជាការនៃទីបញ្ជាការកងទ័ព Western Mindanao បានថ្លែងថាជនរងគ្រោះឈ្មោះ Tayudin Anjut អាយុ៤៥ឆ្នាំនិងឈ្មោះ Bin Sumas អាយុ៦២ឆ្នាំត្រូវបានសង្គ្រោះនៅលើដែនទឹកឆ្ងាយពីកោះ Pata ក្នុងខេត្តភាគខាងត្បូង Sulu ។
លោក Galvez បានថ្លែងថាអ្នកទាំងពីរនេះស្ថិតក្នុងចំណោមជនជាតិម៉ាឡេស៊ី៥នាក់ដែលជាយានិកមកតាមនាវាត្រូវក្រុមសកម្មប្រយុទ្ធចាប់បានកាលពីខែកក្កដាឆ្នាំទៅនៅរដ្ឋ Sabah របស់ម៉ាឡេស៊ី។
លោកបន្តថាក្រុមនេះពិតមែនតូចតែជាក្រុមអាប៊ូសាយ៉ាសដែលប្រើហិង្សា និងបានឈរជើងនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីនដែលគេស្គាល់ថាជាពួកចាប់ជំរិត កាត់ក្បាលមនុស្ស បំផ្ទុះគ្រាប់បែកនិងកំហែងយកប្រាក់ដ៏សាហាវព្រៃផ្សៃ ។ ពួកនេះត្រូវបានគេជឿជាក់ថាគ្មានករណីចាប់ជំរិតណាមួយត្រូវបានដោះលែងដោយគ្មានការបង់ប្រាក់លោះដល់ពួកគេនោះឡើយ ។
គួរកត់សម្គាល់ថាកាលពីព្រឹកមិញនេះប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte សុំជំនួយពីចៅហ្វាយក្រុងក្នុងតំបន់ភាគខាងត្បូងដែលសម្បូរជនមូស្លីមឲ្យដោះស្រាយជាមួយនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឬអាយស៊ីស ហើយលោកថែមទាំងបានគំរាមដាក់តំបន់នោះក្នុងច្បាប់អាជ្ញាសឹកប្រសិនបញ្ហាមិនត្រូវបានផ្តួលរលំឬដោះស្រាយទេនោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា