បារ៉ែន៖ ទីភ្នាក់ងារព័ត៌មានបារ៉ែនរាយការណ៍ថាតុលាការបារ៉ែនកាលពីថ្ងៃព្រហស្បត្តិ៍នេះបានកាត់ទោសប្រហារជីវិតជនសង្ស័យ៣នាក់ក្នុងចំណោម១៧នាក់ ពីបទបង្កើតក្រុមភេរវកម្មមួយក្នុងប្រទេស។
ក្នុងចំណោមជនសង្ស័យ១៤នាក់ទៀត មាន៤នាក់ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារមួយជីវិត និង៨នាក់ជាប់១៥ឆ្នាំ រីឯ២នាក់ទៀតជាប់ពន្ធនាគារ១០ឆ្នាំ ។
យោងតាមសាលក្រមរបស់តុលាការ ចុងចោទបានបង្កើតនិងចូលរួមជាមួយនិងក្រុមភេរវកម្មដ៏គ្រោះថ្នាក់មួយដែលផលិតគ្រឿងផ្ទុះនិងអាវុធហើយបានប្រើប្រាស់ពួកគេប្រឆាំងនិងប៉ូលិសក្នុងសកម្មភាពភេរវកម្មនៅតំបន់ Northern Governorate ប្រទេសបារ៉ែន។
អ្នកទោសទាំងនេះបានប្រើប្រាស់អាវុធក្នុងធ្វើកម្លាំងសន្តិសុខរបួសធ្ងន់ធ្ងរហើយថែមទាំងធ្វើឲ្យខូចខាតសម្ភារៈផ្សេងៗដើម្បីជំរុញឲ្យមានការភ័យតក់ស្លត់និងបង្កឲ្យកើតមានចលាចលកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជននិងអ្នកតាំងទីលំនៅទីនោះ។ លើសពីនេះទៅទៀតចុងចោទក៏បានបំផ្ទុះគ្រាប់បែកភេរវកម្មក្នុងតំបន់ Al-Qurraayah ដែលបង្កឲ្យកម្លាំងសន្តិសុខសាធារណៈរងរបួសជាច្រើនទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា