ប្រេង៖ យោងតាមទិន្នន័យពីរដ្ឋបាលពន្ធគយទូទៅចិនបង្ហាញថាប្រទេសកាលពីខែកុម្ភះកន្លងមកនេះបាននាំចូលប្រេងឆៅចំនួន៦៥៧.៩០០បារ៉ែលក្នុងមួយថ្ងៃពីប្រទេសផលិតប្រេងអ៊ីរ៉ង់ កើនឡើង១៨%ពីមួយឆ្នាំទៅមួយឆ្នាំ ។
ប្រភពពីមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនិងឧស្សាហកម្មបានឲ្យដឹងថាការនាំចូលប្រេងឆៅអ៊ីរ៉ង់របស់ចិនអាចនឹងកើនឡើងក្នុងឆ្នាំនេះ ស្របពេលដែលបណ្តាក្រុមហ៊ុនប្រេងរដ្ឋបានបង្កើនការនាំចូលប្រេងឆៅកាន់តែច្រើនតាមរយៈការវិយោគនៅបរទេសរបស់ពួកគេជាមួយនិងការពង្រីកកិច្ចសន្យាផ្គត់ផ្គង់ថ្មីរបស់ពួកគេ ។
ទិន្នន័យពន្ធគយបានបញ្ជាក់ថាបណ្តាក្រុមហ៊ុនចិនត្រូវបានគេរំពឹងថានឹងបង្កើនការនាំចូលប្រេងអ៊ីរ៉ង់បន្ថែមចន្លោះពី៣លានទៅ៤លានបារ៉ែលក្នុងមួយត្រីមាសក្នុងឆ្នាំ២០១៧បើប្រៀបធៀបនឹងឆ្នាំ២០១៦ ។ ខណៈតួលេខនេះនឹងធ្វើឲ្យមានកម្រិតខ្ពស់ជាងមុន៦២០.០០០បារ៉ែលក្នុងមួយថ្ងៃនៃប្រេងក្នុងប្រទេសចិនដែលបាននាំចូលអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០១៦ ។
គួរកត់សម្គាល់ថាអ៊ីរ៉ង់ជាសមាជិកមួយក្នុងចំណោមបណ្តាប្រជាជាតិអ្នកនាំចេញប្រេងរបស់អង្គការ OPEC ដែលបានទទួលបានការលើកលែងពីការកាត់បន្ថយផលិតកម្មរបស់ OPEC កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ហើយអាចបង្កើនទិន្នផលប្រេងរបស់ខ្លួនបានច្រើនជាងមុនបន្តិចផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា