Friday, April 24, 2026
Homeតារាខ្មែរសុខ សោម៉ាវត្តី ប្រកែកស្នេហ៍ប្រុសក្មេង

សុខ សោម៉ាវត្តី ប្រកែកស្នេហ៍ប្រុសក្មេង

ភ្នំពេញ ៖ សុខ សោម៉ាវត្តី បានគ្រងឈុតកូនក្រមុំដ៏ស្រស់ស្អាត ថតកៀកកើយគ្នាជាមួយកូនកំលោះ ជាប្រុសក្មេងម្នាក់ ដូចសកម្មភាពថត Pre-Wedding គូស្នេហ៍ត្រៀមដឹកដៃគ្នាចូលរោងការដែរ។ ក្នុងឈុតស្បៃ សោម៉ាវត្តី បានធ្វើឲ្យគេចាប់អារម្មណ៍ថា នាងនៅតែមានរូបសម្រស់ស្អាតផូរផង់ ហើយត្រូវកំលោះក្មេង ឈ្មោះ Hak នោះ ថើបថ្ពាល់នាងថ្នមៗ ។ Fan របស់សោម៉ាវត្តី ជាច្រើន ជំរុញឲ្យនាងឆាប់អូសដៃកូនកំលោះ រៀបការឲ្យឆាប់ៗទៀតផង ព្រោះទុកយូរ នាំជូរផ្អូម ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ពិធីការិនី សុខ សោម៉ាវត្តី បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» លាយឡំសំណើចថា បុរសនោះ មិនមែនជាគូជីវិតថ្មីរបស់នាងទេ ដោយនាងចាត់ទុកគេគ្រាន់តែជាពួកម៉ាក ។ សោម៉ាវត្តី ថានាងនិងបុរសនោះ ជាអ្នកស្គាល់គ្នា ឬមិត្តភក្ដិ ហើយគេបើកសម្អាងការនៅខេត្តសៀមរាប ទើបបានជានាងនិងថៅកែវ័យក្មេងនោះ ថតឈុតប្រពៃណី ផ្សព្វផ្សាយសម្អាងការ និងឈុតប្រ ពៃណីខ្មែរ ជាមួយគ្នា។ នាងថា​ ជាធម្មតាទេ ការថត មានប្លង់ឆ្វេងស្ដាំអ៊ីចឹងហើយ ទៅតាមជាងថត តម្រូវហើយប្រាកដណាស់ ក្រោយថតចប់ នាងនិងបុរសនោះ គ្មានអ្វីទំនាក់ទំនាក់គ្នាជាពិសេសទេ គឺនៅតែជាមិត្តភក្ដិដ ដែល ។

វាចារបស់សុខ សោម៉ាវត្តី បែបនេះធ្វើឲ្យអ្នកគាំទ្រនាង មិនតិចទេ ដែលខកចិត្ត ព្រោះពួកគេមិនចង់ឃើញនាងទុកជីវិតជាស្រ្ដីមេម៉ាយ យូរឆ្នាំជាងនេះឡើយ ហេតុនេះទើបគ្រាន់តែឃើញនាងដឹកដៃប្រុសក្មេង ថតឈុតរៀប ការ ម្នាក់ៗខម្មិនអបអរសាទរ (Congratulation) គ្រប់គ្នា ប៉ុន្ដែពេលនេះ វត្តី បែរជាថានោះ មិនមែនមែនទែនសម្រាប់នាងក្នុងការត្រៀមខ្លួនរៀបការម្ដងទៀតឡើយ ។ ពិធីការិនីរូបនេះថា នាងបានផ្អាកថតសម្អាងការ ជា ច្រើនឆ្នាំមកហើយ តែពេលនេះ រំលឹកវិជ្ជាគុណចាស់ ប៉ុន្ដែដោយសារខានយូរពេក ទើបលើកនេះនាងមានអារ ម្មណ៍រាងផ្អើលៗ អត់ទាន់ស៊ាំដូចមុន ។ ចំណែករឿងនាងជាមួយថៅកែសម្អាងការនោះ ដោយសារតែនាងនិងបុរសនោះស្និទ្ធគ្នាខ្លាំង ទើបបានជាមានគេច្រឡំថា ជាគូស្នេហ៍ តាំងពីមុននាងនិងបុរសនោះ ថតជាមួយគ្នា ។

គួរបញ្ជាក់ថា សុខ សោម៉ាវត្តី បានផ្អាកថតសម្ដែងភាពយន្ដ MV និងស្ពត សម្អាងការ ជាច្រើនឆ្នាំមកហើយ ដែលពេលនេះ នាងនៅតែផ្ដោតលើការពង្រឹងអាជីពជាពិធីការិនីនៅប៉ុស្ដិ៍បាយ័ន ប៉ុណ្ណោះ។ ប៉ុន្ដែវត្តី ដែលមានអាយុជាង៣០ឆ្នាំ និងមានកូនស្រី អាយុជាង១០ឆ្នាំម្នាក់នោះ នៅតែមានសម្រស់គួរឲ្យក្នាញ់។

សុខ សោម៉ាវត្តី  ប្រាប់ថា «ខ្ញុំខានថតស្ពតសម្អាងការ និងស្ពតផ្សេងៗ រួមទាំងភាពយន្ដជាច្រើនឆ្នាំមកហើយ ។ ចំពោះបញ្ហា គឺមកពីខ្ញុំរវល់ មិនមានពេលគ្រប់គ្រាន់ ព្រោះការងារខ្លះត្រូវចុះតាមខេត្ត ។ ម្យ៉ាងខ្ញុំក៏អាយុច្រើនដែរហើយ អ៊ីចឹងបច្ចុប្បន្ន ខ្ញុំផ្ដោតតែលើការធ្វើពិធីការិនីនៅបាយ័ន  និងតាមក្រុមហ៊ុន Agency ទូទៅប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់ការងារស្ពតនេះ គឺខ្ញុំនៅតែទទួលថតទូទៅ ហើយយើងនឹងធ្វើទៅតាមពេលវេលា គឺមានតែការថតរឿងទេ ដែលពេលនេះខ្ញុំមិនទាន់ទទួលថតវិញទេ»។          

គួររំលឹកថា សុខ សោម៉ាវត្តី បានប្រើជីវិតជាស្រ្ដីមេម៉ាយកូន១ រយៈពេល ១២ឆ្នាំមកហើយ ក្រោយចែកផ្លូវជាមួយអតីតប្ដី លោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ។ មន្ដស្នេហ៍អ្នកមេម៉ាយកូន១ ឈ្ងុយដូចដូងដុតរូបនេះ ពិតជាមិនធម្មតាទេ ព្រោះមានបុរសទាំងក្នុងនិងក្រៅស្រុក ជាច្រើន ចង់ចូលខ្លួនធ្វើជាអ្នកស្អំរបួសបេះដូងនាង ប៉ុន្ដែវត្តី បែរជាទៅភ្ជាប់ស្នេហាជាមួយប្រុសក្មេង កីឡាករបាល់ទាត់ លី វ៉ាហេទ អស់រយៈពេល៥ឆ្នាំ ទើបចែកផ្លូវ គ្នារក្សា ភាពស្ងៀមស្ងាត់រៀងៗខ្លួន កាលពីឆ្នាំ២០១៧ ទៅវិញ ។​ មុនដឹកដៃថៅកែក្មេង ថតឈុតអាពាហ៍ពិ ពាហ៍នេះ សោម៉ាវត្តី ក៏ធ្លាប់ត្រូវបានគេសង្ស័យថា នាងបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយថៅកែវ័យចំណាស់ ម្ចាស់ហាងថតរូប Pre-Wedding ល្បីឈ្មោះ ១ដែរ ប៉ុន្ដែពួកគេមិនដែលថតឈុតកូនកំលោះក្រមុំ ដូចជាមួយថៅកែ សម្អាងការនៅសៀមរាប នេះឡើយ៕

RELATED ARTICLES