ភ្នំពេញ ៖ សុខ ពិសី ត្រូវបានគេជជែកច្រើនទៅលើរូបសម្រស់របស់នាង ពិសេសគឺខ្ទង់ច្រមុះ កាន់តែតូច ខ្ពស់និងស្រួច ដែលការប្រែប្រួលនេះ បន្ទាប់ពីនាងបានចេញទៅដើរកម្សាន្ដនៅបរទេស រយៈពេលជិត ១ខែ ហើយឆ្លៀតកែច្រមុះថ្មី តាំងពីមុនថ្ងៃចូលឆ្នាំខ្មែរ ទើបវិលវិញកាលពីចុងខែមេសា ។ ទោះជាយ៉ាងណា ការលេចឮថា ពិសី កែច្រមុះ វាមិនមែនជាលើកទី១នោះទេ ពោលគឺជាញឹកញាប់ណាស់ហើយ ប៉ុន្ដែនាងមិនដែលទទួលស្គាល់ថា បានកែត្រង់ចំណុចណាមួយនៃរូបរាងកាយម្ដងណាឡើយ ខណៈដែលក្រៅពីច្រមុះ នៅផ្នែកផ្សេងទៀតរបស់ពិសេសទម្រង់មុខ ក៏ត្រូវបានគេសង្ស័យថានាងបានកែដែរ ។

គួរបញ្ជាក់ថា មុនសុខ ពិសី បង្ហាញខ្ទង់ច្រមុះថ្មីនេះ ចំពេលថ្មីៗនេះ ស្រីស្អាត ណា សាឌី ក៏បានហោះទៅកែច្រមុះ ដល់ប្រទេសកូរ៉េខាងត្បូង ដោយចំណាយលុយដល់ទៅ ១៥០០០ដុល្លារ។ សម្រាប់ពិសី មិនទាន់មានព័ត៌មានពីតម្លៃនៃការចំណាយលុយធ្វើច្រមុះរបស់នាង ថាអស់ប៉ុន្មានទេ ព្រោះនាងមិនដែលសារភាពទាក់ទងកែសម្រស់។ ប៉ុន្ដែគេចាប់អារម្មណ៍ថា កែច្រមុះរួច ពិសី មានយីអ៊ុនល្អជាងមុន ពោលគឺចេញច្រៀងតាមក្លឹប និង Pub ជាបន្ដបន្ទាប់ ដែលធ្វើឲ្យប្រាក់ចំណូលរបស់នាង នៅតែខ្ពស់ ក្រោយខាតលុយធំ ជិត១ខែ អស់រាប់ម៉ឺនដុល្លារដោយសារតែជះលុយដើរលេងនៅបរទេស សាកថ្មជីវិត។

មានការកត់សម្គាល់ថា ក្រៅពីសុខ ពិសី មានតារាប្រុសស្រីជាច្រើន បានជ្រើសវិធីកែច្រមុះ ដើម្បីឲ្យសម្រស់កាន់តែកើនឡើងមួយកម្រិតទៀត ក្នុងនោះមានដូចជា មាស សុខសោភា, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, នី មុនីនាថ និងគៀត សុវណ្ណាឡាង ជាដើម។ ប៉ុន្ដែក្នុងនោះ អ្នកហ៊ានសារភាពថា ពិតជាបានកែច្រមុះ គឺមានតែ តន់ ច័ន្ទសីម៉ា ពេជ្រ សោភា (កែខ្ទង់ច្រមុះ ) និងណា សាឌី ប៉ុណ្ណោះ ។ ចំពោះពិសី បន្ទាប់ពីកែច្រមុះ លើកនេះរួច គេជឿថា នាងនឹងពេញចិត្ត ហើយនឹងមិនកែចំណុចផ្សេងណាទៀតឡើយ ព្រោះ Fan ខ្លះថា ពួកគេស្រ លាញ់ពិសី ស្អាតតាមបែបធម្មជាតិ ដូចកាលច្រៀងដំបូងនៅ KH ច្រើនជាង ។

សុខ ពិសី បានបានរក្សាតំណែងជាតារាស្រីលំដាប់ជូរមុខ ឬតួឯក របស់ផលិតកម្ម សាន់ដេ ជាង១០ឆ្នាំហើយ ប៉ុន្ដែនៅឆ្នាំ២០២៦ នេះកៅអីនាងអាចរង្គើ ប្រសិនបើថៅកែ ឡង់សេតារាចំណូលថ្មី ប៉ាច គីមមួយ ឲ្យបទចេញ ច្រើន ។ ប៉ុន្ដែរឿងនេះ ពិបាកទៅរួច ប្រសិនបើចំណងស្នេហាពិសី ជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេ នៅតែរឹងដូចថ្ម ព្រោះជាង ១ទសវត្សមកនេះ អ្នកទាំងពីរបានយល់ចិត្តគ្នាច្បាស់ គ្រាន់តែមិនដែលទទួល ស្គាល់ស្នេហ៍ប៉ុណ្ណោះ ទើបនាំឲ្យចំណងស្នេហាពួកគេ គ្មានដំណឹងចូលរោងការបែបនេះ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា សុខ ពិសី ទោះជាអាយុ ៣៦ឆ្នាំហើយក្ដី ប៉ុន្ដែនាងនៅតែចង់រក្សាតំណែងជាតារាចម្រៀងស្រីរូបស្អាតដាច់គេដដែល ហេតុនេះ ការកែច្រមុះលើកនេះ មិនមែនជាលើកចុងក្រោយឡើយ។ យ៉ាងណា ពិសី អាចនឹងធ្លាក់កូដវិញ ប្រសិនបើផ្ដោតលើសម្រស់ ជាងចេញបទចម្រៀងថ្មី ព្រោះសិស្សប្អូន អ៊ីវ៉ា និងប៉ាច គីមមួយ ពួកគេមានសមត្ថភាពមិនចាញ់នាងទេ ពោលគឺឲ្យតែធ្វើបទត្រូវ នឹងល្បី ឬអាចវ៉ានាងបានទៀតផង ។

សុខ ពិសី បានដើរកម្សាន្ដនៅក្រៅប្រទេស ជាញឹកញាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលប្រទេស មានបញ្ហា ដូចជា ជំងឺកូវីដ និងជម្លោះព្រំដែន បង្កដោយចោរសៀម នោះ នាងតែងតែចេញមុខបរិច្ចាគ ប្រាក់ ជាបន្ដបន្ទាប់។ អតីតតារា KH និង Nice Star រូបនេះ ត្រូវបានឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោ ធា ជំរុញឲ្យនាងរៀបការ ជាច្រើនឆ្នាំហើយ តែពិសី បែរជាថា រឿងយកប្ដីសី នាងមិនប្រញាប់ និងថា ទោះជាគ្មានប្ដី ក៏នាងមិនស្លាប់ដែរ ។ ការតាំងចិត្តបែបនេះ របស់ពិសី ធ្វើឲ្យឪពុកនាង មិនសូវសប្បាយចិត្តទេ បើទោះ ជាលោកបានផ្ដល់សិទ្ធិឲ្យនាងអាចជ្រើសរើសគូស្រករ ដោយខ្លួនឯងក៏ដោយ ៕