សេដ្ឋកិច្ច៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (Jokowi) បានសំដែងភាពសុទិដ្ឋិនិយមថាឥណ្ឌូណេស៊ីនឹងប្រែក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី៤លើពិភពលោកក្នុងឆ្នាំ២០៤៥ ។
លោក Jokowi បានថ្លែងថាការព្យាករបែបនេះគឺផ្អែកលើការគណនាដែលធ្វើឡើងដោយការិយាល័យរដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច ក្រុមប្រឹក្សារៀបចំគម្រោងអភិវឌ្ឍន៍ជាតិនិងក្រសួងហិរញ្ញវត្ថុ។
លោកបន្តថាផ្អែកតាមការគណនារបស់យើង ឥណ្ឌូណេស៊ីនឹងប្រែក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី៤លើពិភពលោក ។ ខ្ញុំជឿជាក់ថាការគណនាខាងលើគឺត្រូវបានធ្វើឡើងដោយអ្នកជំនាញសេដ្ឋកិច្ច ។ អ្នកជំនាញទាំងនោះគឺសំដៅលើរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati និងរដ្ឋមន្ត្រីសម្របសម្រួល សេដ្ឋកិច្ចលោក Darmin Nasution ។
អ្នកទាំងពីរគឺសុទ្ធសឹងតែជាសេដ្ឋវិទូលំដាប់ថ្នាក់ពិភពលោក ។ ខ្ញុំមិនមែនជាអ្នកដែលធ្វើការគណនា ឬវាយតម្លៃអំពីតួលេខនោះឡើយ ។
លោក Jokowi បានថ្លែងថាការវាយតម្លៃរបស់គណៈរដ្ឋមន្ត្រីបានបង្ហាញថានៅឆ្នាំ២០៤៥ ឥណ្ឌូណេស៊ីនឹងដល់អាយុកាលឆ្នាំទី១០០នៃការទទួលបានឯករាជ្យរបស់ខ្លួន ហើយឥណ្ឌូណេស៊ីនឹងមានអត្រាប្រជាជន៣០៩លាននាក់ កំណើនសេដ្ឋកិច្ច៦% និងផលិតផលក្នុងស្រុកសរុប(GDP) ៩,១ទ្រីលានដុល្លារ ។
ជាងនេះទៅទៀតចំណូលក្នុងមនុស្សម្នាក់របស់ឥណ្ឌូណេស៊ីត្រូវបានគេព្យាករទុកថានឹងមានចំនួន២៩.០០០ដុល្លារ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា