យេម៉ែន៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានថ្លែងប្រាប់ស៊ីនហួរថាកងទ័ពយេម៉ែនដែលបានទទួលការហ្វឹកហ្វឺនថ្មីៗនេះចាប់បានមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់សាខាអាល់កៃដានៅភាគអាគ្នេយ៍ប្រទេសយេម៉ែនកាលពីព្រឹកថ្ងៃអង្គារ ។
មន្ត្រីដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះរូបនោះបានឲ្យដឹងទៀតថាកងកម្លាំងបានបើកប្រតិបត្តិការយោធាប្រឆាំងភេរវកម្មនិងវាយលុកចូលលំនៅឋានមួយដែលស្ថិតនៅភូមិលើខ្នងភ្នំមួយកន្លែងនៃខេត្ត Hadramout ដែលមានការផ្ទុះអាវុធដាក់គ្នាក្នុងពេលដ៏ខ្លីជាមួយក្រុមភេរវករនៅទីនោះ។
ក្នុងអំឡុងពេលឆ្មក់ចូលទាហានប្រឆាំងភេរវកម្មយេម៉ែនបានវាយបង្ក្រាបពួកភេរវករនិងចាប់ខ្លួនបានមេដឹកនាំជាន់ខ្ពស់របស់ពួកគេដែលមានឈ្មោះ Abu Ali al- Sayari ជាជនជាតិអារ៉ាប៊ីសាអូឌីតដើមកំណើតយេម៉ែន។
ជាមួយគ្នានោះដែរភ្នាក់ងារអាល់កៃដា៣នាក់ទៀតត្រូវបានឃាត់ខ្លួនហើយភេរវករ៥នាក់ដែលពាក់ព័ន្ធនៅក្នុងការប្រយុទ្ធគ្នានេះត្រូវបានសម្លាប់នៅនឹងកន្លែង។
មន្ត្រីស៊ើបការណ៍សម្ងាត់យេម៉ែនម្នាក់បានអះអាងថាបុរសដែលចាប់បានរូបនេះជាមេដឹកនាំជាន់ខ្ពស់បំផុតទី២ក្នុងបណ្តាញភេរវកររបស់ក្រុមអាល់កៃដាក្នុងខេត្ត Hadramout ហើយការចាប់បាននេះដែរគឺជាជ័យជំនះដ៏ធំមួយដែលធ្វើឡើងដោយកងកម្លាំងទើបតែទទួលបានការហ្វឹកហាត់ថ្មីប្រឆាំងនិងក្រុមភេរវកម្ម។
គួរកត់សម្គាល់ថាយេម៉ែនគឺជាប្រទេសតំបន់អារ៉ាប់ដែលមានជីវភាពក្រីក្រមួយហើយត្រូវបានគេចាប់យកជាតំបន់មួយក្នុងចំណោមមូលដ្ឋាននៃការធ្វើកុបកម្មដ៏សំខាន់ជាងគេក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា