Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទ័ព​យេម៉ែន​ចាប់បាន​​មេបញ្ជាការ​​ជាន់​ខ្ពស់​​ក្រុមអាល់​កៃដា

ទ័ព​យេម៉ែន​ចាប់បាន​​មេបញ្ជាការ​​ជាន់​ខ្ពស់​​ក្រុមអាល់​កៃដា

យេម៉ែន៖ មន្ត្រីរដ្ឋាភិបាល​ម្នាក់បានថ្លែងប្រាប់​ស៊ីនហួរថា​កងទ័ព​យេម៉ែន​ដែល​បា​ន​ទទួលការហ្វឹកហ្វឺន​ថ្មីៗនេះចាប់បាន​មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​សាខា​អា​ល់​​កៃដានៅ​ភាគ​អាគ្នេយ៍​ប្រទេស​យេម៉ែន​កាលពីព្រឹកថ្ងៃអង្គារ ។

មន្ត្រី​ដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះ​រូបនោះ​បាន​ឲ្យ​ដឹងទៀតថា​កងកម្លាំង​បាន​បើកប្រតិបត្តិការ​យោធាប្រឆាំង​ភេរវកម្ម​និង​វាយលុក​ចូល​លំនៅឋាន​មួយ​ដែ​ល​ស្ថិតនៅ​ភូមិ​​​​លើ​ខ្នង​ភ្នំ​មួយ​កន្លែង​នៃខេត្ត Hadramout ​ដែលមានការផ្ទុះ​អាវុធ​ដាក់​គ្នា​ក្នុងពេលដ៏ខ្លី​ជាមួយ​ក្រុមភេរវករ​នៅទីនោះ។

ក្នុងអំឡុងពេល​ឆ្មក់​ចូល​ទាហាន​ប្រឆាំងភេរវកម្ម​យេម៉ែនបាន​វាយ​បង្ក្រាប​ពួក​ភេរ​វករ​និងចាប់ខ្លួន​បាន​មេដឹកនាំជាន់ខ្ពស់របស់ពួកគេ​ដែលមាន​ឈ្មោះ Abu Ali al- Sayari ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដើមកំណើត​យេម៉ែន។

ជាមួយគ្នានោះដែរ​ភ្នាក់ងារអាល់កៃដា​៣នាក់ទៀត​ត្រូវបាន​ឃាត់ខ្លួន​ហើយ​ភេរវ​ក​រ​​៥នាក់​ដែល​ពាក់ព័ន្ធនៅក្នុងការ​ប្រយុទ្ធគ្នា​នេះ​ត្រូវបានសម្លាប់​នៅនឹងកន្លែង​។

មន្ត្រី​ស៊ើបការណ៍សម្ងាត់​យេម៉ែនម្នាក់​បានអះអាង​ថា​បុរស​ដែលចាប់បាន​រូបនេះ​ជា​មេដឹកនាំជាន់ខ្ពស់បំផុតទី​២​ក្នុងបណ្តាញ​ភេរវកររបស់ក្រុមអាល់កៃដា​ក្នុង​ខេត្ត Hadramout ហើយ​ការ​ចាប់បាន​​នេះដែរ​គឺជា​ជ័យជំនះ​ដ៏​ធំមួយ​ដែលធ្វើឡើង​ដោ​យ​​កងកម្លាំងទើបតែទទួលបានការហ្វឹកហាត់ថ្មីប្រឆាំងនិង​​ក្រុមភេរវកម្ម​។

គួរកត់សម្គាល់ថា​យេម៉ែន​គឺជា​ប្រទេស​តំបន់​អារ៉ាប់​ដែល​មាន​ជីវភាព​ក្រីក្រមួយ​​ហើយ​ត្រូវបាន​គេ​ចាប់យក​ជា​តំបន់​​មួយ​ក្នុងចំណោម​មូលដ្ឋាន​​នៃការ​ធ្វើកុបកម្ម​ដ៏​សំខាន់​ជាង​គេក្នុងតំបន់​មជ្ឈិមបូព៌ា។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES