បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិតនិង១៤នា ក់នៅតែបាត់ខ្លួនបន្ទាប់ពីមានទូកមួយគ្រឿងដែលមានផ្ទុកមនុស្សយ៉ាងច្រើនបានលិចចូលទន្លេ Panguchi ក្នុងស្រុក Bagerhat របស់បង់ក្លាដែសដែលស្ថិតនៅចម្ងា យ១៧៨គីឡូម៉ែត្រនៃភាគខាងនិរតីរដ្ឋធានីដាកាកាលពីព្រឹកថ្ងៃអង្គារ ។
មេប៉ូលិសស្រុកខាងកើតហេតុលោក Pankaj Chandra Roy បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរតាមទូរស័ព្ទថាទូកដែលមានផ្ទុកអ្នកដំណើររហូតដល់ទៅ៧០នាក់បានលិចចូលក្នុងទន្លេនៅវេលាម៉ោង១០និង៣០នាទីព្រឹកក្នុងស្រុកកាលពីថ្ងៃអង្គារ ។
លោកបានបញ្ជាក់ថាសាកសពស្រ្តី៣នាក់និងកុមារម្នាក់ត្រូវបានស្រង់ចេញពីទឹករួចរាល់ហើយ។ លោកបន្ថែមថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងស្រាវជ្រាវរុកអ្នកដែលបាត់ខ្លួនគឺស្ថិតក្រោមការចេញប្រតិបត្តិការរបស់ក្រុមជ្រមុជទឹករបស់ទាហានជើងទឹកបង់ក្លាដែស និងទីភ្នាក់ងារការពារជនស៊ីវិលនិងសេវាពន្លត់អគ្គីភ័យ។
យ៉ាងហោចណាស់មានមនុស្ស១៤នាក់នៅតែបាត់ខ្លួននៅឡើយ ។ មន្ត្រីប៉ូលិសនិងអង្គភាពជួយសង្គ្រោះបានថ្លែងថាមនុស្សប្រមាណជា៥០នាក់បានហែលទឹកសំដៅទៅរកច្រាំងទន្លេស្របពេលដែលទូកដែលមានផ្ទុកមនុស្សច្រើនលើសលុបមួយគ្រឿងលិចចូលទន្លេដោយសារតែរលកបោកបក់ខ្លាំង។
សូមបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារការពារជនស៊ីវិលនិងសេវាពន្លត់អគ្គីភ័យរបស់បង់ក្លាដែសបានថ្លែងថាទូកដែលជួបគ្រោះអកុសលនេះត្រូវបានគេស្រង់ចេញពីទន្លេនិងបាននាំយកមកកាន់ច្រាំងទន្លេហើយ មិនតែប៉ុណ្ណោះលោកលើកឡើងថាឧប្បត្តិហេតុនេះគឺដោយសារតែការផ្ទុកមនុស្សលើសចំណុះទើបលិចចូលក្នុងទន្លេតែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា